
ទ្រព្យសម្បត្តិដែលមានតម្លៃបំផុត
ដោយSheridan Voysey
November 22, 2025
យ៉ូហាន ១២:១-៨
នោះនាងម៉ារាយកប្រេងក្រអូបទេព្វិរូសុទ្ធ១នាលិ មានដំឡៃណាស់ មកចាក់លាបព្រះបាទទ្រង់ រួចយកសក់នាងជូត ក្លិនក្រអូបនោះ ក៏សាយឡើងពេញក្នុងផ្ទះ។ យ៉ូហាន ១២:៣
ឪពុករបស់ខ្ញុំមានការចាប់ចិត្តចំពោះម្តាយខ្ញុំជាលើកដំបូង ក្នុងពិធីជប់លៀងមួយ ក្នុងទីក្រុងឡុង។ បន្ទាប់មក គាត់ក៏ទៅចូលរួមក្នុងពិធីជប់លៀងទីពីរដោយគ្មានការអញ្ជើញ ហើយក៏បានរៀបចំពិធីជប់លៀងទី៣ ដើម្បីឲ្យបានជួបម្តាយរបស់ខ្ញុំ។ ទីបំផុត គាត់ក៏បានបបួលម្តាយខ្ញុំធ្វើដំណើរកម្សាន្ត ក្នុងតំបន់ជនបទ ដោយបើកឡាន Rover ចាស់មួយគ្រឿង ទៅទទួលម្តាយខ្ញុំ។ ឡានមួយគ្រឿងនោះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់គាត់ នៅសម័យនោះ។
ម្តាយ និងឪពុករបស់ខ្ញុំក៏បានក្លាយជាគូរស្នេហ៍ តែមានបញ្ហាមួយបានកើតឡើង។ ម្តាយរបស់ខ្ញុំជិតដល់ពេលដែលត្រូវផ្លាស់ទីលំនៅទៅប្រទេសពេរូ ដើម្បីធ្វើការជាបេសកជន។ ឪពុករបស់ខ្ញុំក៏បានបើកឡានជូនម្តាយខ្ញុំទៅអាកាសយានដ្ឋាន ហើយ៥ខែក្រោយមក គាត់ក៏បានធ្វើដំណើរទៅប្រទេសពេរូផងដែរ ដើម្បីសុំម្តាយខ្ញុំរៀបការ។ ហើយផ្នែកដែលគួរឲ្យចាប់អារម្មណ៍ជាងគេនៅក្នុងរឿងនេះ គឺគាត់បានលក់ឡាន Rover កញ្ចាស់របស់គាត់ ដើម្បីទិញសំបុត្រយន្តហោះ។
បើអ្នកចង់សួរនាងម៉ារា ជាបងប្អូនរបស់នាងម៉ាថា និងលោកសាឡា អំពីទ្រព្យដែលមានតម្លៃបំផុតរបស់គាត់ គាត់នឹងបង្ហាញទឹកអប់មួយដបតូច ដែលមានតម្លៃយ៉ាងខ្លាំង(យ៉ូហាន ១២:៣)។ ហើយបើអ្នកបានទៅចូលរួមពិធីជប់លៀង ដែលនាងម៉ារា និងនាងម៉ាថាបានរៀបចំថ្វាយព្រះយេស៊ូវ(ខ.២) ហើយឃើញនាងចាក់ទឹកអប់នោះចេញពីដប ទៅលើព្រះបាទរបស់ព្រះអង្គ ដោយមិនសំចៃ នោះអ្នកនឹងបានដឹងថា ព្រះគ្រីស្ទមានតម្លៃយ៉ាងណា ចំពោះនាង។ ព្រះអង្គមានតម្លៃចំពោះនាងណាស់ គឺសក្តិសមនឹងឲ្យនាងលះបង់របស់ទ្រព្យដែលមានតម្លៃបំផុតរបស់នាង។
សម្រាប់ម្តាយរបស់ខ្ញុំ ការដែលឪពុកខ្ញុំបានលក់ឡានរបស់គាត់ គឺមិនគ្រាន់តែដើម្បីទិញសំបុត្រយន្តហោះប៉ុណ្ណោះទេ។ វាជាសញ្ញាបង្ហាញថា គាត់បានឲ្យតម្លៃម្តាយខ្ញុំខ្លាំងប៉ុណ្ណា។ ហើយទង្វើរបស់នាងម៉ារាក៏មានអត្ថន័យជ្រៅជាងនេះផងដែរ គឺនាងកំពុងប្រើប្រេងក្រអូបនោះ ដើម្បីត្រៀមបញ្ចុះព្រះសពព្រះអង្គ(ខ.៧)។ យើងក៏មិនខុសពីនាងម៉ារាដែរ ពេលណាយើងលះបង់ថ្វាយព្រះ នូវអ្វីដែលយើងឲ្យតម្លៃបំផុត គឺយើងកំពុងចូលរួមក្នុងព្រះរាជកិច្ចនៃការប្រោសលោះរបស់ព្រះអង្គ ដោយឆ្លុះបញ្ចាំងអំពីការលះបង់ដ៏ធំ ដែលព្រះអង្គមានសម្រាប់យើង។—Sheridan Voysey
តើអ្នកមានរបស់ទ្រព្យមានតម្លៃអ្វីខ្លះ ដែលអ្នកចង់លះបង់ថ្វាយព្រះអង្គ?
តើអ្នកមានលក្ខណៈដូចនាងម៉ារាយ៉ាងណាខ្លះ នៅពេលដែលព្រះយេស៊ូវ
បានបង្ហាញអត្ថន័យជ្រាលជ្រៅជាង នៃការលះបង់របស់នាង?
ឱព្រះយេស៊ូវ ព្រះអង្គមានតម្លៃបំផុតចំពោះទូលបង្គំ លើសទ្រព្យសម្បត្តិដែលមានតម្លៃបំផុតរបស់ទូលបង្គំ នៅលើផែនដី។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ១៨-១៩ និង យ៉ាកុប ៤