
ធំឧត្តមល្មមនឹងអាចខ្វល់ពីយើង
ដោយJames Banks
October 20, 2025
យ៉ូណាស ៤:៥-១១
រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ... តើមិនគួរឲ្យអញអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ ..ទេឬអី ។ យ៉ូណាស ៤:១០-១១
តើព្រះទ្រង់អាចយកព្រះទ័យទុកដាក់ចំពោះមនុស្សច្រើនយ៉ាងនេះ ដោយរបៀបណា? សំណួរនេះបានលេចឡើងក្នុងគំនិតខ្ញុំ នៅពេលដែលខ្ញុំបោះជំហានចេញពីកន្លែងរង់ចាំ នៅស្ថានីយរថភ្លើង ក្នុងទីក្រុងមួយដែលមានមនុស្សរស់នៅកកកុញ ស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីផ្ទះរបស់ខ្ញុំ។ កាលនោះ ខ្ញុំគឺជាក្មេងជំទង់ម្នាក់ដែលធ្វើដំណើរក្រៅប្រទេស ជាលើកដំបូង ហើយខ្ញុំមានចិត្តស្ញប់ស្ញែង ចំពោះទំហំនៃពិភពលោកនៅជុំវិញខ្លួនខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំហាក់ដូចជាតូចល្អិតណាស់បើធៀបនឹងពិភពលោកទាំងមូល ហើយឆ្ងល់ថា តើព្រះទ្រង់អាចស្រឡាញ់មនុស្សច្រើនយ៉ាងនេះ ដោយរបៀបណា។
កាលនោះ ខ្ញុំមិនទាន់បានយល់អំពីទំហំនៃសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះរបស់ព្រះអង្គនៅឡើយទេ។ ក្នុងព្រះគម្ពីរប៊ីប ហោរាយ៉ូណាសក៏មិនទាន់អាចយល់ដែរ។ នៅពេលដែលលោកយ៉ូណាស បានស្តាប់បង្គាប់តាមការត្រាស់ហៅរបស់ព្រះ ឲ្យផ្សាយព្រះបន្ទូលទៅកាន់ទីក្រុងនីនីវេ ឲ្យប្រជាជននៅទីនោះប្រែចិត្ត រាជធានីនៃចក្រភពអាសស៊ើរដ៏កាចសាហាវនេះ បានសង្កត់សង្កិននគរអ៊ីស្រាអែលជាទឹកដីកំណើតរបស់គាត់ បានជាគាត់មិនចង់ឲ្យព្រះអង្គអត់ទោសបាបឲ្យពួកគេទេ។ ប៉ុន្តែ លោកយ៉ូណាសក៏បានខឹង នៅពេលដែលទីក្រុងនោះពិតជាបានប្រែចិត្ត ហើយព្រះទ្រង់មិនបានបំផ្លាញពួកគេទេ។ ព្រះទ្រង់បានប្រទានជម្រកសម្រាប់លោកយ៉ូណាស ដោយប្រើដើមវល្លិដែលដុះលឿន តែបន្ទាប់មក ព្រះអង្គក៏បានដកម្លប់នោះចេញពីគាត់ បានជាគាត់មានកំហឹងកាន់តែខ្លាំងឡើង។ លោកយ៉ូណាសក៏បានរអ៊ូរទាំ តែព្រះទ្រង់បានឆ្លើយតបថា “ឯងបានអាល័យចំពោះដើមវល្លិ ដែលឯងមិនបានដាំ ... ដូច្នេះ តើមិនគួរឲ្យអញអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ ដែលមានមនុស្សជាង១សែន២ម៉ឺននាក់...ទេឬអី”(យ៉ូណាស ៤:១០-១១)។
ព្រះទ្រង់មានសេចក្តីស្រឡាញ់ដ៏លើសលប់ បានជាព្រះអង្គអាចយកព្រះទ័យទុកដាក់យ៉ាងជ្រាលជ្រៅ ដល់អ្នកដែលនៅឆ្ងាយពីព្រះអង្គ។ សេចក្តីស្រឡាញ់របស់ព្រះអង្គបានឈានទៅដល់ការសុគតនៅលើឈើឆ្កាង និងផ្នូរដែលនៅទទេ ដើម្បីបំពេញតម្រូវការធំបំផុតរបស់យើង។ ភាពធំឧត្តមរបស់ព្រះអង្គបានបង្ហាញចេញមក នៅក្នុងសេចក្តីល្អរបស់ព្រះអង្គ ហើយព្រះអង្គសព្វព្រះទ័យនឹងនាំយើងចូលទៅជិតព្រះអង្គ។—James Banks
តើអ្នកមានការកម្សាន្តចិត្តយ៉ាងណា ពេលដែលបានដឹងថា ព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះអ្នក?
តើអ្នកនឹងឆ្លើយតប ចំពោះសេចក្តីស្រឡាញ់របស់ព្រះអង្គដូចម្តេចខ្លះ?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានសង្គ្រោះទូលបង្គំ។
|សូមព្រះអង្គជួយទូលបង្គំឲ្យស្រឡាញ់អ្នកដទៃ ដូចព្រះអង្គដែរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៥៩-៦១ និង ២ថែស្សាឡូនិច ៣