
ព្រះទ្រង់តាមរកយើង
ដោយMarvin Williams
October 16, 2025
ទំនុកដំកើង ១១៩:១៦៩-១៧៦
ទូលបង្គំបានវង្វេងទៅ ដូចជាចៀមបាត់បង់ សូមដេញរកអ្នកបំរើទ្រង់ផង ដ្បិតទូលបង្គំមិនភ្លេចសេចក្ដីបង្គាប់របស់ទ្រង់ឡើយ ។ ទំនុកដំកើង ១១៩:១៧៦
លោកដាវីឌ អ៊ូថល(David Uttal) គឺជាអ្នកវិទ្យាសាស្ត្រចិត្តវិទ្យាទាក់ទងនឹងការគិត ដែលបានធ្វើការសិក្សាអំពីការស្ទង់មើលទិសដៅ ប៉ុន្តែ គាត់មានបញ្ហា ក្នុងការស្វែងរកផ្លូវ ក្នុងទីតាំងភូមិសាស្រ្តមួយចំនួន។ នេះមិនមែនជាបញ្ហាដែលទើបតែកើតឡើងចំពោះគាត់នោះឡើយ។ គាត់ចាប់ផ្តើមមានបញ្ហានេះតាំងពីពេលដែលគាត់មានអាយុ១៣ឆ្នាំ ដោយបានវង្វេងផ្លូវអស់រយៈពេល២ថ្ងៃកន្លះ ក្នុងការដើរកម្សាន្តក្នុងព្រៃភ្នំ។ លោកអ៊ូថលបានទទួលស្គាល់ថា គាត់នៅតែមានការពិបាកយ៉ាងខ្លាំង ក្នុងការធ្វើដំណើរ តាមទិសដៅដ៏សាមញ្ញ ក្នុងការរស់នៅ។ ប៉ុន្តែ អ្នកខ្លះមានជំនាញស្វែងរកផ្លូវ ពីកំណើត ដោយដឹងច្បាស់ថា ពួកគេកំពុងស្ថិតនៅកន្លែងណា ហើយដឹងអំពីរបៀបដែលពួកគេអាចទៅកន្លែងដែលពួកគេចង់ទៅ។ អ្នកផ្សេងទៀត មិនខុសពីលោកអ៊ូថលទេ គឺពួកគេមានការពិបាកក្នុងការស្វែងរកផ្លូវ ហើយច្រើនតែវង្វេងផ្លូវ ទោះមានការបង្ហាញទិសដៅច្បាស់លាស់ក៏ដោយ។
អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏ធ្លាប់មានបទពិសោធន៍ នៅក្នុងការវង្វេងផងដែរ បានជាគាត់អធិស្ឋានថា “ទូលបង្គំបានវង្វេងទៅ ដូចជាចៀមបាត់បង់ សូមដេញរកអ្នកបំរើទ្រង់ផង ដ្បិតទូលបង្គំមិនភ្លេចសេចក្ដីបង្គាប់របស់ទ្រង់ឡើយ”(ទំនុកដំកើង ១១៩:១៧៦)។ គាត់បានប្រៀបធៀបខ្លួនគាត់ ជាមួយនឹងសត្វចៀមដែលវង្វេងផ្លូវ។ ទោះសត្វចៀមអាចជាសត្វដែលមានតម្លៃក៏ដោយ ក៏ពួកវាចេះបះបោរប្រឆាំងនឹងអ្នកគង្វាល ហើយជួនកាល ពួកវាវង្វេងចេញពីគាត់ និងត្រូវការឲ្យគាត់ស្វែងរក និងជួយសង្គ្រោះពួកវាផងដែរ។ ជំនាញស្វែងរកទិសដៅខាងវិញ្ញាណរបស់អ្នកនិពន្ធបទគម្ពីរទំនុកដំកើង មានការអន់ខ្សោយ បានជាគាត់ត្រូវការឲ្យព្រះទ្រង់តាមរកគាត់ និងប្រទានគាត់នូវ “យោបល់តាមព្រះបន្ទូលទ្រង់”(ខ.១៦៩)។
ពេលណាយើងវង្វេងចេញពីការថែរក្សារបស់ព្រះ ព្រះអង្គនៅតែស្រឡាញ់យើង បានជាព្រះអង្គស្វែងរក និងដឹកនាំយើងត្រឡប់ទៅរកព្រះអង្គវិញ។ យើងអាចជៀសវាងការវង្វេងខាងវិញ្ញាណ ខណៈពេលដែលព្រះអង្គជួយយើងឲ្យយល់បទគម្ពីរ ហើយដើរតាម “គ្រប់ទាំងសេចក្តីបង្គាប់”របស់ទ្រង់(ខ.១៧២)។—Marvin Williams
តើអ្នកបានរសាត់អណ្តែតចេញពីព្រះ និងប្រាជ្ញារបស់ព្រះអង្គ ដោយរបៀបណា?
តើអ្នកនឹងនឹកចាំសេចក្តីបង្គាប់របស់ព្រះអង្គ ដោយរបៀបណា នៅថ្ងៃនេះ?
ឱព្រះប្រកបដោយព្រះគុណ ទូលបង្គំទទួលស្គាល់ថា ទូលបង្គំមានលក្ខណៈដូចសត្វចៀមដែលវង្វេងជាញឹកញាប់
ដោយទូលបង្គំងាយនឹងបែកអារម្មណ៍ ហើយវង្វេងចេញពីព្រះអង្គ។ សូមព្រះអង្គនាំទូលបង្គំវិលត្រឡប់ទៅក្បែរព្រះអង្គវិញ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៤៧-៤៩ និង ១ថែស្សាឡូនិច ៤