
គ្រប់គ្រងបបូរមាត់របស់អ្នក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 16, 2025
«អ្នកណាដែលរវាំងមាត់ នោះរមែងរក្សាជីវិតខ្លួន តែអ្នកណាដែលហាមាត់ធំ នោះនឹងត្រូវវិនាសទៅ» (សុភាសិត ១៣:៣)។
លោក ថូម៉ាស ប្រ៊ូក (Thomas Brooks) ជាពួកភ្យួរីធិន ធ្លាប់បានសរសេរពាក្យមួយឃ្លាថា «យើងស្គាល់លោហធាតុ ដោយសារសម្លេងគោះរបស់វា ហើយយើងស្គាល់មនុស្ស ដោយសារការនិយាយស្តីរបស់ពួកគេ»។1
ពាក្យសម្ដីរបស់មនុស្សកម្រមានភាពអព្យាក្រិតណាស់។ ព្រះទ្រង់ស្តាប់ឮពាក្យសម្ដីគ្រប់ម៉ាត់ដែលយើងនិយាយ ហើយព្រះអង្គទតឃើញជីវិតយើងនៅចំពោះមុខព្រះអង្គ ហើយព្រះគម្ពីរមានសមត្ថភាពចាក់ទម្លុះ ហើយបើកបង្ហាញគំនិតដែលកប់ជ្រៅបំផុតក្នុងចិត្តយើង ដែលយើងព្យាយាមលាក់បាំងពីខ្លួនឯង និងអ្នកដទៃ។
មនុស្សម្នាក់ៗមានការដិតជាប់ទៅដោយការចងចាំពាក្យសម្ដី ដែលគេបាននិយាយមកកាន់យើង។ យើងប្រហែលជាសញ្ជឹងគិតអំពីក្តីអំណរដែលយើងមាន កាលយើងបានឮពាក្យសម្ដីដំបូងរបស់កូន ឬនៅតែមានអារម្មណ៍ល្វីងជូរចត់ ចំពោះពាក្យសម្ដីរបស់មិត្តភក្តិដែលធ្វើឲ្យយើងឈឺចាប់។ ចាប់តាំងពីថ្ងៃដំបូងនៃជីវិតយើង យើងបានរៀនប្រើពាក្យសម្ដីដែលនាំឲ្យមានការខូចខាត និងពាក្យសម្ដីដែលនាំឲ្យមានភាពសប្បាយរីករាយ។ ស្ដេច សាឡូម៉ូន មានបន្ទូលត្រូវណាស់ «ទោះទាំងសេចក្ដីស្លាប់ ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្ដាតដែរ» (សុភាសិត ១៨:២១)។
យើងរាល់គ្នាសុទ្ធតែធ្លាក់ចូលក្នុងអំពើបាប។ ដូចនេះ ពាក្យសម្ដីដែលធ្វើឲ្យឈឺចាប់ពិតជាងាយនឹងហើរចេញពីមាត់របស់យើង។ វាអាចជាពាក្យសម្ដីឥតបើគិត ដូចជាការគ្រវីគ្រវាត់ដាវដោយមិនខ្វល់អ្វីសោះ ហើយវាអាចជាពាក្យដែលមិនប្រយ័ត្ន នៅពេលដែលយើងឆ្លើយមុនពេលយើងស្តាប់។ ជួនកាល យើងគ្រាន់តែនិយាយច្រើនពេក ហើយដោយជៀសមិនរួច យើងនិយាយអំពីរឿងដែលយើងគួរតែទុកសម្រាប់ខ្លួនឯង។ ពាក្យសម្ដីអាចបំផ្លាញអ្នកជិតខាង ធ្វើឲ្យមិត្តភក្តិមានអារម្មណ៍ឈឺចាប់ ហើយបញ្ឆេះភ្លើង ក្នុងទំនាក់ទំនងដែលយើងមានជាមួយអ្នកដទៃ។ ពាក្យសម្ដីខុសមួយមាត់ ធ្វើឲ្យខូចចរិតលក្ខណៈរបស់មនុស្សម្នាក់ ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ ឬធ្វើឲ្យជីវិតរបស់មនុស្សម្នាក់ប្រែជាឥតប្រយោជន៍អស់រយៈពេលយ៉ាងយូរ។ យើងសុទ្ធតែដឹងអំពីរឿងនេះ ប៉ុន្តែយើងពិតជាពិបាកគ្រប់គ្រងមាត់របស់ខ្លួនឯង។ មានពេលប៉ុន្មានដងហើយ ដែលយើងជ្រុលជ្រួសពាក្យសម្ដី បណ្ដាលឲ្យមានការខូចខាតមកលើខ្លួនឯង និងអ្នកដទៃ។
បើយើងពិតជាស្មោះត្រង់ ក្នុងការទទួលស្គាល់គ្រោះថ្នាក់នៃអណ្តាតរបស់យើង យើងប្រាកដជាមានការយោគយល់ និងអត់ធ្មត់ចំពោះគ្នាទៅវិញទៅមកមិនខាន។ ហើយយើងនឹងមានចិត្តឆេះឆួលកាន់តែខ្លាំង ក្នុងការព្យាយាមគ្រប់គ្រងអណ្តាតរបស់យើង និងលះបង់ចោលពាក្យសម្ដីដែលបង្ខូចបំផ្លាញ ដោយជំនួយមកពីព្រះអង្គ។ យើងនឹងបង្ហាញការយោគយល់ចំពោះមិត្តភក្តិ ក្រុមគ្រួសារ និងអ្នកជិតខាងរបស់យើង! មានតែព្រះយេស៊ូវទេដែលល្អឥតខ្ចោះ ព្រះអង្គមិនដែលប្រព្រឹត្តអំពើបាប ដោយសារព្រះបន្ទូលរបស់ព្រះអង្គឡើយ (យ៉ាកុប ៣:២)។ បើយើងព្យាយាមផ្លាស់ប្រែឲ្យមានលក្ខណៈដូចព្រះអង្គក្នុងការនិយាយស្ដី យើងប្រហែលជានឹងបានឃើញមនុស្សកាន់តែច្រើន មានការស្ញប់ស្ញែងចំពោះព្រះបន្ទូលដែលមានក្តីអាណិត សុភាព សប្បុរស ចេញពីព្រះឱសរបស់ព្រះអង្គ (លូកា ៤:២២)។
ពាក្យសម្ដី និងការប្រព្រឹត្តរបស់អ្នក មិនអាចសម្រេចអ្វីមួយបានសម្រាប់អ្នក ដោយខ្លួនឯងនៅពីមុខទ្វារស្ថានសួគ៌ទេ ប៉ុន្តែពាក្យសម្ដី និងការប្រព្រឹត្តទាំងនោះគឺជាភស្តុតាងបញ្ជាក់ថា អ្នកពិតជាមានជំនឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដូចដែលអ្នកបានប្រកាសមែន។ «ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្ដាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ» (យ៉ាកុប ១:១៩)។ តើអ្នកនឹងអនុវត្តតាមបទគម្ពីរនេះ ដោយការប្រុងប្រយ័ត្នដូចម្ដេចខ្លះ?
ខគម្ពីរសញ្ជឹងគិត៖ យ៉ាកុប ៣:២-១២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១សាំយ៉ូអែល ១០-១២ និងអេភេសូរ ៥:១៧-៣៣