នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ធ្វើជាតំណាងព្រះគ្រីស្ទ

ធ្វើជាតំណាងព្រះគ្រីស្ទ

ដោយXochitl Dixon

October 3, 2025

២កូរិនថូស ៥:៩-១០,១៤-២០
យើងខ្ញុំជាទូតដំណាងព្រះគ្រីស្ទ ហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំ។ ២កូរិនថូស ៥:២០
នៅថ្ងៃដំបូង ក្នុងកន្លែងបោះជំរុំ ដែលលោកគ្រូ អាឡិន (Alan) បង្រៀនក្មេងជំទង់ អំពីជំនាញសហគ្រិន មានសិស្សម្នាក់បានសួរគាត់ថា “តើលោកគ្រូជាគ្រីស្ទបរិស័ទ មែនទេ? ខ្ញុំអាចមើលដឹង”។ មុនពេលលោកគ្រូ អាឡិន និយាយថា គាត់គឺជាគ្រីស្ទបរិស័ទ ឬពាក់ស្រោមជើង និងក្រវ៉ាត់ក ដែលគាត់ចូលចិត្ត មាននិមិត្តរូបរបស់គ្រីស្ទាន ក្មេងជំទង់នោះបាននិយាយថា គាត់បានឃើញព្រះយេស៊ូវ តាមរយៈពាក្យសម្តី ការប្រព្រឹត្ត និងអាកប្បកិរិយារបស់លោកគ្រូ អាឡិន។ ពួកគេក៏បានពិភាក្សាគ្នា អំពីរបៀបដែលពួកគេអាចបង្ហាញអ្នកដទៃឲ្យឃើញព្រះយេស៊ូវ នៅគ្រប់ទីកន្លែងដែលពួកគេទៅដល់។ 
ការនិយាយប្រាប់គេថា យើងជាគ្រីស្ទបរិស័ទ និងពាក់អាវដែលមានខគម្ពីរ ឬសម្រង់សម្តីគ្រីស្ទបរិស័ទបោះពុម្ពពីលើ គឺជារឿងល្អ។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរប៊ីបបានបង្រៀនថា របៀបដែលយើងរស់នៅ និងស្រឡាញ់អ្នកដទៃ នៅពេលដែលយើងផ្សាយដំណឹងល្អ គឺជាសញ្ញាបង្ហាញថា យើងជាអ្នកដើរតាមព្រះយេស៊ូវ។ សាវ័កប៉ុល និងអ្នកជឿដទៃទៀត ក្នុងពួកជំនុំនៅទីក្រុងកូរិនថូស បានទទួលការជំរុញ និងបណ្តាលចិត្ត ឲ្យផ្គាប់ព្រះទ័យព្រះ ដោយរស់នៅ មានផ្នត់គំនិតដែលគិតដល់ជីវិតអស់កល្បជានិច្ច (២កូរិនថូស ៥:៩-១៤)។ 
ពេលណាយើងប្ដេជ្ញាចិត្តរស់នៅថ្វាយព្រះគ្រីស្ទ ជាជាងរស់នៅសម្រាប់ខ្លួនឯង ព្រះវិញ្ញាណបរិសុទ្ធកែប្រែផ្នត់គំនិត ចារិតលក្ខណៈ អាទិភាព និងរបៀបទំនាក់ទំនងជាមួយអ្នកដទៃ(ខ.១៥-១៧)។ ជីវិតថ្មីដែលយើងមានក្នុងព្រះអង្គ គឺសម្រាប់ធ្វើជាតំណាងឲ្យព្រះអង្គ ខណៈពេលដែលយើងចង្អុលបង្ហាញអ្នកដទៃ ឲ្យងាកទៅរកព្រះអង្គ គឺ“ហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំ”(ខ.២០)។ 
ដោយកម្លាំងមកពីព្រះវិញ្ញាណបរិសុទ្ធ យើងមានអំណរ និងការទទួលខុសត្រូវ ក្នុងការធ្វើជាតំណាងឲ្យព្រះគ្រីស្ទ នៅកន្លែងណាដែលយើងទៅដល់។—Xochitl Dixon

តើអ្នកដទៃចង្អុលបង្ហាញអ្នក ឲ្យងាកទៅរកព្រះយេស៊ូវ តាមរបៀបដែលពួកគេរស់នៅដូចម្តេចខ្លះ? 
តើព្រះរាជកិច្ចរបស់ព្រះអង្គក្នុងជីវិតអ្នក បានជួយអ្នកឲ្យក្លាយជាទូតរបស់ព្រះគ្រីស្ទ បានល្អជាងមុន យ៉ាងដូចម្តេចខ្លះ? 
ឱព្រះយេស៊ូវ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ សូមព្រះអង្គកែប្រែទូលបង្គំ ដោយវិញ្ញាណរបស់ព្រះអង្គ 
ដើម្បីឲ្យទូលបង្គំអាចធ្វើជាតំណាងរបស់ព្រះអង្គ គ្រប់កន្លែងដែលព្រះអង្គបានចាត់ទូលបង្គំទៅ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ :  អេសាយ ១៧-១៩ និង អេភេសូរ ៥:១៧-៣៣
 

ល្ងាច

ប្ដូរ​ផ្តាច់​ចំពោះ​ព្រះ​បន្ទូល​ព្រះ  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ប្ដូរ​ផ្តាច់​ចំពោះ​ព្រះ​បន្ទូល​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 3, 2025

«ឯ​យើង​ខ្ញុំ នឹង​ខំ​ព្យាយាម​ក្នុង​សេចក្តី​អធិស្ឋាន និង​ការ​ផ្សាយ​ព្រះ​បន្ទូល​វិញ។ សេចក្តី​នោះ​ក៏​ពេញ​ចិត្ត​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា...» (កិច្ចការ ៦:៤-៥)។
ព្រឹត្តិការណ៍​នៃ​ការ​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នៅ​ថ្ងៃ​បុណ្យ​ទី៥០ និង​ការងារ​បម្រើ​ព្រះ​ដែល​កើត​ចេញ​ពី​ព្រឹត្តិការណ៍​នេះ សុទ្ធ​តែ​មាន​ភាព​អស្ចារ្យ ប៉ុន្តែ​បន្ទាប់​មក ពួក​សាវ័ក និង​សិស្ស​របស់​ពួក​គេ​មិន​បាន​និយាយ​ថា ឥឡូវ​នេះ ព្រះ​វិញ្ញាណ​នៃ​ព្រះ​បាន​បង្រៀន​ខ្ញុំ​ហើយ ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​ស្តាប់​អ្នក​ផ្សេង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ដែល​ពួក​គេ​បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណ​ហើយ ពួក​គេ​បាន​បើក​ចំហ​ត្រចៀក ទទួល​យក​ការ​អធិប្បាយ​ដែល​មាន​អំណាច និង​ការ​បង្រៀន​ព្រះ​បន្ទូល​ព្រះ។ រឿង​នេះ​បាន​បង្រៀន​យើង នូវ​មេរៀន​ដ៏​សំខាន់​មួយ​គឺ ព្រះ​វិញ្ញាណ​របស់​ព្រះ​តែង​តែ​ដឹក​នាំ​រាស្ត្រ​របស់​ព្រះ​ឲ្យ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ព្រះ​បន្ទូល​ព្រះ។ 
ហេតុ​នេះ​ហើយ កណ្ឌ​គម្ពីរ​កិច្ចការ​មាន​ពេញ​ទៅ​ដោយ​ការ​និយាយ​ផ្ដោត​ទៅ​លើ​ការ​អធិប្បាយ​ព្រះ​បន្ទូល។ ពួក​សាវ័ក បាន​ទទួល​ស្គាល់​ព្រះ​បន្ទូល​ព្រះ​ជា​ឧបករណ៍​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ សម្រាប់​ការ​កែ​ប្រែ​រាស្ត្រ​ព្រះ​អង្គ​ជា​ថ្មី​ឡើង ឲ្យ​ត្រូវ​នឹង​រូប​អង្គ​របស់​ព្រះ​រាជបុត្រា ដោយ​ព្រះ​វិញ្ញាណ​ធ្វើ​ការ​តាម​រយៈ​ព្រះ​បន្ទូល។ ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ​ជំពូក៦ យើង​ឃើញ​គំរូ​របស់​ពួក​សាវ័ក ដែល​បាន​ដាក់​អាទិភាព និង​ការ​ការពារ ដល់​អ្នក​ដែល​ព្រះ​បាន​ត្រាស់​ហៅ និង​ប្រទាន​សមត្ថភាព​ឲ្យ​បង្រៀន។ ពួក​សាវ័ក បាន​ទទួល​ស្គាល់​សារៈ​សំខាន់​នៃ​ភារកិច្ច​ជា​អ្នក​បម្រើ​ព្រះ ដែល​ត្រូវ​ចែក​ចាយ​ព្រះ​បន្ទូល​ដល់​រាស្ត្រ​ព្រះ​អង្គ។ 
កណ្ឌ​គម្ពីរ​សញ្ញា​ចាស់​មួយ​ចំនួន​បាន​ប្រើ​ពាក្យ «សេចក្តី​ទំនាយ​យ៉ាង​ធ្ងន់» របស់​ពួក​ហោរា ដែល​ពាក្យ​នេះ​ក៏​អាច​ប្រែ​ថា «បន្ទុក​ធ្ងន់» (មើល​អេសាយ ១៣:១)។ បាន​សេចក្តី​ថា នៅ​ក្នុង​ចិត្ត និង​គំនិត​របស់​ពួក​គេ​មាន​ការ​ទទួល​ខុស​ត្រូវ​ធ្ងន់​ណាស់ នៅ​ក្នុង​ការ​ចែក​ចាយ​សេចក្តី​ពិត​របស់​ព្រះ​ដល់​រាស្ត្រ​របស់​ព្រះ​អង្គ។ នៅ​សតវត្សរ៍​ទី១៩ លោក​ស៊ី អេច ស្ពើជិន (C.H. Spurgeon) បាន​ទទួល​ស្គាល់​បន្ទុក​នេះ ដោយ​ប្រកាស​ថា តុ​អាសនា​របស់​គាត់ មាន​ឥទ្ធិពល​ជាង​បល្ល័ង្ក​របស់​ស្ដេច​នៃ​ចក្រភព​អង់គ្លេស​ទៅ​ទៀត ព្រោះ​គាត់​បាន​នាំ​ព្រះ​រាជ​សារ​ពី​បល្ល័ង្ក​របស់​ព្រះ មក​តុ​អាសនា ហើយ​ចែកចាយ​សេចក្តី​ពិត​នៃ​គោល​លទ្ធិ​របស់​គ្រីស្ទ​បរិស័ទ​ដល់​រាស្ត្រ​របស់​ព្រះ​អង្គ។
យើង​ត្រូវ​តែ​អធិស្ឋាន និង​ការពារ​អ្នក​ដែល​ព្រះ​បាន​ត្រាស់​ហៅ​ឲ្យ​បង្រៀន​សេចក្តី​ពិត​នៃ​ព្រះ​គម្ពីរ ទោះ​ពួក​គេ​បង្រៀន​ពួក​ជំនុំ បង្រៀន​ក្មេង​តូចៗ ឬ​បង្រៀន​ក្នុង​បរិបទ​ណា​ក៏​ដោយ។ ការ​ឈរ​នៅ​ចន្លោះ​ព្រះ​ដ៏​បរិសុទ្ធ និង​រាស្ត្រ​របស់​ព្រះ​អង្គ ជា​ទៀង​ទាត់​មិន​មែន​ជា​រឿង​តូច​តាច​ទេ។ នេះ​ជា​បន្ទុក​ដ៏​ធ្ងន់ ក៏​ដូច​ជា​ឯក​សិទ្ធិ​ដ៏​អស្ចារ្យ។ 
ក្រៅ​ពី​អធិស្ឋាន​ឲ្យ​គ្រូ និង​គ្រូ​អធិប្បាយ​របស់​យើង យើង​ក៏​ត្រូវ​បន្ទាប​ខ្លួន ហើយ​មាន​ចិត្ត​ឆេះឆួល ចង់​អង្គុយ​ស្តាប់​ការ​បង្រៀន​ព្រះ​បន្ទូល​ព្រះ​ដែល​មាន​អំណាច​ផង​ដែរ។ ពួក​ជំនុំ​ដំបូង​បាន​ធ្វើ​ជា​គំរូ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​ដូច​នេះ ដោយ​ពួកគេ​មាន​ចិត្ត​ប្ដូរ​ផ្តាច់​ចំពោះ​ការ​បង្រៀន​របស់​ពួក​សាវ័ក (កិច្ចការ ២:៤២)។ យើង​ក៏​ត្រូវ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ដូច​ពួក​គេ ក្នុង​ពេល​សព្វថ្ងៃ​ផង​ដែរ ដោយ​យើង​ត្រូវ​ប្ដូរ​ផ្តាច់​ចំពោះ​ការ​បង្រៀន​ផ្អែក​ទៅ​លើ​សេចក្តី​ពិត​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ដែល​បាន​បើក​​សម្ដែង​ដល់​ពួក​សាវ័ក និង​សង់​នៅ​លើ​គ្រឹះ​នៃ​គោល​លទ្ធិ​របស់​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ សូម​ព្រះ​បន្ទូល​ព្រះ​អង្គ​បាន​ធ្វើ​ជា​អាហារ​ខាង​វិញ្ញាណ ហើយ​បំពេញ​យើង​ជា​រៀង​រាល់​ថ្ងៃ ដោយ​ព្រះ​វិញ្ញាណ​របស់​ព្រះ ដែល​នាំ​យើង​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​សេចក្តី​ពិត និង​ក្តី​អំណរ​នៅ​ក្នុង​សេចក្តី​ពិត។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុកតម្កើង ១១៩:៨១-៩៦
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសេគាល ៣៣-៣៤ និង​យ៉ូហាន ១៦

ប្រភេទ