ព្រឹក

សេចក្តីសប្បុរសសម្រាប់អ្នករងទុក្ខ
ដោយLisa Samra
November 13, 2025
អូបាឌា ១:៤-៩,១២-១៣
មិនត្រូវឲ្យឯងនឹកឃើញ ពីថ្ងៃរបស់បងប្អូនឯង ជាថ្ងៃដែលគេត្រូវអន្តរាយ ដោយមានចិត្តរីករាយពីដំណើរពួកកូនចៅយូដា ក្នុងកាលដែលគេត្រូវបំផ្លាញនោះឡើយ។ អូបាឌា ១:១២
កាលពីខែសីហា ឆ្នាំ២០២៣ មានភ្លើងឆេះព្រៃមួយបានបំផ្លិចបំផ្លាញទីក្រុងឡាហៃណា រដ្ឋហាវៃ ដែលបានបណ្តាលឲ្យមនុស្ស៩៩នាក់បាត់បង់ជីវិត និងបានបំផ្លាញអាគារជាង២០ពាន់ខ្នង។ ភ្លើងឆេះព្រៃនេះ ស្ថិតក្នុងចំណោមភ្លើងឆេះព្រៃដែលកាចសាហាវបំផុត ក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក។ ខណៈពេលដែលប្រជាពលរដ្ឋនៅទីនោះកំពុងតែមានចិត្តតក់ស្លុត ដោយសារការវិនាសកម្មនេះ ពួកគេក៏បានទទួលរងការបះទង្គិចផ្លូវចិត្តជាបន្ថែមទៀត នៅពេលដែលមានមនុស្សអាក្រក់ចូលលួចក្នុងអគារទាំងនោះយករបស់ទ្រព្យ ហើយពួកអ្នករកស៊ីអចលនទ្រព្យដែលមានចិត្តលោភលន់ ក៏បានព្យាយាមចាប់យកដីធ្វើជាកម្មសិទ្ធិរបស់ខ្លួនទៀត។
សេចក្តីប៉ងប្រាថ្នាដែលពុករលួយ ច្រើនតែព្យាយាមទាញយកប្រយោជន៍ ពីកាលៈទេសៈដ៏សោកសៅរបស់អ្នកដទៃ គឺដូចដែលព្រះអម្ចាស់បានមានបន្ទូលធ្ងន់ៗអំពីបញ្ហានេះ ទៅកាន់សាសន៍អេដំម។ ហោរាអូបាឌាបានព្រមានសាសន៍អេដំម ដែលជាខ្មាំងសត្រូវរបស់សាសន៍អ៊ីស្រាអែលអស់ជាច្រើនជំនាន់(អេសេគាល ៣៥:៥) ដោយប្រាប់ពួកគេអំពីការជំនុំជម្រះដ៏យុត្តិធម៌របស់ព្រះអម្ចាស់ ព្រោះសាសន៍អេដំមបានប្រើទីតាំងភូមិសាសន៍ដែលមានប្រៀបជាងពួកអ៊ីស្រាអែល(អូបាឌា ១:៣) ហើយបានគាស់កាយទ្រព្យសម្បត្តិរបស់គេ(ខ.៦) ចងសម្ព័ន្ធមិត្តជាមួយសាសន៍ដទៃ(ខ.៧) និងប្រើពួកអ្នកប្រាជ្ញា(ខ.៨) និងកម្លាំងទ័ព(ខ.៩) ដើម្បីកេងប្រវ័ញ្ចសាសន៍ដែលទន់ខ្សោយជាងខ្លួន។ ហោរាអូបាឌាក៏បានស្តីបន្ទោសឲ្យពួកអេដំមដែលបានអរសប្បាយ នៅពេលដែលប្រជាជនអ៊ីស្រាអែលក្លាយជាឈ្លើយសឹក ដែលត្រូវគេនិរទេសឲ្យទៅរស់នៅក្នុងទឹកដីសាសន៍ដទៃ។ ជាជាងមានចិត្តអាណិតដល់ពួកគេ សាសន៍អេដំមថែមទាំងបានលុកលុយផ្ទះរបស់ពួកគេយកទ្រព្យសម្បត្តិ ហើយក៏បានដង្ហែក្បួនទ័ពចូលទីក្រុងដែលបានដួលរលំ(ខ.១២-១៣)។
ប្រជាពលរដ្ឋនៅក្រុងឡាហៃណា បានឃើញទង្វើគួរឲ្យស្អប់ខ្ពើម បន្ទាប់ពីមានគ្រោះភ្លើងឆេះព្រៃនោះ តែទោះជាយ៉ាងណាក៏ដោយ ពួកគេក៏បានមើលឃើញសេចក្តីសប្បុរស នៅពេលដែលព្រះវិហារនៅលើកោះនោះ បានប្រែក្លាយជាមជ្ឈមណ្ឌលមនុស្សធម៌ ដែលផ្តល់ឲ្យនូវជម្រក អាហារក្តៅៗ និងជួយបំពេញតម្រូវការបន្ទាន់។
នៅពេលដែលនរណាម្នាក់កំពុងមានទុក្ខវេទនា យើងក៏មានជម្រើសស្រដៀងនេះផងដែរ។ យើងមិនត្រូវទាញយកផលចំណេញពីការខាតបង់របស់ពួកគេឡើយ។ តែផ្ទុយទៅវិញ យើងអាចឆ្លើយតបចំពោះទុក្ខលំបាករបស់ពួកគេ តាមរបៀបដែលព្រះទ្រង់សព្វព្រះទ័យ ដូចពួកជំនុំនៅទីក្រុងឡាហៃណា ដោយចិត្តសប្បុរស។—Lisa M. Samra
តើអ្នកបានជួបការល្បួងឲ្យទាញយកប្រយោជន៍ពីទុក្ខលំបាកអ្នកដទៃ នៅពេលណា?
តើសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ បានជំរុញយើងឲ្យមានចិត្តសប្បុរសយ៉ាងណាខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំ ឲ្យបង្ហាញសេចក្តីសប្បុរសរបស់ព្រះអង្គ
ដល់នរណាម្នាក់ដែលកំពុងមានការឈឺចាប់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : បរិទេវ ១-២ និង ហេព្រើរ ១០:១-១៨
ល្ងាច

ការស្រុះស្រួលគ្នាក្នុងព្រះអម្ចាស់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
November 13, 2025
«ខ្ញុំសូមទូន្មានដល់នាង អ៊ើរ៉ូឌា នឹងនាង ស៊ុនទីចដែរ ឲ្យមូលគំនិតតែ១ក្នុងព្រះអម្ចាស់ ហើយខ្ញុំក៏សូមដល់អ្នក ឱគូកនស្មោះត្រង់របស់ខ្ញុំអើយ សូមជួយស្ត្រីទាំង២នោះ ដែលបានតតាំងជាមួយនឹងខ្ញុំ ក្នុងដំណឹងល្អផង ហើយនឹងអ្នកក្លេមេន នឹងគូកនខ្ញុំឯទៀត ដែលគេមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតដែរ» (ភីលីព ៤:២-៣)។
ការបែកបាក់ប្រៀបដូចជាច្រេះដែលស៊ីបំផ្លាញពួកជំនុំពីខាងក្នុង។
ហេតុនេះហើយ សាវ័ក ប៉ុល បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរបាយការណ៍អំពីស្ត្រីពីរនាក់ ក្នុងពួកជំនុំនៅទីក្រុងភីលីពដែលមានការឈ្លោះប្រកែកគ្នា។ ក្នុងសំបុត្ររបស់គាត់ គាត់បានសរសេរថា គាត់ «សូមទូន្មាន» ពួកគេ «ឲ្យមូលគំនិតតែ១»។ ហើយក្នុងការលើកឡើងអំពីការមិនចុះសម្រុងរបស់នាង អ៊ើរ៉ូឌា និងនាង ស៊ុនទីច សាវ័ក ប៉ុល បានផ្តល់ឲ្យយើងនូវគំរូដ៏ល្អសម្រាប់ការផ្សះផ្សាគ្នា។ គាត់បញ្ជាក់ច្បាស់ថា យើងត្រូវចាំថា យើងមានការរួបរួមគ្នាជាមួយបងប្អូន «ក្នុងព្រះអម្ចាស់»។ ពាក្យមួយឃ្លានេះបានពន្យល់ថា យើងជានរណានៅក្នុងចំណុចស្នូលរបស់យើង គឺយើងមិនមែនជាកម្មសិទ្ធិខ្លួនឯង តែយើងជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទ។
ដូចនេះ សាវ័ក ប៉ុល បានសូមឲ្យនាង អ៊ើរ៉ូឌា និងនាង ស៊ុនទីច នឹកចាំអំពីការរួបរួម «ក្នុងព្រះអម្ចាស់» និងចុះចូលការបង្រៀនរបស់ព្រះអង្គដែលបានប្រទានមកតាមរយៈពួកសាវ័ក ដូចដែលយើងបានចុះចូលនឹងព្រះបន្ទូលព្រះក្នុងព្រះគម្ពីរផងដែរ។ ព្រះគម្ពីរបានចែងច្បាស់ថា ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងត្រូវស្រឡាញ់ និងបម្រើព្រះជាទីមួយ។ បន្ទាប់មក យើងត្រូវព្យាយាមផ្គាប់ព្រះទ័យព្រះអង្គដូចដែលព្រះអង្គធ្វើការក្នុងចិត្តយើងឲ្យមានចិត្តចង់បម្រើអ្នកជិតខាងខ្លួនសម្រាប់ជាសេចក្ដីល្អឲ្យបានស្អាងពួកគេឡើង (រ៉ូម ១៥:២)។
ពេលណាយើងភ្លេចថា យើងជាកម្មសិទ្ធិផ្តាច់មុខរបស់ព្រះគ្រីស្ទ យើងនឹងប្រញាប់ធ្វើតាមចិត្តខ្លួនឯង ដើម្បីបុព្វហេតុខ្លួនឯង ប្រយុទ្ធដើម្បីការពារសិទ្ធិខ្លួនឯង និងមានអំនួត ក្នុងការឈ្លោះជាមួយនរណាក៏ដោយ ដែលមិនយល់ស្របនឹងយើង។ ការបែកបាក់ក្នុងចំណោមអ្នកជឿអាចបណ្ដាលឲ្យយើងបែកអារម្មណ៍ដោយសាររឿងតូចតាច ឬមិនសូវសំខាន់បានស្រូបយកថាមពលពីអ្នកឈ្លោះគ្នា ក៏ដូចជាអ្នកដែលជាប់នៅក្នុងជម្លោះនោះផងដែរ។ ពួកជំនុំមិនបានឈោងទៅរកមនុស្សនៅខាងក្រៅពួកជំនុំនោះទេ តែផ្ទុយទៅវិញ ពួកគេរវល់ដោះស្រាយបញ្ហាខាងក្នុង។ វាពិតជាមិនសមសោះ ដែលយើងម្នាក់ៗទទូចចង់ឲ្យគេធ្វើតាមគំនិតយើង ខណៈពេលដែលយើងជាកម្មសិទ្ធិរបស់ព្រះអង្គសង្គ្រោះដែលមិនបានធ្វើដូចនេះ។ បើព្រះយេស៊ូវបានគិតអំពីអង្គទ្រង់តាមរបៀបដែលយើងច្រើនតែគិត និងងាយគិតអំពីខ្លួនឯងយ៉ាងនេះ នោះព្រះអង្គមុខជាមិនបានមកយកកំណើតជាមនុស្ស គ្មានការសុគតនៅលើឈើឆ្កាង គ្មានការអត់ទោសបាប ហើយយើងក៏គ្មានសង្ឃឹមថា នឹងបានទៅស្ថានសួគ៌ដែរ។
យើងមិនគួរធ្វើពុតជាជឿថា ការបែកបាក់មិនអាចកើតមានក្នុងចំណោមអ្នកជឿនោះឡើយ។ វាពិតជាមានមែន។ ប៉ុន្តែ ក្នុងនាមយើងជាក្រុមមនុស្សដែលព្រះបានលោះ យើងត្រូវជម្នះការមិនចុះសម្រុងគ្នា ផ្អែកទៅលើកម្លាំង និងមូលដ្ឋានគ្រឹះនៃការរួបរួមរបស់យើងក្នុងព្រះអម្ចាស់។ យើងមិនអាចបន្តផ្ដោតទៅលើខ្លួនឯងបានទេ។ ក្នុងការប្រោសឲ្យជា និងការជួសជុលទំនាក់ទំនងដែលប្រេះស្រាំ យើងត្រូវយកតម្រាប់តាមព្រះគ្រីស្ទ ដោយផ្ដួចផ្ដើមឲ្យមានការផ្សះផ្សា។ នេះជាការត្រាស់ហៅសម្រាប់យើងរាល់គ្នា។ បើថ្ងៃនេះ អ្នកកំពុងស្ថិតក្នុងស្ថានភាពដូចនាង អ៊ើរ៉ូឌា និងនាង ស៊ុនទីច នោះព្រះអង្គក៏ត្រាស់ហៅអ្នកឲ្យ «មូលគំនិតតែ១ក្នុងព្រះអម្ចាស់» ផងដែរ ទោះមានការពិបាកយ៉ាងណាក៏ដោយ។ ការរួបរួមរបស់អ្នកជាមួយគ្រីស្ទបរិស័ទដទៃទៀត មានភាពរឹងមាំ ទោះជាមានការមិនចុះសម្រុងផ្សេងៗទៀតក៏ដោយ។ សព្វថ្ងៃនេះ បើពួកជំនុំរបស់អ្នកកំពុងមានមនុស្សដូចនាង អ៊ើរ៉ូឌា និងនាង ស៊ុនទីច នោះព្រះអង្គបានត្រាស់ហៅអ្នកឲ្យប្រព្រឹត្ត តាមការបង្គាប់របស់សាវ័ក ប៉ុល ឲ្យ «គូកនដ៏ស្មោះត្រង់» ជួយផ្សះផ្សាអ្នកដែលកំពុងមានជម្លោះឲ្យជាគ្នាវិញ។ សេចក្តីស្រឡាញ់ពិតផ្ដួចផ្ដើមឲ្យមានការផ្សះផ្សា។ សេចក្តីស្រឡាញ់ពិតចូលរួមដោះស្រាយបញ្ហាវិវាទ។ សេចក្តីស្រឡាញ់ពិតមិនអនុញ្ញាតឲ្យការបែកបាក់ ស៊ីបំផ្លាញពួកជំនុំ តែដេញតាមការរួបរួម ដែលស្អាងយើងឡើង។
ខគម្ពីរសញ្ជឹងគិត៖ យ៉ូហាន ១៧:១-២៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១របាក្សត្រ ៧-៩ និងលូកា ១:២១-៣៨