
លទ្ធផលផ្ទុយគ្នានៃការបៀតបៀន
ដោយDave Branon
November 2, 2025
កិច្ចការ ៧:៥៩-៨:៨
ហើយនៅទីក្រុងនោះ គេមានសេចក្ដីអំណរជាខ្លាំង ។ កិច្ចការ ៨:៨
រឿងមិនធម្មតាបានកើតឡើង ក្នុងបទគម្ពីរចំនួន១០ខ ចាប់តាំងពីបទគម្ពីរកិច្ចការ ៧:៥៩។ សាច់រឿងក្នុងបទគម្ពីរនេះបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពីការនិយាយអំពីការស្លាប់ដ៏រន្ធត់របស់លោកស្ទេផាន ដោយការចោលថ្មសម្លាប់ ទៅដល់ការនិយាយអំពីអ្នកជឿព្រះគ្រីស្ទដែលបានខ្ចាត់ខ្ចាយ និងការ “ផ្សាយព្រះបន្ទូល” ដែលនាំទៅដល់ការនិយាយពាក្យមួយឃ្លាដ៏អស្ចារ្យថា “នៅទីក្រុងនោះ គេមានសេចក្ដីអំណរជាខ្លាំង ”(៨:៨)។
នេះគឺជារឿងនៃការបៀតបៀនអ្នកជឿព្រះ ដែលនាំមកនូវលទ្ធផលផ្ទុយគ្នាពីរយ៉ាង ដែលពិតជាបានកើតឡើងមែន។
លោកគ្រូ ហ៊ីស្ត្រូ គូលីចេវ(Hristo Kulichev) ជាគ្រូគង្វាលអឺរ៉ុប បានដកពិសោធន៍ជាមួយនឹងការអស្ចារ្យនៃការល្អ ដែលកើតចេញពីអាក្រក់។ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ គាត់ត្រូវគេចាប់ខ្លួន ពីបទផ្សាយដំណឹងល្អ ហើយត្រូវគេចាប់ដាក់គុក។ នៅទីនោះ គាត់ក៏បានចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវ ដោយបើកចំហ។ ៨ខែក្រោយមក គាត់ត្រូវគេដោះលែង។ ពេលនោះគាត់ក៏បានមានប្រសាសន៍ថា “ការងារដែលយើងធ្វើបម្រើព្រះនៅទីនោះ មានផលផ្លែ លើសពីការងារដែលយើងរំពឹងថា យើងអាចធ្វើបានក្នុងព្រះវិហារ។ យើងបានធ្វើការបម្រើព្រះអង្គ ដោយវត្តមានរបស់យើងក្នុងគុក បានល្អជាងកន្លែងដែលយើងមានសេរីភាព”។
ដូចនេះ បទពិសោធន៍របស់គាត់បានផ្លាស់ប្តូរពីការរងទុក្ខដោយសារការបៀតបៀន ទៅជាការមានអំណរដ៏អស្ចារ្យ ដូចពួកជំនុំដំបូង។ នៅពេលដែល“កើតមានសេចក្ដីបៀតបៀនជាខ្លាំង ទាស់នឹងពួកជំនុំនៅក្រុងយេរូសាឡិម”(កិច្ចការ ៨:១) “ចំណែកអស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ គេដើរចុះឡើងទាំងផ្សាយដំណឹងល្អ គឺជាព្រះបន្ទូល”(ខ.៤)។ ជាលទ្ធផល នៅទីក្រុងសាម៉ារី “គេមានសេចក្តីអំណរជាខ្លាំង”(ខ.៨)។
ពេលណាអំណាចក្នុងលោកិយបានទាស់ប្រឆាំងនឹងសេចក្តីពិត និងការបង្រៀនក្នុងព្រះគម្ពីរប៊ីប ជាពិសេសដំណឹងល្អ ពេលនោះមិនមែនជាពេលដែលត្រូវបោះបង់ចោលការតស៊ូនោះទេ។ ព្រះទ្រង់ធ្វើការ តាមរបៀបដ៏អស្ចារ្យ ពេលណាពួកជំនុំជួបការលំបាកដូចនេះ។
សាវ័កពេត្រុសមានប្រសាសន៍ថា “ពួកស្ងួនភ្ងាអើយ កុំឲ្យមានប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្ដៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា”(១ពេត្រុស ៤:១២)។ ក្នុងករណីនេះ អ្នក “មានពរហើយ ពីព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតលើអ្នករាល់គ្នាហើយ”(ខ.១៤)។ ព្រះទ្រង់មានអំណាចកែប្រែការបៀតបៀនឲ្យក្លាយទៅជាអ្វីដែលមានតម្លៃ និងមានប្រយោជន៍ចំពោះយើង។—Dave Branon
តើការបៀតបៀនបានធ្វើឲ្យអ្នកថប់បារម្ភ និងបានលើកទឹកចិត្តអ្នកយ៉ាងណាខ្លះ?
ហេតុអ្វីអ្នកគិតថា ការបៀតបៀនអាចនាំទៅរកក្តីអំណរ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យនៅតែស្មោះត្រង់ចំពោះព្រះអង្គ។
Visit ODBU.org/CH101 to discover the rich story of how the church sprung up from these circumstances.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ២៧-២៩ និង ទីតុស ៣