
ចេញពីកន្លែងងងឹត
ដោយWinn Collier
October 1, 2025
អេសាយ ៩:២-៧
ឯបណ្ដាជនដែលដើរក្នុងសេចក្ដីងងឹត គេបានឃើញពន្លឺយ៉ាងធំ។ អេសាយ ៩:២
នាវាសណ្ដោងបានលិច ស្ថិតនៅចម្ងាយប្រហែល៣០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រនៃប្រទេសនីហ្សេរីយ៉ា ដោយក្រឡាប់ផ្កាប់ផ្ងារ ខណៈពេលដែលវាកំពុងលិចចុះទៅបាតសមុទ្រ។ នាវិក១១នាក់បានលង់ទឹកស្លាប់ តែចុងភៅរបស់នាវានេះ គឺលោក ហារីសិន អូចេកបា អូកេនេ(Harrison Odjegba Okene) បានរកឃើញកន្លែងដែលមានខ្យល់ដកដង្ហើម នៅក្នុងនាវានោះ ហើយក៏បានរង់ចាំគេមកជួយសង្គ្រោះ។ គាត់មានតែភេសជ្ជៈកូកាកូឡាមួយកំប៉ុង សម្រាប់ធ្វើជាអាហារ ហើយពិលរបស់គាត់ទាំងពីរគ្រឿងបានអស់ថ្ម ក្នុងរយៈពេល២៤ម៉ោងដំបូង។ ក្នុងរយៈពេល៣ថ្ងៃដ៏រន្ធត់ លោក អូកេនេ បានជាប់នៅក្នុងកន្លែងងងឹតម្នាក់ឯង នៅបាតសមុទ្រ។ ខណៈពេលដែលគាត់ចាប់ផ្តើមបោះបង់ចោលក្តីសង្ឃឹម ក្រុមអ្នកមុជទឹកដែលមានបេសកកម្មស្រង់សាកសព ក៏បានរកឃើញគាត់កំពុងតែអង្គុយឱបជង្គង់ញ័រញាក់ នៅក្នុងកន្លែងដ៏ជម្រៅនៃគ្រោងរបស់នាវា។
យើងប្រហែលជាមានអារម្មណ៍ភ័យខ្លាច នៅពេលដែលយើងស្រមៃអំពីទិដ្ឋភាពរបស់លោក អូកេនេ កំពុងជាប់ខ្លួន នៅក្នុងភាពងងឹតតែម្នាក់ឯង អស់រយៈពេល៦០ម៉ោង។ គាត់បានប្រាប់អ្នកយកព័ត៌មានថា គាត់នៅតែមានសុបិន្ដអាក្រក់ នៅពេលយប់ ដោយសារទុក្ខវេទនាដ៏គួរឲ្យរន្ធត់នេះ។ ប៉ុន្តែ តើអ្នកអាចស្រមៃថា គាត់មានអារម្មណ៍យ៉ាងណា នៅពេលដែលគាត់បានឃើញពន្លឺភ្លើងពិលរបស់អ្នកមុជទឹក កំពុងតែបញ្ចាំងចូលទៅក្នុងភាពងងឹតនៅថ្ងៃនោះ? តើគាត់មានចិត្តត្រេកអរ និងមានក្តីសង្ឃឹមខ្លាំងប៉ុណ្ណា? ហោរា អេសាយ បានថ្លែងទំនាយថា នៅពេលដែលព្រះមែស៊ីយាងចុះមកផែនដី “ឯបណ្ដាជនដែលដើរក្នុងសេចក្ដីងងឹត គេបានឃើញពន្លឺយ៉ាងធំ”(៩:២)។ បើយើងពឹងផ្អែកលើកម្លាំងខ្លួនឯង យើងនៅតែរស់នៅ “ក្នុងសេចក្តីងងឹតដ៏សែនជ្រៅ” តែក្នុងព្រះយេស៊ូវ យើង“មានពន្លឺភ្លឺមកលើ”យើង(ខ.២)។
ព្រះគ្រីស្ទគឺជា “ពន្លឺនៃលោកិយ” ហើយក្នុងព្រះអង្គ យើងមិនចាំបាច់ត្រូវខ្លាចភាពងងឹតទៀតឡើយ ព្រោះយើង “នឹងមានពន្លឺនៃជីវិតវិញ”(យ៉ូហាន ៨:១២)។ យើងប្រហែលមានអារម្មណ៍ជាប់គាំង ឬអស់សង្ឃឹម ឯកោ ឬធ្លាក់ទឹកចិត្ត ប៉ុន្តែ ព្រះទ្រង់បញ្ចេញពន្លឺនៃដំណឹងល្អរបស់ព្រះអង្គ ឲ្យយើងមានសង្ឃឹមឡើង។ ព្រះយេស៊ូវបីយើងចេញពីភាពងងឹត ចូលទៅក្នុងពន្លឺដ៏រុងរឿងរបស់ព្រះអង្គ។—Winn Collier
តើអ្នកកំពុងប្រឈមមុខដាក់ភាពងងឹតអ្វី? តើអ្នកត្រូវការព្រះយេស៊ូវខ្លាំងប៉ុណ្ណា ឲ្យព្រះអង្គធ្វើជាពន្លឺ និងនាំអ្នកចេញពីភាពងងឹត?
ឱព្រះអង្គអើយ ទូលបង្គំត្រូវការពន្លឺរបស់ព្រះអង្គ ក្នុងជីវិតទូលបង្គំ។ សូមព្រះអង្គនាំទូលបង្គំចេញពីកន្លែងងងឹត។
For further study, read Deceived by Disappointment at ODBM.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ១១-១៣ និង អេភេសូរ ៤