ព្រឹក

គិតពីប្រយោជន៍អ្នកដទៃ
ដោយMarvin Williams
October 6, 2025
ភីលីព ២:១-១១
ចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង។ ភីលីព ២:៣-៤
នៅស្ថានីយសាកអាគុយរថយន្តអគ្គិសនី នៅទូទាំងសហរដ្ឋអាមេរិក មានអ្នកបើកបរខ្លះ បានសម្រាកនៅក្នុងស្ថានីយអស់ពេលយូរជាងធម្មតា នៅពេល “សាកអាគុយឆាប់រហ័ស” ដែលបានរៀបចំមក ដើម្បីជួយអ្នកបើកប្រាស់ឲ្យសាកអាគុយឡានរបស់ខ្លួនក្នុងរយៈពេលខ្លី ហើយបន្តដំណើរទៅមុខទៀត។ ដើម្បីឆ្លើយតបចំពោះអាកប្បកិរិយាដែលមិនកោតក្រែងចិត្តអ្នកដទៃនេះ បណ្ដាញសាកអាគុយឡានធំបំផុត នៅសហរដ្ឋអាមេរិក បានធ្វើការកំណត់ពេលដ៏តឹងរឹង នៅស្ថានីយដែលមានភាពមមាញឹកបំផុត។ នៅពេលដែលអាគុយរបស់ឡានសាកបាន៨៥ភាគរយហើយ អ្នកបើកបរត្រូវតែចាកចេញ ដើម្បីទុកកន្លែងឲ្យឡានផ្សេងទៀតចូលសាកអាគុយ។
សាវ័កប៉ុលបានលើកទឹកចិត្តអ្នកជឿព្រះយេស៊ូវ ឲ្យគិតប្រយោជន៍អ្នកដទៃលើសខ្លួនឯង(ភីលីព ២:៣)។ គាត់ក៏បានលើកឡើង អំពីបញ្ហាមួយដែលបានរំខានពួកជំនុំទៅទីក្រុងភីលីពយ៉ាងខ្លាំង គឺភាពអាត្មានិយម។ ពួកគេចង់បានការទទួលស្គាល់ និងចង់បានមុខមាត់ ក្នុងពួកជំនុំ មិនមែនដោយចិត្តបរិសុទ្ធនោះទេ តែដោយចិត្ត “អាត្មានិយម”(ខ.៣)។ សាវ័កប៉ុលបានជំរុញអ្នកជឿ ឲ្យមានគំនិតគិតដូចព្រះគ្រីស្ទ ហើយគិតប្រយោជន៍អ្នកដទៃ(ខ.៤)។ ការនេះមិនមានន័យថា ពួកគេគួរឈប់គិតអំពីតម្រូវការផ្ទាល់ខ្លួននោះទេ តែពួកគេត្រូវបំពេញតម្រូវការរបស់អ្នកដទៃ ក្នុងនាមជាអ្នកដែល “មានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវ”(ខ.៥)។ សាវ័កប៉ុលក៏បានលើកទឹកចិត្តពួកជំនុំនៅទីក្រុងភីលីព ឲ្យជម្រុះចោលសេចក្តីអំនួត ហើយគិតប្រយោជន៍អ្នកដទៃ ដោយការបន្ទាបខ្លួន។ តើមានអ្វីជាកត្តាជំរុញចិត្តពួកគេឲ្យគិតប្រយោជន៍អ្នកដទៃ? គឺសេចក្តីស្រឡាញ់។
ខណៈពេលដែលយើងព្យាយាមយកតម្រាប់តាមព្រះគ្រីស្ទ ជារៀងរាល់ថ្ងៃ(ខ.៦-១១) ព្រះអង្គអាចជួយយើងគិតប្រយោជន៍អ្នកដទៃ ដោយគិតអំពីពួកគេដោយក្តីស្រឡាញ់ដូចព្រះយេស៊ូវ។—Marvin Williams
តើអ្នកអាចគិតប្រយោជន៍អ្នកដទៃ លើសខ្លួនឯងដូចម្តេចខ្លះ?
តើការមើលទៅអ្នកដទៃ ដូចដែលព្រះទ្រង់ទតមើលពួកគេ មានន័យយ៉ាងណាខ្លះ ចំពោះអ្នក?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យលះបង់ប្រយោជន៍ផ្ទាល់ខ្លួន និងអំនួត ហើយគិតប្រយោជន៍អ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ២៦-២៧ និង ភីលីព ២
ប្រភេទ
ល្ងាច

គោលលទ្ធិអំពីព្រះគម្ពីរ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 6, 2025
«បទគម្ពីរទាំងប៉ុន្មាន...មានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សម្រាប់នឹងធ្វើការល្អគ្រប់មុខ» (២ធីម៉ូថេ ៣:១៥-១៧)។
អំណាច ភាពគ្រប់គ្រាន់ ភាពត្រឹមត្រូវ និងភាពមិនចេះខុសនៃព្រះគម្ពីរ គឺជាមូលដ្ឋានគ្រឹះដាច់ខាត សម្រាប់ព្រះរាជកិច្ច និងពួកជំនុំរបស់ព្រះ ដែលកំពុងបន្តទៅមុខ។ យើងមិនអាចទៅឈោងចាប់លោកីយ៍ដែលបាត់បង់ និងកំពុងឈឺចាប់ដោយប្រើដំណឹងល្អបានទេ ទាល់តែយើងជឿថា លក្ខណសម្បត្តិទាំងនេះ មានប្រភពមកពីព្រះ។1
គឺដូចដែលលោក ជេ ស៊ី រ៉ាយ បានសរសេរថា បើគ្មានព្រះគម្ពីរ ធ្វើជា «សៀវភៅមកពីព្រះ សម្រាប់ឲ្យយើងងាកទៅរក ធ្វើជាមូលដ្ឋានគ្រឹះនៃគោលលទ្ធិ និងការអនុវត្តទេ» នោះគ្រីស្ទបរិស័ទ «គ្មានមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីឲ្យមានសន្តិភាព និងក្តីសង្ឃឹម ហើយក៏គ្មានសិទ្ធិទាមទារមនុស្សជាតិឲ្យចាប់អារម្មណ៍ចំពោះការចែកចាយរបស់ខ្លួនឡើយ»។
សាវ័ក ប៉ុល បានលើកឡើងអំពីបញ្ហានេះ នៅពេលដែលគាត់ក្រើនរំឭកលោក ធីម៉ូថេ ថា «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ»។ អាចនិយាយម្យ៉ាងទៀតថា ព្រះគម្ពីរមិនមែនជាសមិទ្ធផលដែលមនុស្សបានបង្កើត ដែលក្រោយមក ព្រះទ្រង់បានបញ្ចូលអំណាចរបស់ទ្រង់នោះទេ តែជាអំណោយមកពីព្រះអង្គដែលបានបង្កើតឡើង ដោយប្រើប្រាស់មនុស្សជាឧបករណ៍សម្រាប់សរសេរ។ ក្នុងកណ្ឌ ជំពូក ប្រយោគ និងព្យាង្គនីមួយៗ គឺសុទ្ធតែបានទទួលការបណ្ដាលពីព្រះតាំងពីដំបូងមក។
គោលលទ្ធិអំពីព្រះគម្ពីរក៏អាចពិបាកឲ្យយើងយល់ មិនខុសពីគោលលទ្ធិផ្សេងទៀតរបស់គ្រីស្ទបរិស័ទទេ។ ប៉ុន្តែ ការដែលអ្វីមួយពិបាកឲ្យយើងយល់ មិនមានន័យថា វាខ្វះសេចក្តីពិតនោះទេ។ ជាងនេះទៅទៀត ពេលណាយើងស្វែងយល់អំពីគោលលទ្ធិអំពីព្រះគម្ពីរ មានរឿងជាច្រើនដែលយើងត្រូវពិចារណាតាមសេចក្តីពិត។ ឧទាហរណ៍៖ យើងងាយនឹងមើលឃើញថា ព្រះគម្ពីរគឺជាស្នាដៃនិពន្ធ ដែលមានភាពស៊ីសង្វាក់គ្នាពីដើមដល់ចប់។ ព្រះគម្ពីរត្រូវបាននិពន្ធដោយអ្នកនិពន្ធជាង៣០នាក់ ក្នុងរយៈពេល១៥០០ឆ្នាំ ប៉ុន្តែ អ្នកនិពន្ធទាំងអស់សុទ្ធតែបាននិយាយអំពីរឿងតែមួយ និងធ្វើការពណ៌នាដែលស៊ីសង្វាក់គ្នាអំពីពិភពលោកនេះ អំពីព្រះដែលបានបង្កើតពិភពលោក និងអំពីបញ្ហានៃចិត្តរបស់មនុស្ស ហើយបានចង្អុលបង្ហាញទៅរកការសង្គ្រោះតែមួយ ដែលព្រះអង្គបានប្រទានតាមរយៈយញ្ញបូជានៃកូនចៀមនៃព្រះ ចាប់តាំងពីកណ្ឌលោកុប្បត្ដិ ដល់កណ្ឌវិវរណៈ!
មនុស្សអាចប្រើព្រះគម្ពីរ ដោយមិនប្រកាន់សម័យកាល វប្បធម៌ ភេទ និងកម្រិតបញ្ញា។ សៀវភៅខ្លះមានភាពសមស្របតែសម្រាប់មនុស្សខ្លះ នៅសម័យ ឬកន្លែងណាមួយ ប៉ុន្តែគ្មានសៀវភៅណាដែលអាចឲ្យគេប្រើបានជារៀងរាល់ថ្ងៃ និងគ្រប់សម័យកាលយ៉ាងឥតខ្ចោះ និងឆ្លើយសំណួរអំពីជីវិតដូចព្រះគម្ពីរឡើយ។ មនុស្សដែលរៀនសូត្របានជ្រៅបំផុត អាចរៀនព្រះបន្ទូលរបស់ព្រះមិនចេះចប់ ប៉ុន្តែទន្ទឹមនឹងនោះ ក្មេងៗក៏អាចអានព្រះគម្ពីរ ហើយរកឃើញសេចក្តីពិតក្នុងព្រះគម្ពីរដែលកែប្រែជីវិត។
អំណាច ភាពគ្រប់គ្រាន់ ភាពត្រឹមត្រូវ និងភាពមិនចេះខុសនៃព្រះគម្ពីរ គឺជាមូលដ្ឋានគ្រឹះសម្រាប់ឲ្យយើងឈរពីលើដោយជំនួយមកពីព្រះ។ ព្រះវិញ្ញាណបរិសុទ្ធបានបណ្ដាលចិត្តឲ្យគេនិពន្ធព្រះគម្ពីរ ហើយក៏បានជួយឲ្យយើងយល់ព្រះបន្ទូលព្រះ និងនាំឲ្យយើងជឿថា ខគម្ពីរនីមួយៗជាព្រះបន្ទូលព្រះ ដែលបានប្រទានមកយើង ដើម្បីឲ្យយើងជឿព្រះអង្គ ជាព្រះបន្ទូលដែលយកកំណើតជាមនុស្ស។ ដោយសារព្រះវិញ្ញាណបានធ្វើការនេះ ក្នុងអ្នក ដើម្បីឲ្យអ្នកជឿថា ព្រះគម្ពីរគឺជាស្នាដៃនិពន្ធរបស់ព្រះ ដោយជួយឲ្យអ្នកមិនគ្រាន់តែយល់ស្របនឹងគោលលទ្ធិ តែក៏មានចិត្តស្រេកឃ្លានព្រះបន្ទូលព្រះកាន់តែខ្លាំង និងស្រេកឃ្លានរកព្រះដែលជាអ្នកនិពន្ធ និងជាប្រធានបទនៃព្រះគម្ពីរ។
ខគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ១២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ៤០-៤១ និងយ៉ូហាន ១៨:១៩-៤០