
ជំងឺផ្លូវកាយ និងវិញ្ញាណ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 1, 2025
«កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំបានខ្សោះទៅ ដោយសារដំងូរដែលទូលបង្គំថ្ងូរជាដរាបរាល់ថ្ងៃ។ ដ្បិតព្រះហស្តនៃទ្រង់បានសង្កត់លើទូលបង្គំជាធ្ងន់ទាំងយប់ទាំងថ្ងៃ ធាតុទឹករបស់ទូលបង្គំបានត្រឡប់ទៅជារីងហួត ដូចជារដូវក្តៅ» (ទំនុកតម្កើង ៣២:៣-៤)។
អ្នកជំនាញផ្នែកចិត្តសាស្ត្រ និងជំងឺផ្លូវចិត្ត ក៏ដូចជាសេវាកម្មសង្គម ច្រើនតែសង្កេតឃើញទំនាក់ទំនងដ៏ខ្លាំងមួយ រវាងគំនិត អារម្មណ៍ និងសុខភាពផ្លូវកាយរបស់មនុស្សម្នាក់ៗ។ ព្រះបន្ទូលព្រះក៏បានចែងអំពីទំនាក់ទំនងនេះ ហើយក៏បានបកស្រាយស៊ីជម្រៅជាងផង ព្រោះព្រះគម្ពីរបានប្រាប់យើងថា សណ្ឋាននៃរូបកាយ និងវិញ្ញាណរបស់យើងមានការជាប់ទាក់ទងគ្នា។ ក្នុងបទគម្ពីរទំនុកតម្កើង ជំពូក៣២ ស្ដេច ដាវីឌ បានទូលដល់ព្រះដោយទទួលស្គាល់បន្ទុកក្នុងព្រះទ័យទ្រង់ ពេលណាទ្រង់លាក់ខ្លួនក្នុងស្រមោល ហើយបដិសេធន៍មិនព្រមសារភាពបាប ដែលទ្រង់បានធ្វើមកលើនាងបាតសេបា និងបានសម្លាប់លោក អ៊ូរី ជាប្ដីរបស់នាង (២សាំយ៉ូអែល ១១)។ ហើយតាមរយៈស្ដេច ដាវីឌ ព្រះវិញ្ញាណបានបង្រៀនយើងថា បញ្ញាចិត្តដែលកំពុងទទួលរងទារុណកម្ម មានការជាប់ទាក់ទងនឹងអវត្តមាននៃការប្រែចិត្ត និងសុខភាពផ្លូវកាយរបស់យើង។ មនុស្សដែលកំពុងដើរជាមួយស្ដេច ដាវីឌ ប្រហែលមិនបានដឹងអំពីបញ្ហាដែលកំពុងកើតឡើងក្នុងវិញ្ញាណទ្រង់ទេ ប៉ុន្តែ ពួកគេជៀសមិនរួចពីមើលឃើញបញ្ហាខាងផ្លូវកាយរបស់ទ្រង់ឡើយ។
ក្រៅពីការរៀបរាប់របស់ទ្រង់ក្នុងបទគម្ពីរខាងលើនេះ ទ្រង់ក៏បានពណ៌នាក្នុងបទគម្ពីរផ្សេងទៀតថា «ចិត្តទូលបង្គំកំរើកជាខ្លាំង ហើយកម្លាំងនៃទូលបង្គំក៏អន់ថយ ឯពន្លឺនៃភ្នែកទូលបង្គំ នោះក៏ងងឹតទៅ ពួកមិត្រសំឡាញ់ និងពួកដែលធ្លាប់ភប់ប្រសព្វនឹងទូលបង្គំ គេឈរឃ្លាតពីសេចក្តីវេទនារបស់ទូលបង្គំ ហើយទាំងបងប្អូននៃទូលបង្គំក៏ឈរនៅឆ្ងាយដែរ» (ទំនុកតម្កើង ៣៨:១០-១១)។ ការពណ៌នានេះបានឆ្លុះបញ្ចាំងអំពីទុក្ខលំបាកដ៏ធ្ងន់ធ្ងរ។
ស្ដេច ដាវីឌ បានទទួលស្គាល់ថា ទុក្ខលំបាកដែលទ្រង់កំពុងជួបប្រទះ គឺជាការដាក់ទោសរបស់ព្រះ។ ព្រះគម្ពីរបានចែងច្បាស់អំពីផលវិបាកដែលកើតឡើងជាធម្មតាពីតម្រេកផ្លូវភេទ ការល្មោភ និងការមិនអើពើចំពោះក្រឹត្យវិន័យរបស់ព្រះ (រ៉ូម ១:២៤-២៥) ហើយស្ដេច ដាវីឌ បានប្រព្រឹត្តការរំលងទាំងអស់នេះ។ ការខ្សោយកម្លាំង ស្រកទម្ងន់ គេងមិនលក់ អារម្មណ៍ពេលយើងត្រូវគេបដិសេធ ការសញ្ជប់សញ្ជឹង ការថប់បារម្ភ និងការអស់សង្ឃឹមច្រើនតែតាមលងបុគ្គល ដែលកំពុងព្យាយាមលាក់បាំងបាបរបស់ខ្លួននៅចំពោះព្រះ ហើយបដិសេធមិនទទួលស្គាល់កំហុស។
ស្ដេច ដាវីឌ បានទទួលការស្អាងឡើងវិញ មិនមែនដោយសារសុខភាពស្រាប់តែល្អឡើងវិញ ឬការឆាប់ចូលគេងនោះទេ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់បានប្រែចិត្តចេញពីបាប ជាឫសគល់នៃបញ្ហារបស់ទ្រង់ បានជាទ្រង់មានបន្ទូលថា «ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់ទូលបង្គំនៅចំពោះទ្រង់ ឥតលាក់ការទុច្ចរិតរបស់ទូលបង្គំទុកឡើយ...ឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូលបង្គំទៅ» (ទំនុកតម្កើង ៣២:៥)។ ព្រះអម្ចាស់បានដាក់ព្រះហស្តដ៏ធ្ងន់សង្កត់ពីលើស្ដេច ដាវីឌ ទាល់តែស្ដេច ដាវីឌ បានថ្វាយបាបរបស់ទ្រង់ទៅក្នុងព្រះហស្តរបស់ព្រះអង្គ ហើយសូមព្រះអង្គអត់ទោសឲ្យទ្រង់។ ការដែលព្រះមិនបណ្តោយឲ្យយើងព្រងើយកន្តើយចំពោះបាបរបស់យើង គឺជាព្រះពរសម្រាប់យើង គឺនៅពេលដែលយើងមានអារម្មណ៍ថា យើងមានបន្ទុកដ៏ធ្ងន់ខាងផ្លូវកាយ ដោយសារជំងឺផ្លូវវិញ្ញាណរបស់យើង។ នេះជាមធ្យោបាយរបស់ព្រះអង្គ ដើម្បីនាំយើងឲ្យធ្វើអ្វីដែលចាំបាច់បំផុត គឺត្រូវសារភាពអំពើបាប ហើយសូមព្រះអង្គអត់ទោសឲ្យយើង។
តើអ្នកកំពុងតែលាក់បាំងអំពើបាបរបស់អ្នកទេ? ចូរកុំលាក់វា ប៉ុន្តែចូរសារភាពនៅចំពោះព្រះអង្គ។ ស្ដេច ដាវីឌ មានព្រះទ័យធូរស្បើយពីការឈឺចាប់ និងទុក្ខព្រួយ នៅពេលដែលទ្រង់ស្វែងរកការអត់ទោសពីព្រះ។ អ្នកក៏អាចស្គាល់ក្តីអំណរផងដែរ ដ្បិតព្រះអម្ចាស់បានសន្យាថា «បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសម្អាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង» (១យ៉ូហាន ១:៩)។
ខគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ៥១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ២៧-២៩ និងយ៉ូហាន ១៤