
ការដើរក្នុងពន្លឺរបស់ព្រះគ្រីស្ទ
ដោយKaren Huang
October 15, 2025
១យ៉ូហាន ១:៥-១០
បើសិនជាយើងរាល់គ្នាថា យើងមានសេចក្ដីប្រកបនឹងទ្រង់ តែដើរក្នុងសេចក្ដីងងឹតវិញ នោះឈ្មោះថាយើងកុហក ហើយមិនប្រព្រឹត្តតាមសេចក្ដីពិតទេ។ ១យ៉ូហាន ១:៦
កាលក្មួយស្រីរបស់ខ្ញុំនៅក្មេង ពួកគេចូលចិត្តនាំខ្ញុំលេងល្បែងកម្សាន្ត បន្ទាប់ពីអាហារពេលល្ងាច។ ពួកគេបិទភ្លើងក្នុងផ្ទះ ហើយយើងក៏បានដើរក្នុងភាពងងឹតដោយគ្មានគោលដៅ ពេលយើងប៉ះគ្នាយើងក៏បានចាប់ដៃគ្នាជាប់ ហើយអស់សំណើច។ ពួកគេចូលចិត្តលេងបន្លាចខ្លួនឯង ដោយសម្រេចចិត្តដើរក្នុងកន្លែងងងឹត ដោយដឹងថា ពួកគេអាចបើកភ្លើងឲ្យភ្លឺឡើងវិញ នៅពេលណាក៏បាន។
ក្នុងសំបុត្រដែលសាវ័កយ៉ូហានបានសរសើរផ្ញើទៅអ្នកជឿព្រះយេស៊ូវ នៅសម័យពួកជំនុំដំបូង គាត់បាននិយាយអំពីការសម្រេចចិត្តដើរ ក្នុងភាពងងឹតមួយប្រភេទទៀត។ បទគម្ពីរ ១យ៉ូហាន ១:៦ បាននិយាយអំពី “ភាពងងឹត” សំដៅទៅលើអំពើបាប។ ការដើរក្នុងភាពងងឹត មិនគ្រាន់តែជាការធ្វើអំពើបាបតែមួយពេល តែក៏ជាការសម្រេចចិត្តបន្តធ្វើអំពើបាបនោះ។ សាវ័កយ៉ូហានបានរំឭកយើងថា ព្រះដ៏បរិសុទ្ធនៃយើងគឺជា “ពន្លឺ” ហើយ “គ្មានសេចក្ដីងងឹតណា នៅក្នុងទ្រង់សោះ”(ខ.៥)។ ដូចនេះ ពេលណាយើងអះអាងថា យើងមានទំនាក់ទំនងជាមួយព្រះអង្គ តែបន្តធ្វើអំពើបាបដោយស្ម័គ្រពីចិត្ត នោះមានន័យថា “យើងកុហក ហើយមិនប្រព្រឹត្តតាមសេចក្ដីពិតទេ”(ខ.៦)។ ព្រះយេស៊ូវដែលជាពន្លឺក្នុងលោកិយ បានយាងមក ដើម្បីឲ្យ “អ្នកណាដែលតាម[ព្រះអង្គ] នោះមិនដែលដើរក្នុងសេចក្ដីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ”(យ៉ូហាន ៨:១២)។
ដោយសារព្រះគុណព្រះ បន្ទាប់ពីយើងវង្វេងក្នុងភាពងងឹតខាងវិញ្ញាណ ហើយងាកបែរមករកព្រះអង្គ ដោយការប្រែចិត្ត យើងអាចដើរក្នុងពន្លឺរបស់ព្រះអង្គឡើងវិញ តាមផ្លូវ និងគោលបំណងរបស់ព្រះអង្គ។ ព្រះអង្គនឹង “នឹងអត់ទោសបាបឲ្យយើង ហើយនឹងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង”(១យ៉ូហាន ១:៩)។ ទាល់តែយើងរស់នៅ ដោយការស្តាប់បង្គាប់ព្រះ ទើបយើងអាចអរសប្បាយនឹងព្រះពរដ៏ពេញលេញ ក្នុងទំនាក់ទំនងជាមួយព្រះអង្គ និងជាមួយអ្នកជឿដទៃទៀត(ខ.៧)។—Karen Huang
តើអ្នកបានសម្រេចចិត្ត “ដើរក្នុងភាពងងឹត” នៅពេលណា? តើការសម្រេចចិត្តនេះមានផលប៉ះពាល់អ្វីខ្លះ
មកលើទំនាក់ទំនងដែលអ្នកមានជាមួយព្រះ និងជាមួយអ្នកជឿដទៃទៀត?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការអត់ទោសបាប និងជួយទូលបង្គំ។
សូមព្រះអង្គជួយទូលបង្គំឲ្យដើរក្នុងពន្លឺរបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៤៥-៤៦ និង ១ថែស្សាឡូនិច ៣