ព្រឹក

ព្រះដែលបានបង្កើតរបស់ទាំងអស់មក
ដោយKirsten Holmberg
October 27, 2025
លោកុប្បត្តិ ១:១-៨,៣១
រួចព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ។ លោកុប្បត្តិ ១:៣១
កាលពីឆ្នាំ២០២១ លោកវីលៀម សេតន័រ(William Shatner) ជាតួសម្ដែងក្នុងរឿង Star Trek មានចិត្តសប្បាយរីករាយ ក្នុងការជិះយានអវកាស ចូលទៅក្នុងទីអវកាស នៅក្រៅភពផែនដី។ ក្រោយមក នៅពេលដែលគាត់បានពិចារណា អំពីការធ្វើដំណើរនោះ គាត់ក៏បាននិយាយថា បទពិសោធន៍គ្រប់យ៉ាងដែលគាត់ទទួលបាននៅក្នុងទីអវកាស សុទ្ធតែខុសពីការរំពឹងគិត។ គាត់បានរំពឹងគិតថា ភាពធំសម្បើមអស្ចារ្យនៃអវកាស នឹងផ្តល់ឲ្យគាត់នូវអារម្មណ៍តភ្ជាប់ដ៏ស៊ីជម្រៅជាមួយនឹងជីវិតទាំងអស់ ប៉ុន្តែ ផ្ទុយទៅវិញ គាត់មានអារម្មណ៍សោកសង្រេង ដោយសារគាត់បានសង្កេតឃើញថា ភាពងងឹតនៅអវកាសមានភាពត្រជាក់ និងទទេ ដែលការនេះបានផ្តល់ឲ្យគាត់នូវការយល់ដឹងជាថ្មី អំពីសម្រស់ និងភាពផុយស្រួយរបស់ផែនដី។
មនុស្សមិនច្រើនទេ ដែលបានធ្វើដំណើរឡើងទៅទីអវកាស ដើម្បីទទួលបានបទពិសោធន៍ដូចនេះ ដោយផ្ទាល់។ ការពិពណ៌នាក្នុងព្រះគម្ពីរប៊ីប អំពីស្នាព្រះហស្តដ៏ប៉ិនប្រសព្វរបស់ព្រះ ក្នុងចក្រវាល បានអញ្ជើញយើងឲ្យមើលឃើញទីអវកាស ដូចដែលព្រះអង្គបានទតឃើញវាដែរ។ កិច្ចការដំបូងដែលព្រះអង្គធ្វើ ដូចដែលមានចែងក្នុងព្រះគម្ពីរប៊ីប គឺជាការបង្កើត “ផ្ទៃមេឃនិងផែនដី” ដោយនាំសណ្ដាប់ធ្នាប់ចូលទៅក្នុងភាពទទេ និងគ្មានរូបរាង្គ ហើយ “ញែកពន្លឺចេញពីងងឹត” (លោកុប្បត្តិ ១:១-២,៤)។ ការពិពណ៌នាជាបន្តបន្ទាប់ បានបើកបង្ហាញអំពីរបស់សព្វសារពើគ្រប់យ៉ាងសុទ្ធតែល្អ ដែលព្រះទ្រង់បង្កើតឲ្យមានជីវិត ដែលរាប់បញ្ចូលទាំងរុក្ខជាតិ សត្វ និងដែលសំខាន់បំផុតនោះគឺមនុស្ស ដែលដូចរូបអង្គរបស់ទ្រង់។
ស្នាព្រះហស្តទាំងអស់របស់ព្រះ សូម្បីតែរបស់អ្វីដែលនៅកន្លែងឆ្ងាយបំផុត និងងងឹតបំផុត ក្នុងអវកាស សុទ្ធតែបានបើកបង្ហាញព្រះចេស្តា និងអំណាចរបស់ព្រះអង្គ ប៉ុន្តែ ទន្ទឹមនឹងនោះ ព្រះអង្គបានប្រទានការយល់ដឹងពិសេស អំពីកិច្ចការដែលព្រះអង្គបានធ្វើ នៅលើផែនដី។ ភាពស្រស់ស្អាតនៅជុំវិញខ្លួនយើងបណ្តាលចិត្តយើង ឲ្យថ្វាយបង្គំព្រះ ដែលបានបង្កើតរបស់សព្វសារពើមក។—Kirsten Holmber
តើព្រះទ្រង់បានបណ្តាលចិត្តអ្នកឲ្យថ្វាយបង្គំព្រះអង្គ តាមរយៈស្នាព្រះហស្តរបស់ព្រះ នៅពេលណាខ្លះ?
តើអ្នកអាចអរព្រះគុណព្រះអង្គ សម្រាប់អ្វីខ្លះក្នុងចំណោមស្នាព្រះហស្តព្រះអង្គ នៅថ្ងៃនេះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការបង្កើត និងទ្រទ្រង់ផែនដី និងអស់អ្នកដែលរស់នៅលើផែនដី។
ទូលបង្គំសូមថ្វាយបង្គំព្រះអង្គ ជាព្រះអាទិករនៃរបស់សព្វសារពើ។
For further study, read How Nature Makes God Visible at ODBM.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ១២-១៤ និង ២ធីម៉ូថេ ១
ប្រភេទ
ល្ងាច

ព្រះយេស៊ូវស្វាគមន៍ពួកគេ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 27, 2025
«ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរព្រះមានសុទ្ធតែមនុស្សដូចវារាល់គ្នាដែរ។ ហើយខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនទទួលនគរព្រះដូចជាកូនក្មេង១នេះ នោះមិនបានចូលទៅក្នុងនគរនោះឡើយ។ ទ្រង់ក៏ឱបវារាល់គ្នា ហើយដាក់ព្រះហស្តលើ ទាំងប្រទានពរឲ្យផង» (ម៉ាកុស ១០:១៤-១៦)។
ក្នុងសតវត្សរ៍ទី២១ ពេលណាយើងគិតអំពីកុមារ យើងច្រើនតែផ្ដោតទៅលើលក្ខណសម្បត្តិរបស់ពួកគេ តាមគំនិតរបស់យើង ដោយគិតឃើញថា ពួកគេគួរឲ្យស្រឡាញ់ និងគួរឲ្យចង់លើកបី ហើយពេលខ្លះ យើងច្រឡំគិតថា ពួកគេល្អឥតខ្ចោះ និងជាចំណុចកណ្ដាលនៃចក្រវាល។ ការមានទស្សនៈដូចនេះ អំពីកុមារ ពិតជាបានរាំងខ្ទប់សមត្ថភាពរបស់យើង ក្នុងការយល់អត្ថន័យរបស់ព្រះបន្ទូល ដែលបានបង្គាប់ថា «ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ»។
លក្ខណសម្បត្តិពិតប្រាកដរបស់កុមារ ស្ថិតនៅក្នុងចំណុចស្នូលការពណ៌នារបស់ព្រះយេស៊ូវអំពីពួកគេ។ ក្មេងៗមិនបោះឆ្នោត មិនមានប័ណ្ណបើកបរ ហើយមនុស្សពេញវ័យមិនសុំឲ្យពួកគេធ្វើការសម្រេចចិត្ត នៅក្នុងរឿងសំខាន់ៗក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ឬក្នុងជីវិតរបស់គ្រួសាររបស់ពួកគេឡើយ។ កាលនៅតូច ពួកគេពឹងផ្អែកទៅនរណាម្នាក់ទាំងស្រុង។ ប៉ុន្តែ និយាយឲ្យចំ ក្មេងៗមានមាឌតូច និងមិនអាចជួយខ្លួនឯងបាន គឺហាក់ដូចជាមិនមានលក្ខណៈខាងក្រៅដែលគួរឲ្យកោតសរសើរនោះទេ។ ដូចនេះ តើយើងមានអារម្មណ៍ស្ញប់ស្ញែងទេ នៅពេលដែលព្រះយេស៊ូវបានទទួលស្វាគមន៍ក្មេងៗ ដោយភាពកក់ក្តៅយ៉ាងខ្លាំង? ប៉ុន្តែ ខណៈពេលដែលយើងស្ញប់ស្ញែង យើងមិនគួរភ្ញាក់ផ្អើលទេ នៅពេលដែលយើងពិចារណាអំពីការដែលព្រះទ្រង់បានប្រើមនុស្សដែលបន្ទាបខ្លួន និងមនុស្សតូចទាបតាមរបៀបដ៏អស្ចារ្យ ជាញឹកញាប់។ យើងមិនអាចសង្ឃឹមថា នឹងបានចូលនគរព្រះដោយសារអំពើល្អ ឬតម្លៃខ្លួនឯងនោះទេ។ ផ្ទុយទៅវិញ នគរព្រះគឺសម្រាប់មនុស្សទាល់ក្រ ឯកោ និងគ្មានទីពឹង ដែលមិនមានលក្ខណសម្បត្តិដែលគួរឲ្យស្ញប់ស្ញែង គឺមនុស្សដូចក្មេងៗជាដើម។
នៅពេលដែលយើងទទួលស្គាល់ថា យើងត្រូវមានលក្ខណៈដូចក្មេងៗ យើងក៏ត្រូវដឹងផងដែរថា ដើម្បីចូលនគរព្រះ យើងត្រូវតែទទួលស្គាល់ជាមុនថា យើងមិនអាចជួយខ្លួនឯងបាន ហើយត្រូវពឹងផ្អែកលើព្រះអង្គ។ យើងចូលមករកព្រះគ្រីស្ទដោយមិនបាននាំយកសមត្ថភាព ឬភាពជោគជ័យនៅក្នុងដៃរបស់យើងនោះទេ តែដោយដៃទទេ បើកចំហជាស្រេច ដើម្បីទទួលពីព្រះអង្គ។ ហើយដែលគួរឲ្យកត់សម្គាល់នោះ ដំណឹងល្អបានប្រាប់យើងថា យើងត្រូវតែមើលទៅព្រះអង្គដែលបានយកកំណើតជាសាច់ឈាម ជាទារកតូច ដែលត្រូវការឪពុកម្តាយថែទាំ។ ដូចនេះ អ្នកដែលបានយកគំរូតាមការបន្ទាបព្រះកាយរបស់ព្រះអង្គ សមនឹងមានអំណរក្នុងការចូលនគររបស់ព្រះអង្គ។
ការដែលព្រះយេស៊ូវទទួលក្មេងៗក្នុងខគម្ពីរទាំងនេះ គឺបានវាយបំបាក់អំនួតរបស់យើង ហើយលើកយើងឡើង ក្នុងភាពកម្សោយរបស់យើង។ អ្នកប្រហែលជាចាត់ទុកការងារ ឬមុខតំណែងរបស់អ្នកជាការងារដែលគួរឲ្យសរសើរ ឬគួរឲ្យកត់សម្គាល់ ហើយអ្នកក៏ចង់ធ្វើជាអ្នកយកអាសាគេជាជាងឲ្យគេយកអាសាអ្នក។ ឬអ្នកប្រហែលជាគិតថា អ្នកដទៃមិនសូវឲ្យតម្លៃអ្នក (ឬអ្នកមិនសូវឲ្យតម្លៃខ្លួនឯង) ហើយអ្នកមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ព្រះសព្វព្រះទ័យនឹងប្រទានអ្វីមួយដល់អ្នក លើសពីការចំណាយពេលអស់កល្បជានិច្ចជាមួយអ្នក។ ទោះអ្នកមានចរិតលក្ខណៈ ឬកាលៈទេសៈដូចម្ដេចក៏ដោយ ចូរចូលមករកព្រះយេស៊ូវជារៀងរាល់ថ្ងៃ ដោយជំនឿដូចក្មេងៗ ដោយទទួលស្គាល់ភាពកម្សោយ និងទទួលស្គាល់ថា យើងមិនអាចជួយខ្លួនឯងបាន។
នេះជាផ្លូវតែមួយចូលទៅក្នុងនគររបស់ព្រះអង្គ និងជាផ្លូវតែមួយ ដើម្បីអរសប្បាយនឹងព្រះពរនៃការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ។
ខគម្ពីរសញ្ជឹងគិត៖ លូកា ១១:១-១៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២សាំយ៉ូអែល ៦-៨ និង១យ៉ូហាន ១