ព្រឹក

រស់នៅឲ្យសក្តិសមនឹងការត្រាស់ហៅ
ដោយadamholz
October 8, 2025
អេភេសូរ ៤:១-៦,១១-១៦
ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរឲ្យអ្នករាល់គ្នាដើរបែបគួរនឹងការងារ ដែលទ្រង់បានហៅមកធ្វើចុះ។ អេភេសូរ ៤:១
កាលពីឆ្នាំ១៩៩៧ សកលវិទ្យាល័យរដ្ឋអាយអូវ៉ា បានដាក់ឈ្មោះឲ្យពហុកីឡាដ្ឋានរបស់ខ្លួន ដូចឈ្មោះលោក ជែក ត្រាយ(Jack Trice) ជាកីឡាករស្បែកខ្មៅទីមួយរបស់សាលារៀននេះ។ គួរឲ្យសោកស្តាយណាស់ ដែលលោកត្រាយ មិនបានចូលរួមប្រកួត នៅក្នុងទីក្រុងអាមេស រដ្ឋអាយអូវ៉ា ដោយសារគាត់បានបាត់បង់ជីវិត ដោយសារការរបួសគ្រឿងក្នុង ក្នុងអំឡុងពេលប្រកួតកីឡាបាល់ទាល់មហាវិទ្យាល័យ លើកទីពីរ ក្នុងទីក្រុងមេនាប៉ូលីស រដ្ឋមីនេសូតា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ១៩២៣។
នៅពេលយប់មុនថ្ងៃប្រកួត លោកត្រាយក៏បានសរសេរពាក្យប្ដេជ្ញាចិត្តសម្រាប់ខ្លួនឯងយ៉ាងដូចនេះថា :
“កិត្តិយសរបស់ពូជសាសន៍ គ្រួសារ និងខ្លួនខ្ញុំនឹងត្រូវបានកំណត់ក្នុងពេលខាងមុខនេះ។ គ្រប់គ្នារំពឹងថា ខ្ញុំនឹងសម្រេចបានជោគជ័យដ៏សំខាន់។ ខ្ញុំនឹងឈ្នះ! ខ្ញុំនឹងលះបង់រូបកាយ និងវិញ្ញាណរបស់ខ្ញុំ នៅក្នុងទីលានប្រកួតនៅថ្ងៃស្អែក។ រៀងរាល់ពេលគេបោះបាល់ឲ្យខ្ញុំ ខ្ញុំនឹងព្យាយាមធ្វើឲ្យបានលើសផ្នែករបស់ខ្ញុំ”។ លោកត្រាយបានយល់ឃើញថា ការអ្វីដែលគាត់បានធ្វើ គឺបានបង្ហូរចេញពីកិត្តិយស និងភាពថ្លៃថ្នូរនៃអត្តសញ្ញាណរបស់គាត់ ដោយគួបផ្សំចារិតលក្ខណៈរបស់គាត់ ជាមួយភាពក្លាហាន។
សាវ័កប៉ុលក៏បាននិយាយស្រដៀងនេះផងដែរ ក្នុងសំបុត្រដែលគាត់សរសើរផ្ញើពួកជំនុំនៅទីក្រុងអេភេសូរ ដោយជំរុញអ្នកជឿទាំងឡាយឲ្យធ្វើការសម្រេចចិត្ត ក្នុងគ្រប់ការទាំងអស់ ផ្អែកទៅលើអត្តសញ្ញាណរបស់ពួកគេ នៅក្នុងព្រះគ្រីស្ទ។ គឺដូចដែលគាត់មានប្រសាសន៍ថា “ខ្ញុំជាអ្នកជាប់គុកក្នុងព្រះអម្ចាស់ ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរឲ្យអ្នករាល់គ្នាដើរបែបគួរនឹងការងារ ដែលទ្រង់បានហៅមកធ្វើចុះ”(អេភេសូរ ៤:១)។ សាវ័កប៉ុលបានជំរុញយើងឲ្យឱបក្រសោបយករបៀបនៃការរស់នៅ ដែលបានផ្លាស់ប្រែដោយសារកិច្ចការដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង ក្នុងយើង និងតាមរយៈយើង ដែលនាំឲ្យមានការបន្ទាបខ្លួន ចិត្តសុភាព ការអត់ធ្មត់ ការរួបរួម សេចក្តីស្រឡាញ់ និងសន្តិភាព(ខ.២-៣) ខណៈពេលដែលយើងប្រើអំណោយទានដែលព្រះបានប្រទាន ដើម្បីបម្រើគ្នាទៅវិញទៅមក(ខ.១៥-១៦)។—Adam R. Holz
តើជំនឿ និងការប្រព្រឹត្តរបស់អ្នកមានទំនាក់ទំនងអ្វីនឹងគ្នា?
តើព្រះទ្រង់បានប្រទានអំណោយទានអ្វីខ្លះ សម្រាប់ឲ្យអ្នកបម្រើអ្នកដទៃ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការអញ្ជើញទូលបង្គំ ចូលទៅក្នុងជីវិតដែលមានន័យ
និងមានតម្លៃ។ សូមព្រះអង្គជួយទូលបង្គំឲ្យស្រឡាញ់ និងបម្រើអ្នកដទៃ ដោយអំណោយទានដែលព្រះអង្គបានប្រទាន។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៣០-៣១ និង ភីលីព ៤
ប្រភេទ
ល្ងាច

ជម្នះការប៉ះទង្គិច (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 8, 2025
ចូរឲ្យអ្នករាល់គ្នាដើរបែបគួរនឹងការងារ ដែលទ្រង់បានហៅមកធ្វើចុះ ព្រមទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់ ហើយខំប្រឹងរក្សាសេចក្ដីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្ដីមេត្រី ទុកជាចំណងផង» (អេភេសូរ ៤:១-៣)។
ការកកិតគ្នា ឬការប៉ះទង្គិចបង្កើតជាកម្តៅ គឺនៅពេលដែលវត្ថុពីរ មានការកកិតគ្នា កម្តៅក៏បានកើនឡើង។ ដូចគ្នានេះដែរ នៅពេលដែលយើងដាក់មនុស្សមានបាបឲ្យនៅជាមួយគ្នា សូម្បីតែក្នុងពួកជំនុំដែលបាបមិនសោយរាជ្យ តែការប៉ះទង្គិចគ្នានៅតែកើតមាន។ យើងមិនគួរមានការភ្ញាក់ផ្អើល ចំពោះបញ្ហានេះទេ។ យើងម្នាក់ៗមិនមែនជាដុំឥដ្ឋដែលគេបង្កើតយ៉ាងឥតខ្ចោះ ដែលតម្រៀបចូលគ្នាយ៉ាងស្រស់ស្អាត។ យើងជាមនុស្សដែលមិនល្អឥតខ្ចោះ។ តែទន្ទឹមនឹងនោះ យើងមិនត្រូវអនុញ្ញាតឲ្យការប៉ះទង្គិច បង្វែរអារម្មណ៍យើងចេញពីគោលដៅរបស់យើងទេ។
ការប៉ះទង្គិចមិនរលាយទៅវិញដោយខ្លួនឯង នៅពេលដែលយើងមិនខ្វល់ពីវានោះទេ ផ្ទុយទៅវិញ យើងអាចជម្នះវាបាន ពេលណាយើងផ្ដោតទៅលើព្រះគ្រីស្ទ និងឲ្យតម្លៃមកលើអ្វីដែលព្រះអង្គឲ្យតម្លៃ ដើម្បីអ្នកជឿជារូបកាយព្រះអង្គ គឺឲ្យតម្លៃមកលើអាទិភាពដូចជា ភាពចៅរ៉ាវ ការជួយសម្រាលបន្ទុកគ្នា ការលើកទឹកចិត្តគ្នាទៅវិញទៅមក ការអធិស្ឋាន និងការដាក់ដង្វាយ។ ការឲ្យតម្លៃនេះ មិនជំរុញយើងឲ្យសួរថា «តើរូបកាយព្រះគ្រីស្ទអាចធ្វើអ្វីខ្លះសម្រាប់ខ្ញុំ?» តែសួរថា «តើខ្ញុំអាចធ្វើអ្វីសម្រាប់រូបកាយព្រះគ្រីស្ទ?» ទាល់តែយើងអនុវត្ត ដោយផ្នត់គំនិតដូចនេះ ទើបការអាណិតខ្លួនឯង ការរំខាន និងការព្រួយបារម្ភចាប់ផ្តើមរលាយបាត់។
យើងគួរតែរំពឹងថា នឹងជួបការប៉ះទង្គិច តែយើងមិនត្រូវបណ្តែតបណ្តោយឲ្យវាបន្តមានឡើយ។ ក្នុងនាមយើងជាអ្នកជឿ យើងគួរតែបង្ហាញភស្តុតាង បញ្ជាក់ថាយើងមានចិត្តដែលបន្ទាបខ្លួន និងប្រែចិត្ត។ ពេលណាយើងមិនបង្ហាញទេ អ្នកដទៃក្នុងពួកជំនុំត្រូវជួយយើង ហើយជំរុញ និងកែតម្រង់យើង បើសិនជាចាំបាច់។ អ្នកដឹកនាំពួកជំនុំនៅសម័យកំណែទម្រង់មានប្រសាសន៍ថា ដើម្បីឲ្យពួកជំនុំ ក្លាយជាពួកជំនុំពិតប្រាកដ ពួកគេត្រូវចែកចាយព្រះបន្ទូលព្រះ ធ្វើពិធីលៀងព្រះអម្ចាស់ និងបុណ្យជ្រមុជទឹក និងដាក់វិន័យពួកជំនុំ។
ការទ្រាំទ្រការបែកបាក់ដែលមិនប្រែចិត្តក្នុងពួកជំនុំ មិនគ្រាន់តែបណ្ដាលឲ្យកើនកម្តៅ ដោយការប៉ះទង្គិចបន្តកើតមាន ដោយគ្មានដំណោះស្រាយប៉ុណ្ណោះទេ តែក៏អាចនាំទៅរកសេចក្តីហិនវិនាសផងដែរ។ យើងឲ្យនរណាម្នាក់អង្គុយនៅតុបាយជាមួយយើង តែយើងមិនបណ្តោយឲ្យគាត់បំផ្លាញគ្រួសារយើង ដោយគ្រាន់តែគាត់មានអាកប្បកិរិយាអាក្រក់នោះឡើយ តែយើងច្រើនតែទ្រាំទ្រភាពតានតឹង និងការបាក់បែកក្នុងពួកជំនុំ គ្រាន់តែដើម្បីរក្សាភាពសុខដុម និងភាពចៅរ៉ាវ តែសម្បកក្រៅប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវជ្រើសរើសយកជម្រើសដែលពិបាកជាង និងចាំបាច់ជាង។ អនាគតនៃពួកជំនុំពឹងផ្អែកទៅលើការសម្រេចចិត្តនេះ។
ការប៉ះទង្គិចនឹងកើតមាន។ យើងនឹងជួបបញ្ហា។ ហេតុនេះហើយ យើងចាំបាច់ត្រូវទ្រាំទ្រគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់។ យើងត្រូវមានចិត្តអត់ធ្មត់ចំពោះគ្នាទៅវិញទៅមក។ យើងចាំបាច់ត្រូវខិតខំរក្សាការរួបរួម ដែលព្រះវិញ្ញាណបានប្រទាន នៅពេលព្រះអង្គនាំយើងចូលមហាគ្រួសាររបស់ព្រះ ដោយសារសេចក្តីជំនឿ (អេភេសូរ ៤:៣)។ អាចនិយាយម្យ៉ាងទៀតថា យើងចាំបាច់ត្រូវមានចារិកលក្ខណៈដូចព្រះគ្រីស្ទ ព្រោះសេចក្តីស្រឡាញ់បែបអាហ្កាពេរបស់ព្រះអង្គ ដែលមិនគិតប្រយោជន៍ផ្ទាល់ខ្លួន បានបង្ហាញយើងនូវរបៀបស្រឡាញ់គ្នា ដោយការលះបង់ និងជម្នះការប៉ះទង្គិចគ្នា។ ការរួបរួមគឺជាអំណោយដែលមានតម្លៃ ដូចនេះ យើងត្រូវលើកយកបញ្ហានៃការប៉ះទង្គិចមកនិយាយ ដោយសុភាព និងអត់ធ្មត់ ពោលគឺត្រូវលើកមកនិយាយ ទោះក្នុងហេតុផលណាក៏ដោយ។ ប្រហែលជាមាននរណាម្នាក់ ដែលអ្នកត្រូវនិយាយជាមួយនៅថ្ងៃនេះ។ ប្រហែលនៅថ្ងៃនេះ មានមនុស្សដែលអ្នកត្រូវបង្ហាញការប្រែចិត្តដល់គាត់ ឬអត់ទោសឲ្យគាត់ ឬក៏ជួយគាត់ដោះស្រាយបញ្ហានៃការបះទង្គិចជាមួយសមាជិកដទៃទៀត ក្នុងពួកជំនុំ។
ខគម្ពីរសញ្ជឹងគិត៖ យ៉ាកុប ៣:១៣-១៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ៤៥-៤៦ និងយ៉ូហាន ១៩:២៣-៤២