
រោគសញ្ញានៃមនុស្សក្លែងបន្លំ
ដោយElisa Morgan
November 20, 2025
រ៉ូម ១២:៣-៨
កុំឲ្យមានគំនិតខ្ពស់ លើសជាងគំនិត ដែលគួរគប្បីឲ្យគិតនោះឡើយ។ រ៉ូម ១២:៣
តើអ្នកធ្លាប់មានអារម្មណ៍ថា អ្នកគឺជាមនុស្សក្លែងបន្លំសមត្ថភាពដែរឬទេ? បើអ្នកធ្លាប់មានអារម្មណ៍ដូចនេះមែន នោះមិនមែនមានតែអ្នកទេ ដែលមានអារម្មណ៍ដូចនេះ។ នៅចុងទសវត្សរ៍ឆ្នាំ១៩៧០ អ្នកស្រាវជ្រាវពីរនាក់ បានរកឃើញថា “រោគសញ្ញានៃមនុស្សក្លែងបន្លំ” គឺជាបញ្ហាផ្លូវចិត្តដែលមនុស្សម្នាក់មានការសង្ស័យមកលើជំនាញ ទេពកោសល្យ ឬសមត្ថភាពរបស់ខ្លួនឯង ហើយយល់ឃើញថា ខ្លួនឯងជាមនុស្សក្លែងបន្លំ។ សូម្បីតែមនុស្សដែលជោគជ័យ និងមានភាពឆ្លាតវ័យខ្លាំង ក៏មានការពិបាកចិត្តចំពោះចំណុចខ្វះខាតរបស់ខ្លួន ដោយខ្លាចនរណាម្នាក់បើកមើលវាំងនននៅពីក្រោយជីវិតរបស់ពួកគេ រកឃើញភាពកម្សោយជាច្រើនដែលគេមិនបានដឹង។
សាវ័កប៉ុលបានលើកទឹកចិត្តពួកជំនុំនៅសតវត្សរ៍ទីមួយ ក្នុងទីក្រុងរ៉ូម ឲ្យមានការបន្ទាបខ្លួន ដោយបង្រៀនពួកគេថា “ចូរគិតបែបឲ្យមានគំនិតនឹងធឹង តាមខ្នាតនៃសេចក្ដីជំនឿ ដែលព្រះបានចែកមកអ្នករាល់គ្នានីមួយៗ កុំឲ្យមានគំនិតខ្ពស់ លើសជាងគំនិត ដែលគួរគប្បីឲ្យគិតនោះឡើយ”(រ៉ូម ១២:៣)។ យើងបានយល់អំពីសារៈសំខាន់នៃការមិនអួតអំពីសមត្ថភាពរបស់យើង។ ប៉ុន្តែ ពេលណាយើងបន្ទាបតម្លៃខ្លួនឯង យើងបន្ទាបខ្លួនជ្រុល ធ្វើឲ្យយើងមិនអាចប្រើអំណោយទានដើម្បីបម្រើអ្នកដទៃ តាមបំណងព្រះទ័យព្រះអង្គ។ ការគិត “បែបឲ្យមានគំនិតនឹងធឹង” (ខ.៣) គឺជាការប៉ាន់ស្មានសមត្ថភាពខ្លួនឯងបានត្រឹមត្រូវ ដោយភាពប្រាកដនិយម ដើម្បីបម្រើគ្នាទៅវិញទៅមក។ សាវ័កប៉ុលបានជំរុញយើងឲ្យជម្នះការស្ទាក់ស្ទើររបស់យើង ឲ្យដឹងច្បាស់ថា យើងជានរណា “តាមខ្នាតនៃសេចក្ដីជំនឿ ដែលព្រះបានចែកមកអ្នករាល់គ្នានីមួយៗ”(ខ.៣)។ ពេលណាយើងធ្វើដូចនេះ ពួកជំនុំដែលជារូបកាយរបស់ព្រះគ្រីស្ទនឹងបានស្អាងឡើង(ខ.៤-៨)។
ចូរយើងឱបក្រសោបយកអំណោយទាន ដែលព្រះទ្រង់ប្រទានយើង ជាជាងបន្ទាបតម្លៃរបស់យើង ឬលើកដំកើងខ្លួន ដោយរោគសញ្ញានៃមនុស្សក្លែងបន្លំ។ យើងមិនអាចគិតខ្ពស់ពេក ឬទាបពេក អំពីខ្លួនឯងបានឡើយ តែត្រូវទទួលព្រះគុណ ដោយការដឹងគុណព្រះអង្គ។ ពេលណាយើងធ្វើដូចនេះ យើងកំពុងតែផ្គាប់ព្រះទ័យព្រះវរបិតា ហើយស្អាងពួកជំនុំ ដែលជារូបកាយរបស់ព្រះគ្រីស្ទ។—Elisa Morgan
តើអ្នកបានលើកតម្កើង ឬបន្ទាបតម្លៃខ្លួនឯងជ្រុលពេក ត្រង់ចំណុចណាខ្លះ?
តើអ្នកអាចប្រើសេចក្តីជំនឿ ដើម្បីជម្នះបញ្ហានេះ ដោយរបៀបណា?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យមើលឃើញខ្លួនឯង ដូចដែលព្រះអង្គទតឃើញទូលបង្គំ
ស្របតាមខ្នាតរង្វាស់នៃជំនឿ ដែលព្រះអង្គប្រទាន។
For further study, read For When I am Weak, then I Am Strong at ODBM.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ១៤-១៥ និង យ៉ាកុប ២