
ការដាស់តឿនអំពីការធ្វេសប្រហែសក្នុងភាពសុខស្រួល (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
November 19, 2025
«មិនដែលមានអ្នកណាដែលលះចោលផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្ដាយ ប្រពន្ធកូន ឬស្រែចំការ ដោយព្រោះយល់ដល់ខ្ញុំ ហើយនឹងដំណឹងល្អ ឥតបានទទួលជា១រយភាគឡើង ក្នុងសម័យនេះនោះឡើយ គឺជាផ្ទះសំបែង បងប្អូនប្រុសស្រី ម្ដាយហើយកូន នឹងស្រែចំការ ព្រមទាំងសេចក្ដីបៀតបៀនដែរ ហើយដល់បរលោក នាយ នឹងបានជីវិតរស់អស់កល្បជានិច្ចផង តែនឹងមានមនុស្សមុនទៅជាក្រោយជាច្រើន ហើយមនុស្សក្រោយទៅជាមុនវិញ» (ម៉ាកុស ១០:២៩-៣១)។
អាទិភាពរបស់ព្រះយេស៊ូវ គឺមិនមែនដើម្បីឲ្យយើងមានភាពសុខស្រួលនៅលើផែនដីនោះទេ។ កាលបុរសអ្នកមានម្នាក់ដែលមានវ័យក្មេងបានសួរព្រះយេស៊ូវអំពីជីវិតអស់កល្ប គាត់ក៏បានដើរចេញដោយទឹកមុខក្រៀមក្រំ ព្រោះគាត់មិនចង់ដើរចេញពីទ្រព្យសម្បត្តិរបស់គាត់ ដើម្បីដើរតាមព្រះអង្គឡើយ។ ព្រះយេស៊ូវក៏បានប្រាប់ពួកសិស្សថា «បើសត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុល នោះងាយជាជាងអ្នកមានចូលទៅក្នុងនគរព្រះវិញ» (ម៉ាកុស ១០:២៥)។ ពេលនោះ សាវ័ក ពេត្រុស ដែលចូលចិត្តនិយាយស្តីដោយគ្មានការកោតក្រែង ក្នុងឱកាសដូចនេះ ក៏បានចង្អុលបង្ហាញអំពីការលះបង់ដែលគាត់ និងសិស្សដទៃទៀតបានធ្វើ ដើម្បីដើរតាមព្រះយេស៊ូវ (ខ.២៨)។
លោក ពេត្រុស ប្រហែលជាកំពុងព្យាយាមសុំពាក្យធានាជាថ្មីថា គាត់ និងសាវ័កដទៃទៀតបាន «រួចផុត» ពីការព្រមានរបស់ព្រះយេស៊ូវ ដោយសារពួកគេបានលះបង់ទ្រព្យសម្បត្តិរបស់ខ្លួនហើយ។ ហើយព្រះយេស៊ូវពិតជាបានឆ្លើយតបដោយការលើកទឹកចិត្តថា អស់អ្នកណាដែលលះបង់ច្រើន ដើម្បីនគរព្រះអង្គ និងដំណឹងល្អ នឹងបានទទួលផលតបស្នងច្រើនផងដែរ។ អាចនិយាយម្យ៉ាងទៀតថា ព្រះទ្រង់នឹងថែរក្សាពួកគេក្នុងជីវិតនេះ ក៏ដូចជាក្នុងជីវិតអស់កល្ប។ ប៉ុន្តែ ព្រះយេស៊ូវមិនបានព្យាយាមធ្វើឲ្យពួកសាវ័កមានអារម្មណ៍ល្អ ចំពោះខ្លួនឯងនោះទេ។ ដូចនេះ ព្រះអង្គបានមានបន្ទូលបញ្ចប់ដោយពាក្យចាក់ចុចថា «នឹងមានមនុស្សមុនទៅជាក្រោយជាច្រើន ហើយមនុស្សក្រោយទៅជាមុនវិញ»។
យើងអាចស្រមៃថា នៅពេលដែលលោក ពេត្រុស បានឮព្រះអង្គមានបន្ទូលដូចនេះ គាត់ក៏បានប្រៀបធៀបខ្លួនគាត់ និងបុរសអ្នកមាននោះ ហើយមានអារម្មណ៍ថា ព្រះអង្គបានធានាចំពោះគាត់។ តែព្រះយេស៊ូវហាក់ដូចជាមិនបានមានបន្ទូល ដើម្បីឲ្យគាត់ធ្វើការប្រៀបធៀបឡើយ។ ព្រះអង្គបានមានបន្ទូលអំពីទ្រព្យសម្បត្តិរួចហើយ។ ផ្ទុយទៅវិញ ព្រះអង្គហាក់ដូចជាកំពុងដាស់តឿនពួកសិស្ស កុំឲ្យមានការធ្វេសប្រហែសនោះឡើយ។ មានមនុស្សជាច្រើនគិតស្មានថា ពួកគេជា «មនុស្សមុន» ហើយលោកីយ៍ ឬពួកជំនុំក៏បានប្រាប់មនុស្សជាច្រើនថា ពួកគេគឺជា «មនុស្សមុន» តែពួកគេនឹងមានការភ្ញាក់ផ្អើលចំពោះការវិនិច្ឆ័យរបស់ព្រះយេស៊ូវមកលើពួកគេ។ ព្រោះព្រះយេស៊ូវត្រៀមទុកការសរសើរខ្ពស់បំផុត ដល់អស់អ្នកដែលលះបង់គ្រប់យ៉ាងថ្វាយព្រះអង្គ ដោយគ្មានចេតនាចង់ឲ្យអ្នកដទៃកត់សម្គាល់។
យើងប្រហែលជាមានអារម្មណ៍ថា យើងបានរួចផុតពីការព្រមានរបស់ព្រះយេស៊ូវអំពីទ្រព្យសម្បត្តិ និងអំពី «មនុស្សមុន» គឺមានអារម្មណ៍មិនខុសពីលោក ពេត្រុស ទេ ប្រហែលដោយសារយើងបានលះបង់ច្រើន ដើម្បីព្រះយេស៊ូវរួចហើយ។ យើងតែងតែអាចរកបាននរណាម្នាក់ ដែលមានទ្រព្យសម្បត្តិច្រើនជាងហើយ ឬអ្នកដែលបានលះបង់តិចជាងយើង ហើយមានទំនុកចិត្តថាយើងបានរួចខ្លួនដោយផ្អែកទៅលើការប្រៀបធៀបនេះ។ ប៉ុន្តែ ព្រះយេស៊ូវមិនបានខ្វល់អំពីការធ្វើឲ្យយើងមានអារម្មណ៍សុខស្រួលនោះទេ។ ផ្ទុយទៅវិញ ព្រះអង្គបានត្រាស់ហៅយើងចេញពីការព្រងើយកន្តើយ ចូលទៅក្នុងការដើរតាមព្រះអង្គដោយចិត្តប្ដូរផ្តាច់។ ការមានភាពក្រីក្រជាងអ្នកដទៃ មិនបានធ្វើឲ្យមនុស្សម្នាក់មានគុណធម៌ច្រើនជាងបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេនោះទេ។ ព្រះអង្គបានសន្យាថា នឹងថែរក្សាយើង ហើយព្រះអង្គបានត្រាស់ហៅយើងឲ្យទុកចិត្តលើព្រះរាជកិច្ចដែលព្រះអង្គបានសម្រេច មិនមែនទុកចិត្តលើការអ្វីដែលយើងកំពុងធ្វើថ្វាយព្រះអង្គនោះទេ។ ចូរកុំធ្លាក់ចូលទៅក្នុងការព្រងើយកន្តើយ ដែលចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ។ ផ្ទុយទៅវិញ ចូរយើងស្តាប់ការត្រាស់ហៅរបស់ព្រះយេស៊ូវសម្រាប់លោក ពេត្រុស នៅពេលក្រោយមកទៀត គឺនៅពេលដែលគាត់សួរព្រះអង្គថា តើជីវិតរបស់លោក យ៉ូហាន នឹងបានខុសពីជីវិតគាត់ទេ ព្រះអង្គក៏បានឆ្លើយថា «ចូរឲ្យអ្នកមកតាមខ្ញុំចុះ!» (យ៉ូហាន ២១:២២)។
ខគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ៧៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១របាក្សត្រ ២៥-២៧ និងលូកា ៤:១-៣០