
ការលោត ដោយសេចក្តីជំនឿ
ដោយMarvin Williams
September 30, 2025
អេភេសូរ ២:១-១០
ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្ដីជំនឿ។ អេភេសូរ ២:៨
នាវិកជនជាតិបារាំងម្នាក់ បានជិះទូកក្តោងជាមួយសត្វឆ្មារបស់គាត់ ពីកំពង់ផែដាច់ មានទីតាំងនៅកោះមួយ ក្នុងភាគខាងត្បូងនៃរដ្ឋអាឡាស្កា ទៅកាន់ទីក្រុងសាន់ឌីអេហ្គោ រដ្ឋកាលីហ្វូញ៉ា។ ទូកក្តោងរបស់គាត់ក៏បានក្រឡាប់ ដោយសារទឹករលកដ៏ធំសម្បើមមួយ។ ទូកក្តោងនោះក៏បានត្រឡប់ខ្លួន ហើយអណ្ដែតជាធម្មតាឡើងវិញ ដោយខ្លួនឯង ប៉ុន្តែ នាវិករូបនោះបានបាត់ចង្កូត និងខ្សែសម្រាប់ចងក្តោង ដោយសារការក្រឡាប់នោះមានការប៉ះទង្គិចខ្លាំង។ គាត់ក៏បានទាក់ទងឆ្មាំសមុទ្រ ឲ្យបានដឹងអំពីស្ថានភាពដ៏គ្រោះថ្នាក់របស់គាត់ ដោយប្រាប់គេថា គាត់កំពុងតែជាប់គាំងដំណើរ មិនអាចគ្រប់គ្រងទូករបស់គាត់បាន ហើយទូករបស់គាត់ចេះតែរសាត់អណ្ដែតគ្មានគោលដៅ។ ទីបំផុត ពួកឆ្នាំសមុទ្រក៏បានទាក់ទងនាវាជីករ៉ែប្រេងឆៅ នៅក្បែរនោះ ហើយពួកគេក៏បានមកជួយសង្គ្រោះនាវិកនោះ។ ទោះជាយ៉ាងណាក៏ដោយ គាត់នៅតែត្រូវលោតដោយជំនឿ ចេញពីទូករបស់គាត់ ឡើងទៅទូកសង្គ្រោះ ដោយមានសត្វឆ្មារបស់គាត់នៅក្នុងអាវក្រៅរបស់គាត់។
ក្នុងបទគម្ពីរអេភេសូរ ជំពូក២ សាវ័កប៉ុលបានពិពណ៌នា អំពីស្ថានភាពរបស់មនុស្សជាតិដែលមានបាប និងគ្មានសង្ឃឹម ដែលស្លាប់ខាងវិញ្ញាណ និងដាច់ចេញពីព្រះ(ខ.១)។ ជាងនេះទៅទៀត យើងមិនស្តាប់បង្គាប់ព្រះអង្គ(ខ.២) ហើយយើងជាប់ក្នុងសេចក្តីខ្ញាល់ មិនអាចធ្វើអ្វីម្យ៉ាង ដើម្បីបានសង្គ្រោះឡើយ(ខ.៣)។ ប៉ុន្តែ “ដោយសារព្រះគុណព្រះ” ព្រះយេស៊ូវបានបើកផ្លូវឲ្យយើងអាចទទួលសេចក្តីសង្គ្រោះ “ដោយសារសេចក្តីជំនឿ” ហើយសេចក្តីសង្គ្រោះនោះគឺជា “អំណោយមកពីព្រះ”(ខ.៨)។
យើងរាល់គ្នាសុទ្ធតែរសាត់អណ្ដែត នៅក្នុងមហាសមុទ្រនៃបាប និងសេចក្តីស្លាប់ តែសូមសរសើរព្រះអង្គ ដែលយើងមានព្រះអង្គសង្គ្រោះមួយអង្គ ដែលបើកផ្លូវឲ្យយើងអាចលោតចូលទៅក្នុងព្រះពាហុដ៏ជួយសង្គ្រោះ ដោយសេចក្តីជំនឿ។ មានតែព្រះគ្រីស្ទទេដែលអាចសង្គ្រោះយើង និងចម្លងយើងទៅរកកន្លែងមានសុវត្ថិភាព រួចផុតពីសេចក្តីហិនវិនាស។—MARVIN WILLIAMS
តើព្រះយេស៊ូវបានធ្វើអ្វីខ្លះ ដើម្បីឲ្យយើងបានសេចក្តីសង្គ្រោះ? តើហេតុអ្វីសេចក្តីជំនឿ
មានភាពចាំបាច់ ក្នុងការទទួលសេចក្តីសង្គ្រោះ ដែលព្រះអង្គបានប្រទាន?
ឱព្រះយេស៊ូវ សេចក្តីមេត្តា និងសេចក្តីសង្គ្រោះរបស់ព្រះអង្គ បានដឹកនាំទូលបង្គំ ដោយសេចក្តីជំនឿ
ឲ្យលោតចូលទៅក្នុងព្រះពាហុរបស់ព្រះអង្គដែលជួយសង្គ្រោះ។
FOR FURTHER STUDY, READ WHAT’S WRONG WITH THE SINNER’S PRAYER AT DISCOVERODB.ORG.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៩-១០ និង អេភេសូរ ៣