ព្រឹក

ការដឹងគុណព្រះអម្ចាស់
ដោយLisa Samra
October 13, 2025
១របាក្សត្រ ១៦:៨-១៤,១៩-២៤
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ ពីព្រោះសេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច។ ១របាក្សត្រ ១៦:៣៤
ប្រទេសកាណាដា និងកោះសន្តលូសៀ តែងតែប្រារព្ធទិវាដឹងគុណ ក្នុងខែតុលា ជារៀងរាល់ឆ្នាំ។ ប្រទេសលីបេរៀ បានញែកពេលមួយថ្ងៃ សម្រាប់ប្រារព្ធទិវាដឹងគុណ នៅដើមខែវិច្ឆិកា ខណៈពេលដែលសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី បានប្រារព្ធទិវានេះជាពិធីបុណ្យជាតិប្រចាំឆ្នាំ នៅចុងខែនេះ។ ប្រទេសផ្សេងទៀត ដូចជាចក្រភពអង់គ្លេស ប្រេស៊ីល រ៉ូវ៉ាន់ដា និងភីលីពីន បានប្រារព្ធទិវានេះ នៅថ្ងៃផ្សេងគ្នា ក្នុងលក្ខណៈមិនផ្លូវការណ៍ ដើម្បីលើកកម្ពស់ការដឹងគុណ។
ការរួបរួមគ្នាក្នុងជាតិសាសន៍មួយ ដើម្បីបង្ហាញចេញនូវការដឹងគុណ គឺពិតជាមានន័យជ្រៅ និងមានសារៈសំខាន់។ រឿងនេះក៏បានធ្វើឲ្យយើងនឹកចាំ អំពីពេលដែលស្តេចដាវីឌប្រមូលផ្តុំប្រជាជនអ៊ីស្រាអែល ឲ្យអរព្រះគុណព្រះ សម្រាប់ការប្រទានព្រះវត្តមាន ការការពារ និងព្រះបន្ទូលសន្យារបស់ព្រះអង្គដល់ពួកគេ។ ការអបអរនេះ បានប្រារព្ធឡើង នៅពេលដែលគេសែង “ហិបរបស់ព្រះ” ត្រឡប់មកវិញ(១របាក្សត្រ ១៦:១)។ ពួកបណ្តាជនបានអរសប្បាយនឹងហិបសញ្ញាក្នុងទីក្រុងយេរូសាឡិម ជានិមិត្តរូបនៃព្រះវត្តមានរបស់ព្រះអង្គ ក្នុងចំណោមពួកគេ។ នៅពេលដែលស្តេចដាវីឌ ដឹកនាំពួកអ៊ីស្រាអែលសរសើរដំកើងព្រះ ទ្រង់ក៏បានរំឭកពួកគេ អំពីការពាររបស់ព្រះអម្ចាស់ ខណៈពេលដែលប្រជាជាតិរបស់ពួកគេបានចូលកាន់កាប់ទឹកដីកាណាន(ខ.១៨-២២) ហើយអបអរសេចក្តីស្មោះត្រង់របស់ទ្រង់ ក្នុងការសម្រេចព្រះបន្ទូលសន្យារបស់ព្រះអង្គ(ខ.១៥)។
បើអ្នកចង់អបអរទិវាដឹងគុណ ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ សូមជួបជុំគ្នា ដើម្បីអរព្រះគុណព្រះ និងជញ្ជឹងគិតទាំងអស់គ្នា អំពីព្រះវត្តមាន ការការពារ និងព្រះបន្ទូលសន្យា ដែលអ្នកបានដកពិសោធជាមួយ ក្នុងពេលមួយឆ្នាំនេះ។ ទោះយើងកំពុងរស់នៅក្នុងប្រទេសដែលប្រារព្ធពិធីនេះជាផ្លូវការឬអត់ យើងម្នាក់ៗអាចចំណាយពេលអរព្រះគុណព្រះអម្ចាស់ ដ្បិតទ្រង់ល្អ ពីព្រោះសេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច(ខ.៣៤)។—Lisa M. Samra
តើអ្នកបានដកពិសោធន៍នឹងព្រះវត្តមាន ការការពារ និងព្រះបន្ទូលសន្យារបស់ព្រះអង្គ
ដូចម្តេចខ្លះ? តើអ្នកអាចបង្ហាញចេញការដឹងគុណដល់ព្រះអង្គ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យមានវិញ្ញាណនៃការដឹងគុណ
ខណៈពេលដែលទូលបង្គំនឹកចាំអ្វីៗគ្រប់យ៉ាងដែលព្រះអង្គបានធ្វើ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៤១-៤២ និង ១ថែស្សាឡូនិច ១
ប្រភេទ
ល្ងាច

ចង់ទៅរស់នៅក្នុងប្រទេសល្អជាង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 13, 2025
«ឯយ៉ូសែបនឹងពួកគ្រួឪពុកគាត់ទាំងប៉ុន្មាន ក៏នៅក្នុងស្រុកអេស៊ីព្ទតទៅ យ៉ូសែបគាត់រស់នៅ បានអាយុ១១០ឆ្នាំ...រួចគាត់និយាយទៅបងប្អូនថា ខ្ញុំហៀបនឹងស្លាប់ហើយ តែ...ព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន នោះអ្នករាល់គ្នាត្រូវយកឆ្អឹងខ្ញុំចេញពីនេះឡើងទៅជាមួយផង» (លោកុប្បត្ដិ ៥០:២២,២៤-២៥)។
រយៈពេល៦០ឆ្នាំចុងក្រោយនៃជីវិតរបស់លោក យ៉ូសែប ត្រូវបានសង្ខេបមកនៅត្រឹមឃ្លា «លោកយ៉ូសែបបន្តរស់នៅក្នុងទឹកដីអេស៊ីព្ទ»។ ព្រះគម្ពីរមិនសូវបាននិយាយអំពីរយៈពេលនេះ ដូចរយៈពេលដើមដំបូងនៃជីវិតគាត់នោះទេ។ ប៉ុន្តែ រយៈពេល៦០ឆ្នាំទាំងមូលមិនមែនមិនសំខាន់នោះទេ។ ពេលយើងពិចារណាអំពីរយៈពេលចុងក្រោយនេះ យើងគួរតែសួរខ្លួនឯងថា តើយើងកំពុងរស់នៅដើម្បីអ្វី? តើយើងមានគម្រោងប្រើពេលវេលាដែលព្រះបានប្រទានយើងសម្រាប់ធ្វើអ្វីខ្លះ?
យើងពិតជាងាយនឹងប្រើជីវិតយើង ដេញតាមសាច់ឈាមក្នុងលោកីយ៍ដែលមានដូចជា ភាពជោគជ័យក្នុងអាជីព ស្ថេរភាពផ្នែកហិរញ្ញវត្ថុ ឬភាពសុខស្រួល។ គេចូលចិត្តនិយាយកុហកយើងថា គោលដៅនៃជីវិតគឺសម្រាប់រស់នៅជាទាសករនៅក្នុងមុខរបរ រហូតដល់ពេលដែលអ្នកលែងមានកម្លាំងធ្វើការទៀត ដើម្បីឲ្យអ្នកអាចមានភាពសុខស្រួលនៅពេលអនាគត និយាយរួមគោលបំណងនៃជីវិតគឺដើម្បីរៀបចំខ្លួនសម្រាប់ការចូលនិវត្តន៍។ នៅពេលដែលអ្នកជឿព្រះឈានទៅដល់រដូវកាលមួយដែលពួកគេមានលុយ ភាពនឹងនរ និងប្រាជ្ញា ដែលពួកគេគិតថា ខ្លួនអាចលះបង់ដើម្បីធ្វើការបម្រើព្រះ ពួកគេក៏បានចាប់ផ្តើមស្រមៃអំពីការគេចខ្លួនទៅសំងំក្នុងរូងភ្នំដ៏សុខស្រួលដែលជាការចូលនិវត្តន៍។
ក្នុងនាមយើងជាអ្នកដើរតាមព្រះយេស៊ូវ យើងមិនត្រូវតែរស់នៅ ធ្វើមើលតែជីវិតរបស់យើង មានតែនៅលើផែនដីនេះឡើយ។ ប៉ុន្តែ អ្នកខ្លះមិនអាចនិយាយដោយស្មោះត្រង់ថា «ជីវិតរបស់យើងមិនមែនសម្រាប់រស់នៅតែនៅលើផែនដីនេះទេ» ព្រោះតាមរយៈអ្វីៗដែលយើងកំពុងធ្វើ ដោយប្រើពេលវេលា ទេពកោសល្យ និងលុយរបស់យើង យើងហាក់ដូចជាកំពុងនិយាយថា «នេះជាមូលហេតុដែលខ្ញុំធ្វើការ៦០ម៉ោងក្នុងមួយសប្តាហ៍។ ហេតុនេះហើយ ខ្ញុំមិនត្រឡប់មកផ្ទះវិញ ឬទៅសម្រាកលំហែ។ ហេតុនេះហើយ ខ្ញុំមិនបានទៅព្រះវិហារនៅថ្ងៃអាទិត្យមុន។ ហេតុនេះហើយ ខ្ញុំមិនចំណាយពេល ហ៊ានបម្រើ និងចែកចាយដំណឹងល្អដល់អ្នកជិតខាង។ គឺដោយសារមូលហេតុនេះហើយ»។
យើងពិបាកនឹងមានជំនឿដែលឆេះឆួល និងមិនរេរា ក្នុងពេលដែលយើងស្ថិតក្នុងសង្គ្រាម ប៉ុន្តែការរស់នៅក្នុងជីវិតដែលមានការស្តាប់បង្គាប់ជាប់ជានិច្ចជារៀងរាល់ថ្ងៃ គឺកាន់តែមានការពិបាកជាងនេះទៀត។ ដើម្បីឲ្យយើងប្រើជីវិតបានល្អ ជាពិសេសទាក់ទងនឹងធនធាន និងកេរដំណែលដែលត្រូវបន្សល់ទុក យើងត្រូវតែពិចារណា មិនគ្រាន់តែអំពីអ្វីដែលយើងចង់បានក្នុងជីវិត តែគិតអំពីអ្វីដែលយើងត្រូវធ្វើផងដែរ។ យើងត្រូវការផ្នត់គំនិតដែលគិតដល់ពេលអស់កល្បជានិច្ច។
លោក យ៉ូសែប មានគោលបំណងសម្រាប់ជីវិតខ្លួនឯងក្នុងរយៈពេលចុងក្រោយនៃជីវិតគាត់ ដែលព្រះគម្ពីរមិនសូវបានលើកមកនិយាយ។ ចក្ខុវិស័យរបស់គាត់បានមើលហួសព្រំដែននៃទឹកដីអេស៊ីព្ទទៅទៀត។ គាត់មិនផ្ដោតទៅលើខ្លួនឯងដោយគាត់មានការទទួលខុសត្រូវ នៅក្នុងការធានាថា កូនចៅជំនាន់ក្រោយរបស់គាត់នឹងមិនមានភាពសុខស្រួលពេក ក្នុងទឹកដីអេស៊ីព្ទឡើយ តែផ្ទុយទៅវិញ ពួកគេបន្តរស់នៅ បានរយៈពេលយូរល្មមនឹងអាចចូលទៅរស់នៅក្នុងទឹកដីសន្យា។ ព្រះទ្រង់បានប្រទានដល់គាត់នូវសន្តិភាព ឥទ្ធិពល មិនភាពសម្បូរសប្បាយ ក្នុងទឹកដីអេស៊ីព្ទ ជាអ្វីដែលមនុស្សជាច្រើនកំពុងដេញតាមសព្វថ្ងៃនេះ។ ប៉ុន្តែ គាត់តែងតែមើលហួសព្រំដែនរបស់ទឹកដីអេស៊ីព្ទ។ គាត់ដឹងថា នគរអេស៊ីព្ទគ្រាន់តែជាកន្លែងបណ្ដោះអាសន្នរបស់គាត់ និងរាស្ត្ររបស់ព្រះប៉ុណ្ណោះ។ គាត់មិនទាន់បានទៅដល់ផ្ទះពិតប្រាកដនៅឡើយទេ។ យើងក៏ត្រូវរស់នៅ តាមរបៀបដែលជួយមនុស្សជាទីស្រឡាញ់ និងចិត្តរបស់យើងឲ្យចង់រស់នៅក្នុង «ស្រុក១ដ៏ប្រសើរជាង គឺខាងស្ថានសួគ៌វិញ» (ហេព្រើរ ១១:១៦)។ អ្នកមិនទាន់បានទៅដល់ផ្ទះពិតប្រាកដទេ ទោះអ្នកមាន ឬគ្មានអ្វីក៏ដោយ ក្នុងពេលសព្វថ្ងៃ។ មានផ្ទះមួយដែលប្រសើរជាងកន្លែងដែលយើងកំពុងរស់នៅ។ ចូរប្រាកដថា របៀបដែលអ្នកប្រើពេលវេលា អំណោយទាន និងធនធានរបស់អ្នក បានឆ្លុះបញ្ចាំងអំពីការយល់ដឹងនេះ។
ខគម្ពីរសញ្ជឹងគិត៖ ១ថែស្សាឡូនីច ៥:១-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១សាំយ៉ូអែល ១-៣ និងអេភេសូរ ៣