ព្រឹក

នៅពេលដែលព្រះទ្រង់អត់ទោសឲ្យយើង
ដោយPatricia Raybon
October 25, 2025
និក្ខមនំ ៣៤:៤-១០
ទ្រង់យាងកាត់នៅមុខលោកទាំងប្រកាសថា យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ ជាបរិបូរ។ និក្ខមនំ ៣៤:៦
ថ្ងៃមួយ ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ បានធ្វើឲ្យបែកក្រឡធ្វើពីលង្ហិន ដែលមានអាយុ៣៥០០ឆ្នាំ ដោយអចេតនា ក្នុងសារមន្ទីរមួយ នៅប្រទេសអ៊ីស្រាអែល។ ក្រោយមក គាត់ក៏បានទទួលការឆ្លើយតបដ៏សប្បុរស និងគួរឲ្យភ្ញាក់ផ្អើល។ បុគ្គលិករបស់សារមន្ទីរបានអត់ឱនទោសឲ្យគាត់ ហើយអញ្ជើញគាត់ឲ្យវិលត្រឡប់មកទស្សនានៅសារៈមន្ទីរនោះម្តងទៀត។ ជំនួសមុខឲ្យសារមន្ទីរហេច លោករ៉ូអ៊ី សាហ្វៀរ(Roee Shafir) បាននិយាយថា ការធ្វើដូចនេះបានលើកទឹកចិត្តមនុស្សនៅទូទាំងពិភពលោក ឲ្យមានចំណាប់អារម្មណ៍ចំពោះដំណើរការនៃការជួសជុលឡើងវិញ និងអាចបណ្តាលចិត្តក្មេងប្រុសនោះ ឲ្យមានចំណាប់អារម្មណ៍ ចំពោះប្រវត្តិសាស្រ្ត និងបុរាណវត្ថុវិទ្យា ជាដំណោះស្រាយវិជ្ជមាន ដែលនាំមកនូវការប្រោសឲ្យជា។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការប្រកាសរបស់ព្រះ អំពីការអត់ទោសបាប សម្រាប់រាស្រ្តអ៊ីស្រាអែល បន្ទាប់ពីពួកគេបះបោរទាស់នឹងព្រះអង្គ។ ពួកគេបានបះបោរទាស់នឹងព្រះអង្គ ដោយអង្វរលោកអើរ៉ុន ជាប្អូនប្រុសរបស់លោកម៉ូសេ ឲ្យធ្វើរូបកូនគោធ្វើពីមាស សម្រាប់ឲ្យពួកគេថ្វាយបង្គំ(និក្ខមនំ ៣២:១)។ កាលលោកម៉ូសេ “បានឃើញរូបកូនគោនោះ ហើយឃើញគេកំពុងតែលោតរាំលេង នោះម៉ូសេកើតមានសេចក្ដីកំហឹងខឹងក្ដៅជាខ្លាំង ក៏បោះបន្ទះថ្មទាំង២ចេញពីដៃបំបែកនៅជើងភ្នំទៅ”(ខ.១៩)។
តាមការបង្គាប់របស់ព្រះ “លោកក៏ដាប់បន្ទះថ្ម២ផ្ទាំង ឲ្យដូចជាថ្មទាំង២ពីមុននោះ រួចលោកក្រោកពីព្រលឹម ឡើងទៅលើភ្នំស៊ីណាយ”(៣៤:៤)។ នៅពេលដែលព្រះទ្រង់យាងចុះមក “ទ្រង់យាងកាត់នៅមុខលោកទាំងប្រកាសថា យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្ដោស ... ទ្រង់មានសេចក្ដីមេត្តាករុណាដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះសេចក្ដីទុច្ចរិត សេចក្ដីរំលង នឹងអំពើបាប”(ខ.៦-៧)។
ការក្រើនរំឭកនេះពិតជាបានលើកទឹកចិត្តយើងខ្លាំងណាស់។ ទោះយើងមានបាបធ្ងន់យ៉ាងណា ក៏ព្រះអង្គនៅតែអត់ទោសឲ្យយើង ពេលណាយើងសូមព្រះអង្គអត់ទោសឲ្យយើង ហើយកែប្រែចិត្តចេញពីបាប។ ព្រះអង្គសព្វព្រះទ័យនឹងស្អាងយើងឡើងវិញ។—Patricia Raybon
តើអ្នកមានអំពើបាបណាខ្លះ ដែលព្រះទ្រង់បានអត់ទោសឲ្យ?
ហេតុអ្វីការអត់ទោសរបស់ព្រះអង្គ គឺជាអំណោយនៃព្រះគុណដ៏អស្ចារ្យ?
ឱព្រះអម្ចាស់ ពេលណាបាបរបស់ទូលបង្គំ ធ្វើឲ្យព្រះអង្គខ្ញាល់ ឬខកព្រះទ័យ
សូមព្រះអង្គត្រាស់ហៅទូលបង្គំឲ្យវិលត្រឡប់មករកសេចក្តីអាណិត និងសេចក្តីស្រឡាញ់របស់ព្រះអង្គវិញ ដោយការអត់ទោស។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៦-៨ និង ១ធីម៉ូថេ ៥
ប្រភេទ
ល្ងាច

បន្លានៅក្នុងសាច់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 25, 2025
«ហើយក្រែងខ្ញុំកើតមានចិត្តធំ ដោយព្រោះការបើកសំដែងដ៏ហួសល្បត់នោះ បានជាមានបន្លា១ចាត់មកក្នុងសាច់ឈាមខ្ញុំ គឺជាទេវតារបស់អារក្សសាតាំង ដែលមកធ្វើទុក្ខខ្ញុំ ដើម្បីកុំឲ្យខ្ញុំមានចិត្តធំឡើយ» (២កូរិនថូស ១២:៧)។
បើអ្នកប្រមូលផ្តុំតន្ត្រីករជាច្រើនដែលមានទេពកោសល្យ ប៉ុន្តែពួកគេចាប់អារម្មណ៍មកលើផ្នែករបស់ខ្លួនឯងតែប៉ុណ្ណោះ នោះអ្នកមិនអាចឲ្យពួកគេធ្វើការប្រគំតន្ត្រីបានទេ។ អ្នកនឹងគ្រាន់តែអាចបង្កើតឲ្យមានសម្លេងភ្លេងមិនស៊ីសង្វាក់គ្នា នាំឲ្យមានការរំខានដល់ត្រចៀកអ្នកស្តាប់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលពួកគេប្រើអំណោយទានរៀងខ្លួន ដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន និងមានការបន្ទាបខ្លួន នោះនៅក្រោមការដឹកនាំរបស់មេភ្លេង និងអក្សរភ្លេង អ្នកនឹងទទួលបានតន្ត្រីដ៏ពីរោះ ហើយមានភាពស៊ីសង្វាក់គ្នា។
ដើម្បីឲ្យការប្រគំតន្ត្រីប្រព្រឹត្តទៅបានល្អ តន្ត្រីករត្រូវលះបង់ចិត្តដែលចង់ឲ្យខ្លួនឯងលេចធ្លោជាយ៉ាងណា នោះក្នុងជំនឿរបស់គ្រីស្ទាន យើងក៏ត្រូវធ្វើដូចនេះផងដែរ។ អំណោយទានខាងវិញ្ញាណ មិនគួរធ្វើជាប្រភពនៃអំនួតឡើយ ព្រោះសរុបមកវាគ្រាន់តែជាអំណោយប៉ុណ្ណោះ។ ប៉ុន្តែ យើងច្រើនតែជួបកាលល្បួងឲ្យប្រើអំណោយទានដែលព្រះប្រទាន ដើម្បីលើកតម្កើងខ្លួនឯង ធ្វើមើលតែយើងបានបង្កើតអំណោយទានទាំងនោះ ឬសក្តិសមនឹងមានពួកវា ឬប្រើពួកវាដើម្បីប្រយោជន៍ផ្ទាល់ខ្លួនធ្វើមើលតែពួកវាជាកម្មសិទ្ធិរបស់យើងអញ្ចឹង។ ការនេះធ្វើឲ្យយើងប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលកើតឡើងពីការលើកតម្កើងខ្លួនឯងជ្រុលពេក ហើយអ្នកដែលមានអំណោយទានសំខាន់ជាងគេ ក៏ជួបការល្បួងនេះខ្លាំងជាងគេផងដែរ។ សាវ័ក ប៉ុល បានជួបការល្បួងនេះដោយផ្ទាល់។ គាត់ជាមនុស្សមានការអប់រំ និងប្រវត្តិរូបដ៏ខ្ពង់ខ្ពស់ក្នុងសង្គម ហើយមានឥទ្ធិពលមកលើជីវិតមនុស្សជាច្រើន (ភីលីព ៣:៤-៦)។
នៅពេលដែលគាត់ប្រឈមមុខដាក់ពួកសាវ័កក្លែងក្លាយ នៅសម័យនោះ ដែលកំពុងអួតអំពីចំណេះដឹងអំពីព្រះ សាវ័ក ប៉ុល ក៏បានរៀបរាប់អំពីការបើកសម្ដែងដ៏អស្ចារ្យមួយ (២កូរិនថូស ១២:២-៤)។ ការនេះធ្វើឲ្យគាត់ងាយនឹងលើកតម្កើងខ្លួនឯង។ តើមានអ្វីរារាំងគាត់មិនឲ្យអួត? គឺបន្លានៅក្នុងសាច់។ គាត់មិនបាននិយាយលម្អិតថា បន្លានោះគឺជាអ្វីទេ ដូចនេះ យើងក៏មិនគួរគិតស្មានដែរ។ ការដឹងថាបន្លានោះជាអ្វី មិនសំខាន់ដូចការដឹងថា បន្លានោះមានប្រយោជន៍ប៉ុណ្ណោះចំពោះគាត់ ព្រោះសាវ័ក ប៉ុល ទទួលស្គាល់ថា បន្លាក្នុងសាច់នេះ បានក្រើនរំឭកមកពីព្រះឲ្យគាត់បន្ទាបខ្លួន និងនឹកចាំអំពីភាពកម្សោយដែលគាត់មានស្រាប់ ដើម្បីកុំឲ្យគាត់អួតថា គាត់សំខាន់ប៉ុណ្ណានោះឡើយ ហើយដើម្បីឲ្យគាត់បន្តពឹងផ្អែកលើព្រះ។
យើងមិនខុសពីពួកគ្រូក្លែងក្លាយដែលសាវ័កបានលើកមកនិយាយ នៅត្រង់ចំណុចដែលថា យើងច្រើនតែជួបការល្បួងឲ្យលើកតម្កើងតម្លៃខ្លួនឯងផ្អែកទៅលើឥទ្ធិពល និងភាពជោគជ័យរបស់យើង ទោះតូចឬធំក្តី។ ទោះជាយ៉ាងណាក៏ដោយ ទីបំផុត គេដឹងច្បាស់ថា អ្វីដែលយើងអួតនោះមិនស្ថិតស្ថេរ ហើយនឹងរលាយទៅវិញ។ ក្នុងផែនការ និងសេចក្តីល្អរបស់ព្រះ «បន្លាក្នុងសាច់» របស់សាវ័ក ប៉ុល បានជួយយើងឲ្យយល់អំពីទុក្ខលំបាករបស់យើង ដែលមានដូចជា ជំងឺ បញ្ហាហិរញ្ញវត្ថុ បញ្ហាទំនាក់ទំនង ការពិបាកក្នុងការចិញ្ចឹមកូន និងថែមទាំងការតយុទ្ធនឹងអំពើបាប។ ព្រះទ្រង់មានហេតុផលដែលត្រូវឲ្យយើងជួបបង្ហាញដែលចាំបាច់ ដែលពិបាក មិនឈប់ឈរក្នុងជីវិតយើង។ យកល្អ យើងគួរតែរស់នៅជាអ្នកជឿដែលបន្ទាបខ្លួន ដោយមានបន្លា ជាជាងរស់នៅជាអ្នកជឿដែលមានអំនួត ពឹងផ្អែកខ្លួនឯង និងមិនមានទុក្ខលំបាកអ្វីសោះ។ យើងចាំបាច់ត្រូវស្គាល់ភាពកម្សោយរបស់យើង ដើម្បីឲ្យយើងបន្តពឹងផ្អែកលើព្រះគុណព្រះ ដើម្បីឲ្យបានសង្គ្រោះ និងបានព្រះចេស្ដារបស់ព្រះ សម្រាប់ការរស់នៅរៀងរាល់ថ្ងៃ។ ដូចនេះ យើងមិនត្រូវសួរថា បន្លានោះនឹងកើតមានចំពោះយើងនោះទេ តែត្រូវសួរថា តើអ្នកនឹងអនុញ្ញាតឲ្យព្រះទ្រង់ប្រើ «បន្លា» របស់អ្នក ដើម្បីក្រើនរំឭកអ្នកថា មានតែព្រះអង្គទេ ដែលជាប្រភពនៃអំណោយរបស់អ្នក និងធ្វើឲ្យអ្នកមានប្រយោជន៍ខាងវិញ្ញាណ។
ខគម្ពីរសញ្ជឹងគិត៖ ២កូរិនថូស ១១:៣០-១២:១០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២សាំយ៉ូអែល ១-២ និង១ធីម៉ូថេ ៥