
ការប្ដេជ្ញាចិត្តធ្វើអ្វីដែលត្រឹមត្រូវ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
November 2, 2025
«នោះបូអូសក៏ប្រកាសដល់ពួកចាស់ទុំនឹងមនុស្សទាំងនោះថា នៅថ្ងៃនេះសូមអ្នករាល់គ្នាចាំជាសាក្សីថា ខ្ញុំបានទិញទាំងអស់ដែលជារបស់អេលីម៉ាលេចនឹងរបស់គីលីយ៉ុនហើយ ហើយម៉ាឡូនពីន៉ាអូមីហើយ។ មួយទៀត ខ្ញុំបានទិញនាង រស់ សាសន៍ម៉ូអាប់ ជាប្រពន្ធរបស់ម៉ាឡូន មកធ្វើជាប្រពន្ធខ្ញុំដែរ» (នាងរស់ ៤:៩-១០)។
ជារៀងរាល់ថ្ងៃ នៅពេលដែលយើងជួបប្រទះបញ្ហាផ្សេងៗ សំណួរដែលយើងត្រូវសួរខ្លួនឯងនោះគឺ «តើអ្វីជារឿងត្រឹមត្រូវដែលខ្ញុំត្រូវធ្វើ?»
នេះជាអ្វីដែលលោក បូអូស បានគិតដល់ នៅពេលដែលគាត់តាំងចិត្តថា នឹងទៅច្រកទ្វារទីក្រុង។ គាត់ចង់រៀបការជាមួយនាង រស់ ផ្គត់ផ្គង់ និងថែរក្សានាង ធ្វើជាអ្នកលោះសាច់ញាតិរបស់នាង។ តែគាត់ក៏ដឹងផដែរថា មានសាច់ញាតិម្នាក់ដែលជិតដិតនឹងនាង រស់ ជាងគាត់ទៀត ដែលអាចសម្រេចចិត្តទទួលយកតួនាទីនោះ។ លោក បូអូស គឺជាមនុស្សត្រឹមត្រូវមិនអាចធ្វើអ្វីទាំងតក់ក្រហល់តាមអារម្មណ៍ នៅពេលដែលនាង រស់ សុំឲ្យគាត់រៀបការជាមួយនាងនៅកន្លែងបោកស្រូវ។ គាត់បានតាំងចិត្តថា នឹងទទួលយកនាង រស់ តាមផ្លូវច្បាប់។ លោក បូអូស បានចាត់ទុកការធ្វើអ្វីដែលត្រឹមត្រូវ ជាសំខាន់ជាងមុខមាត់របស់គាត់។ គាត់ទៅច្រកទ្វារទីក្រុង ជាកន្លែងសាធារណៈ ដើម្បីឲ្យបានរៀបការជាមួយជនបរទេសម្នាក់ ដែលអាចធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ និងកេរដំណែលរបស់គាត់។ សាច់ញាតិម្នាក់នោះ ដែលជិតដិតនឹងនាង រស់ជាងគាត់ មិនហ៊ានប្រថុយទេ (នាងរស់ ៤:៦)។ បុរសនោះមិនទាំងមានឈ្មោះក្នុងព្រះគម្ពីរផង។ អ្វីដែលយើងរៀនបាននោះគឺ៖ យើងមិនគួរព្យាយាមបង្កើត ឬការពារកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯងនោះទេ។ ចូរទុកឲ្យអ្នកដទៃសរសើរ និងគោរពយើង គឺយើងមិនត្រូវសរសើរខ្លួនឯងទេ។ យើងគួរតែព្យាយាមធ្វើអ្វីដែលត្រឹមត្រូវ។
ពាក្យសម្ដីរបស់លោក បូអូស បានបើកបង្ហាញថា គោលបំណងរបស់គាត់ គឺដើម្បីកុំឲ្យឈ្មោះរបស់ញាតិដែលបានស្លាប់នោះ ត្រូវកាត់ចេញពីពួកបងប្អូន នឹងពីទ្វារទីលំនៅរបស់គាត់ឡើយ» (នាងរស់ ៤:១០) គឺដើម្បីរក្សាឈ្មោះរបស់លោក អេលីម៉ាលេច ដែលជាប្ដីរបស់នាង ណាអូមី ដែលបានស្លាប់ ដោយបន្តវង្សត្រកូលរបស់គាត់។ នេះជាការលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដែលគួរឲ្យស្ញប់ស្ញែង។ បើលោក បូអូស គិតតែពីខ្លួនឯង និងអារម្មណ៍របស់គាត់ នោះគាត់អាចយកនាង រស់ ធ្វើជាប្រពន្ធតាមចិត្ត។ តែផ្ទុយទៅវិញ គាត់បានទទួលខុសត្រូវ និងដោះស្រាយជាសាធារណៈ។ នៅសម័យនោះ ការផ្ទេរឈ្មោះអ្នកលោះសាច់ញាតិ ត្រូវធ្វើឡើង ដោយការប្រគល់ស្បែកជើងសង្រែក ធ្វើជាបន្ទាល់ ជាសាធារណៈ (ខ.៧)។ ការប្រគល់នេះគឺជានិមិត្តរូបតំណាងឲ្យរឿងដែលសំខាន់ជាង គឺការប្ដេជ្ញាចិត្ត សេចក្តីស្រឡាញ់ និងការលះបង់ផ្ទាល់ខ្លួនដែលលោក បូអូស បានធ្វើសម្រាប់នាង រស់។ ស្រដៀងគ្នានេះដែរ ឈើឆ្កាងក៏ត្រូវបានបញ្ឈរឲ្យគេឃើញជាសាធារណៈ ហើយយើងអាចមើលឃើញការប្ដេជ្ញា សេចក្តីស្រឡាញ់ និងការលះបង់របស់ព្រះគ្រីស្ទដើម្បីយើង។ លោក បូអូស មានការលះបង់ផ្នែកហិរញ្ញវត្ថុ ដើម្បីរៀបការជាមួយនាង រស់។ ព្រះគ្រីស្ទបានលះបង់ព្រះជន្ម ដើម្បីលោះហើយ ហើយទទួលយើងជាពួកជំនុំ ធ្វើជាកូនក្រមុំរបស់ទ្រង់។
ការលះបង់ទាំងពីរនេះ គឺបានទទួលរង្វាន់ និងបន្សល់ទុកកេរដំណែល ដោយផ្តល់ឲ្យនូវអនាគត និងក្តីសង្ឃឹម សម្រាប់ស្ត្រីវ័យក្មេងជនជាតិម៉ូអាប់ និងម្តាយក្មេករបស់នាង ក៏ដូចជាមនុស្សជាតិទាំងមូល។ ការដែល លោក បូអូស ដេញតាមភាពត្រឹមត្រូវក្នុងអាពាហ៍ពិពាហ៍ជាផ្នែកសំខាន់មួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដោយបន្តវង្សត្រកូល ដែលទីបំផុត បាននាំមកនូវការប្រសូតនៃព្រះអង្គសង្គ្រោះនៃយើង (ម៉ាថាយ ១:៥)។ ហើយដោយសារការលះបង់របស់ព្រះគ្រីស្ទ សព្វថ្ងៃនេះ យើងទន្ទឹងរង់ចាំថ្ងៃដែលយើងនឹងឈរក្នុងសិរីល្អមើលឃើញព្រះភក្ត្រទ្រង់ ហើយសរសើរតម្កើងព្រះនាមព្រះអង្គជារៀងរហូត។ កូនកំលោះរបស់យើងបានយាងមក ដោយឈ្នះ ហើយទទួលបានយើងធ្វើជាកម្មសិទ្ធិទ្រង់យ៉ាងត្រឹមត្រូវ ដោយការលះបង់ធំបំផុត។ សូមយើងស្រមៃថា នាង រស់ មានអំណរប៉ុណ្ណា នៅពេលដែលបានឮថា លោក បូអូស បានប្រគល់ស្បែកជើងរបស់គាត់ ហើយបញ្ជាក់ថា គាត់នឹងរៀបការជាមួយនឹងនាង។ យើងក៏គួរតែមានអំណរស្រដៀងនេះដែរ នៅពេលដែលយើងមើលទៅឈើឆ្កាង ហើយដឹងថា យើងគឺជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទ។ យើងក៏គួរតែយកគំរូតាមលោក បូអូស នៅថ្ងៃដែលយើងធ្វើការសម្រេចចិត្ត និងជួបការលំបាក ហើយគ្រាន់តែសួរខ្លួនឯងថា «តើអ្វីជារឿងត្រឹមត្រូវដែលខ្ញុំត្រូវធ្វើ?»
ខគម្ពីរសញ្ជឹងគិត៖ នាងរស់ ៤:១-១២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២សាំយ៉ូអែល ២១-២២ និង ៣យ៉ូហាន