
តភ្ជាប់គ្នាដោយសារព្រះយេស៊ូវ
ដោយXochitl Dixon
November 3, 2025
អេភេសូរ ២:១២-២២
ដែលដោយសារទ្រង់ ដំណាក់ទាំងមូលនោះបានផ្គុំភ្ជាប់គ្នា ទាំងចំរើនឡើងជាវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ ។ អេភេសូរ ២:២១
ថ្មកោងនៃទីក្រុងគ្រែន រែភីត ដែលលោកអ៊ែនឌី ហ្គោលវើឌី(Andy Goldsworthy) បានសង់នៅលើចិញ្ចើមផ្លូវមួយខ្សែ ដែលហាក់ដូចជាជើងដែលកំពុងបោះជំហានដើរ នៅតាមផ្លូវជាមួយអ្នកដំណើរទាំងឡាយ។ សិល្បៈកររូបនេះបានបង្កើតថ្មកោងមានកម្ពស់៥ម៉ែត្រកន្លះ ដោយប្រើថ្មជ្រង់ធំៗ៣៦ដុំ ជាថ្មភក់មកពីប្រទេសស្កត់ឡង់ ដោយមិនប្រើស៊ីម៉ង់ ឬដែកឡើយ។ ឥដ្ឋជ្រុងនីមួយៗត្រូវបានគេកាត់តម្រឹមឲ្យមានទំហំខុសគ្នា ហើយតម្រៀបត្រួតលើគ្នា ដូចសរសេរពីរទ្រេតទៅរកគ្នា និងប្រសព្វគ្នានៅកំពូល បង្កើតបានជារាងកោងដូចធ្នូ ដោយពឹងផ្អែកទៅលើសំពាធដែលបង្កើតឡើង ដោយថ្មដែលមានរូបរាងដូចស្នៀតនៅកណ្តាល និងនៅលើគេ ដែលធ្វើឲ្យសំណង់ទាំងមូលអាចឈរបានយ៉ាងមាំមួន ដោយមិនដួលរលំដោយខ្លួនឯងបាន។ ថ្មដែលនៅកណ្តាលនោះ មានភាពចាំបាច់ ក្នុងការតភ្ជាប់ថ្មនីមួយៗធ្វើជាសំណង់តែមួយ ដែលឈរមាំ ដូចថ្មជ្រុងសម្រាប់សង់គ្រឹះ។
សំណង់ដែលគួរឲ្យចាប់អារម្មណ៍មួយនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីរបៀបដែលព្រះយេស៊ូវបានបម្រើការជា “ថ្មជ្រុង” របស់ពួកជំនុំរបស់ទ្រង់ដែលមានជាតិសាសន៍ចម្រុះ (អេភេសូរ ២:២០)។ កាលពីមុន សាសន៍ដទៃ ដែលមិនមែនជាសាសន៍យូដា “ឃ្លាតចេញពីអំណាចជាតិអ៊ីស្រាអែលផង ជាមនុស្សដទៃខាងឯសេចក្ដីសញ្ញា ដែលទ្រង់បានសន្យាទុក ក៏ឥតមានទីសង្ឃឹម ហើយគ្មានព្រះក្នុងលោកីយនេះដែរ”(ខ.១២)។ ព្រះយេស៊ូវបានធ្វើឲ្យជាតិសាសន៍ទាំងពីរក្រុមរួមគ្នាមកតែមួយ ហើយបាន “រុះជញ្ជាំងដែលខាន់កណ្ដាលចេញ”(ខ.១៤)។ ព្រះអង្គបានបង្កើត “មនុស្សជាតិថ្មីមួយ” និង “បានផ្សះផ្សាទាំង២នឹងព្រះ ក្នុងរូបកាយតែ១ ដោយសារឈើឆ្កាង” ដោយឲ្យសាសន៍ទាំងអស់ “មានផ្លូវចូលទៅដល់ព្រះវរបិតា ដោយព្រះវិញ្ញាណតែ១”(ខ.១៥-១៦,១៨)។
ព្រះគ្រីស្ទបានសង់យើងឡើង ជាពួកជំនុំ “សំរាប់ជាលំនៅនៃព្រះដោយនូវព្រះវិញ្ញាណ”(ខ.២២)។ ព្រះអង្គបានបង្កើតយើងមកធ្វើជាមនុស្សមានលក្ខណៈពិសេសរៀងខ្លួន និងបានតភ្ជាប់យើងជាមួយព្រះអង្គ និងជាមួយគ្នាទៅវិញទៅមក តាមរយៈអង្គទ្រង់ ហើយដើរជាមួយយើង។ ពួកជំនុំរួមគ្នាមកតែមួយ ដោយសារព្រះយេស៊ូវ។—Xochitl Dixon
តើមានអ្វីរារាំងអ្នក មិនឲ្យតភ្ជាប់ជាមួយព្រះយេស៊ូវ ជាព្រះមែស៊ី ជាអ្នកបង្រួបបង្រួមពួកជំនុំ?
តើព្រះអង្គបានជួយអ្នកតភ្ជាប់ជាមួយពួកជំនុំដែលមានជាតិសាសន៍ចម្រុះ ដោយរបៀបណា?
ឱព្រះយេស៊ូវ សូមព្រះអង្គពង្រឹងចំណងទាក់ទងរបស់ទូលបង្គំជាមួយព្រះអង្គ
និងសមាជិកនៃគ្រួសារទ្រង់ដែលមានជាតិសាសន៍ចម្រុះគ្នា។
Learn more here: ODB.org/personal-relationship-with-god.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៣០-៣១ និង ភីលេម៉ូន