ព្រឹក

ការអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង
ដោយKaren Huang
October 31, 2025
អេភេសូរ ១:៥-៧
យើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់។ អេភេសូរ ១:៧
លោកអនដ្រេស(Andres) គឺជាម្ចាស់ក្រុមហ៊ុនអេឡិចត្រូនិកមួយ បានឲ្យរង្វាន់ដល់បុគ្គលិក ដែលបានលក់ផលិតផល ក្នុងកំណត់ត្រាដ៏លេចធ្លោ ដោយឲ្យពួកគេធ្វើដំណើររយៈពេលមួយថ្ងៃ ទៅរមណីយដ្ឋានឆ្នេរសមុទ្រមួយកន្លែង។ លោកអនដ្រេក៏បានយកកូនប្រុសគាត់អាយុ៧ឆ្នាំ ឈ្មោះជីមមី(Jimmy) ទៅជាមួយផងដែរ។ មុនពេលចេញដំណើរ គាត់បានកាន់ដៃឪពុកគាត់ដោយចិត្តរំភើបរីករាយ ខណៈពេលដែលអ្នកដំណើរម្នាក់ៗឡើងជិះឡានវែន។ មានបុគ្គលិករបស់គាត់ម្នាក់ បានសួរជីមមី ក្នុងលក្ខណៈលេងសើចថា តើគាត់នឹងចូលរួមដំណើរកម្សាន្តជាមួយពួកគេមែនទេ? តើគាត់លក់ផលិតផលបានប៉ុន្មានដែរ? គាត់ឆ្លើយថា គាត់មិនបានលក់ផលិតផលទេ។ ឪពុករបស់គាត់បានអនុញ្ញាតឲ្យគាត់ចូលរួមដំណើរកម្សាន្តនេះ។
ជីមមី មិនចាំបាច់ត្រូវធ្វើការងារ ដើម្បីឲ្យបានចូលរួមដំណើរកម្សាន្តនេះឡើយ ព្រោះឪពុករបស់គាត់គឺជាអ្នកបង់ថ្លៃធ្វើដំណើរ។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ យើងក៏មិនពឹងផ្អែកលើអំពើល្អរបស់យើង ដើម្បីឲ្យបានចូលស្ថានសួគ៌ដែរ។ ព្រះទ្រង់បានបើកផ្លូវឲ្យយើងចូលនគរស្ថានសួគ៌ ដោយសារការសុគតរបស់ព្រះយេស៊ូវជំនួសយើង និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ “ឈ្នួលរបស់អំពើបាបគឺជាសេចក្តីស្លាប់”(រ៉ូម ៦:២៣) ហើយព្រះលោហិតរបស់ព្រះយេស៊ូវ គឺជា “ថ្លៃលោះ” ដែលបានរំដោះយើងឲ្យរួចពីបំណុល ដែលយើងបានជំពាក់ព្រះអង្គ។ “យើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្ដីប្រោសឲ្យរួចពីទោសតាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់”(អេភេសូរ ១:៧)។ ព្រះអង្គបានបើកផ្លូវដល់អស់អ្នកណាដែលជឿព្រះអង្គ “មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បវិញ”(យ៉ូហាន ៣:១៦)។ ព្រះរាជកិច្ចរបស់ព្រះគ្រីស្ទ និងជំនឿដែលយើងមានចំពោះព្រះអង្គ អនុញ្ញាតឲ្យយើងទៅរស់នៅជាមួយព្រះអង្គអស់កល្បជានិច្ច។
ពេលណាយើងទទួលជឿព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ យើងក្លាយជាកូនរបស់ព្រះ។ នេះគឺជា “ព្រះគុណដ៏ឧត្ដមរបស់ទ្រង់” ដែលបានប្រទានមកយើងដោយឥតគិតថ្លៃ(អេភេសូរ ១:៦)។ យើងក៏អាចមើលទៅព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ហើយនិយាយដោយទំនុកចិត្តថា “ព្រះវរបិតាបានអនុញ្ញាតឲ្យខ្ញុំចូលរួមជាមួយព្រះអង្គ”។—Karen Huang
តើការដឹងថា ព្រះយេស៊ូវបានសុគតជំនួសអ្នក បានធ្វើឲ្យអ្នកមានអារម្មណ៍ដូចម្តេច?
តើសេចក្តីពិតនេះមានឥទ្ធិពលយ៉ាងណាមកលើជីវិតអ្នក?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានសុគតជំនួសទូលបង្គំ។
ដោយសារព្រះគុណ និងសេចក្តីស្រឡាញ់ ព្រះអង្គបានអត់ទោសឲ្យបាបរបស់ទូលបង្គំ។
ទូលបង្គំអាចទន្ទឹងរង់ចាំពេលដែលទូលបង្គំនឹងបានទៅរស់នៅជាមួយព្រះអង្គជារៀងរហូត។
Learn more here: ODB.org/personal-relationship-with-god.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ២២-២៣ និង ទីតុស ១
ប្រភេទ
ល្ងាច

ចេញពីកន្លែងរង់ចាំបំណងព្រះទ័យព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 31, 2025
«រួចនាងលបចូលទៅ បើកភួយពីខាងចុងជើងលោកដេកទៅ។ លុះដល់ពេលកណ្ដាលអធ្រាត្រនោះលោកក៏នឹកខ្លាច ហើយភ្ងារប្រែខ្លួនមក ឃើញមានស្ត្រីម្នាក់ដេកនៅត្រង់ចុងជើងរបស់ខ្លួន» (នាងរស់ ៣:៧-៨)។
ជីវិតគ្រីស្ទបរិស័ទមិនមែនសម្រាប់រស់នៅ ក្នុងកន្លែងសុខស្រួលនោះទេ។
ក្នុងបទគម្ពីរនាងរស់ជំពូក៣ យើងឃើញថា នាងរស់បានប្រថុយយ៉ាងខ្លាំង នៅពេលដែលនាងចូលទៅរកលោកបូអូស ដើម្បីស្នើឲ្យគាត់ថែរក្សានាងដោយទទួលនាងជាភរិយា។ នាងបានចេញទៅតែម្នាក់ឯង នៅពាក់កណ្ដាលអធ្រាត្រ ចូលឃ្លាំងស្រូវ ដែលមានសុទ្ធតែមនុស្សប្រុសដែលកំពុងដេក បន្ទាប់ពីពួកគេបានធ្វើពិធីជប់លៀង អបអរការប្រមូលផល។ នៅពេលដែលលោក បូអូស គេងលក់ នាងក៏បានចូលទៅរកគាត់ ក្នុងពេលងងឹត ហើយបើកភួយនៅចុងជើងគាត់។ បើនាងបានភ្លាត់ស្នៀតតែបន្តិច ឬគេឃើញនាង យើងមិនដឹងថា ពួកប្រុសៗទាំងនោះអាចធ្វើអ្វីខ្លះមកលើនាង ឬមនុស្សនឹងគិតថា នាងមានបំណងយ៉ាងណាទេ។
ហេតុការណ៍ហាក់ដូចជារឿងចម្លែក សម្រាប់ភ្នែកមនុស្សនៅសតវត្សរ៍ទី២១ ប៉ុន្តែសកម្មភាពរបស់នាងរស់ ដែលខុសពីធម្មតា បានបង្ហាញចេញនូវការទុកចិត្តដោយចិត្តស្មោះត្រង់ លើការថែរក្សា និងការពាររបស់ព្រះ។ ព្រះទ្រង់បានអនុញ្ញាត តាមក្រឹត្យវិន័យរបស់ទ្រង់ឲ្យលោក បូអូស អាចធ្វើជាអ្នកលោះសាច់ញាតិរបស់ខ្លួនធ្វើជាអ្នកការពារ និងអ្នកផ្គត់ផ្គង់ដល់នាងរស់។ ព្រះអង្គបាននាំនាងរស់ ទៅវាលស្រែរបស់លោក បូអូស តាមផែនការរបស់ព្រះអង្គដែលនៅទីនោះ គាត់បានបង្ហាញសេចក្តីមេត្តាដល់នាង។ រឿងរបស់នាងបានបង្ហាញយើងម្តងហើយម្តងទៀតអំពីរបៀបដែលព្រះទ្រង់គ្រប់គ្រងតាមផែនការរបស់ទ្រង់មកលើកាលៈទេសៈទាំងអស់ដែលយើងមើលមិនឃើញ ដើម្បីសិរីល្អដល់ព្រះអង្គ និងសុខុមាលភាពរបស់រាស្ត្រព្រះអង្គ។
នៅពេលខ្លះ យើងនឹងជួបកាលៈទេសៈក្នុងជីវិតដែលយើងមិនអាចមើលលើសជំហានបន្ទាប់ មិនខុសពីនាងរស់ឡើយ។ មនុស្សជាច្រើនមានចិត្តចង់នៅក្នុងបន្ទប់រង់ចាំ ទាល់តែពួកគេហាក់ដូចជាបានដឹងគ្រប់ជ្រុងជ្រោយ។ យើងចង់មានសុវត្ថិភាព និងគ្រប់គ្រងស្ថានការណ៍របស់យើង។ ប៉ុន្តែ បើយើងនៅតែមិនចង់ធ្វើអ្វីសោះ ទាល់តែយើងមានអារម្មណ៍ថាចង់ធ្វើ នោះជីវិតយើងមិនសូវមានការលូតលាស់ខាងវិញ្ញាណ ហើយនឹងបានធ្វើបន្ទាល់តែបន្តិចបន្តួចអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះ។ ពេលណាយើងនៅទ្រឹងមួយកន្លែង ដោយសារយើងខ្លាចទៅតាមទិសដៅខុស យើងនឹងមិនអាចទៅណាសោះ។
ពេលណាយើងមិនអាចមើលទៅមុខលើសជំហានបន្ទាប់ ឬនៅពេលណាភាពមិនច្បាស់លាស់ ចូលក្នុងជីវិត ហើយពួកវានឹងកើតមានមែន! យើងត្រូវទុកចិត្តព្រះ ហើយធ្វើអ្វីមួយផ្អែកទៅលើសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះអង្គ ហើយទុកចិត្តការដឹកនាំរបស់ព្រះវិញ្ញាណរបស់ព្រះអង្គ។ ផែនការរបស់នាងរស់ មិនមានការធានា និងមិនមានការដឹងច្បាស់ តែនាងបានបោះជំហានទៅមុខ ព្រោះនាងទុកចិត្តព្រះ ដែលបានបង្ហាញសេចក្តីស្មោះត្រង់របស់ទ្រង់ចំពោះនាងម្តងហើយម្តងទៀត។
តើអ្នកចាំបាច់ត្រូវចាប់ផ្តើមគិតយ៉ាងដូចនេះទេ? តើអ្នកចាំបាច់ត្រូវមើល ឲ្យហួសព្រំដែននៃកន្លែងសុខស្រួលរបស់អ្នកតាមការត្រាស់ហៅរបស់ព្រះទេ? បើនាងរស់បានទទួលការបណ្ដាលចិត្តដោយជំនឿ និងការស្តាប់បង្គាប់ តើអ្នកបានទទួលការបណ្ដាលចិត្តពីអ្វី? តើមានផ្នែកណាខ្លះនៃជីវិតអ្នក នៅពេលនេះ ដែលបង្ហាញថា អ្នកទុកចិត្តព្រះអង្គ? អ្នកប្រហែលជាមានការសម្រេចចិត្តដែលត្រូវធ្វើ កន្លែងដែលត្រូវទៅ កិច្ចការដែលត្រូវធ្វើ ឬការសន្ទនាដែលត្រូវមាន ដែលអ្នកមិនបានដឹងឲ្យបានគ្រប់ជ្រុងជ្រោយ ហើយអ្វីដែលអ្នកអាចនិយាយនោះគឺ «ខ្ញុំគ្មានតម្រុយថា រឿងនេះនឹងទៅជាយ៉ាងណាទេ តែនេះជាអ្វីដែលព្រះទ្រង់កំពុងត្រាស់ហៅឲ្យខ្ញុំធ្វើ»។ ក្នុងស្ថានភាពនេះ ព្រះបន្ទូលព្រះអង្គត្រាស់ហៅអ្នកឲ្យប្រើប្រាជ្ញា ហើយបោះជំហានទៅមុខដោយជំនឿ មួយជំហានម្តងៗ ដោយទុកចិត្តលើព្រះដែលបានសុគតជំនួសអ្នក ហើយសន្យាថា «ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប» (ម៉ាថាយ ២៨:២០)។ ចូរទុកដាក់ជីវិតអ្នក មិនមែននៅក្នុងសុវត្ថិភាពនៃកន្លែងសុខស្រួលរបស់អ្នកឡើយ ប៉ុន្តែនៅក្នុងការដឹកនាំ នៃព្រះហស្តរបស់ព្រះអង្គដែលតែងតែផ្គត់ផ្គង់យើង។
ខគម្ពីរសញ្ជឹងគិត៖ នាងរស់ ៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២សាំយ៉ូអែល ១៦-១៨ និង១យ៉ូហាន ៥