
ស្គាល់ព្រះអាទិករ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
December 2, 2025
«ឯពន្លឺដ៏ពិត នោះគឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់ ដែលកើតមកក្នុងលោកីយ៍។ ទ្រង់បានគង់ក្នុងលោកីយ៍ ហើយលោកីយ៍ក៏កើតមកដោយសារទ្រង់ តែមិនស្គាល់ទ្រង់ទេ» (យ៉ូហាន ១:៩-១០)។
កណ្ឌគម្ពីរដំណឹងល្អនីមួយៗ បានពណ៌នាជាលម្អិតអំពីព្រះជន្មរបស់ព្រះយេស៊ូវតាមរបៀបផ្សេងគ្នា តែក្នុងគោលបំណងដូចគ្នា គឺដូចដែលសាវ័ក យ៉ូហាន បានមានប្រសាសន៍ថា ព្រះគម្ពីរ «បានចែងទុកតែប៉ុណ្ណេះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះពិត ហើយឲ្យអ្នករាល់គ្នាបានជីវិត ដោយសារព្រះនាមទ្រង់ ដោយមានសេចក្ដីជំនឿ» (យ៉ូហាន ២០:៣១)។ គាត់បានសរសេរដូចនេះ នៅជិតចុងបញ្ចប់នៃកណ្ឌគម្ពីរដំណឹងល្អរបស់គាត់ ក្នុងគោលបំណងដើម្បីក្រើនរំឭកអ្នកអាននៅសម័យដើមថា ព្រះទ្រង់បានប្រើព្រះបន្ទូល ដើម្បីតាមរករាស្ត្រទ្រង់ ដោយព្រះគុណទ្រង់ ដើម្បីឲ្យយើងអាចស្គាល់ និងស្រឡាញ់ព្រះអង្គ។
ព្រះយេស៊ូវគឺជាព្រះដែលបានបង្កើតលោកីយ៍នេះ ហើយទ្រង់បានយាងចូលលោកីយ៍ តែលោកីយ៍មិនស្គាល់ទ្រង់ទេ។ ព្រះអង្គយាងចុះពីស្ថានសួគ៌មកដោយយកកំណើតជាមនុស្ស ទ្រង់បានដើរតាមផ្លូវនៅទីក្រុង និងស្រុកភូមិ ហើយក៏មានព្រះជន្មគង់នៅក្នុងចំណោមយើង ដើម្បីឲ្យយើងអាចរស់នៅជាមួយព្រះអង្គក្នុងពន្លឺ ជាជាងរស់នៅក្នុងភាពងងឹតអស់កល្បជានិច្ច។ ប៉ុន្តែ សព្វថ្ងៃនេះ ក៏មិនខុសពីកាលពី ២០០០ឆ្នាំមុនដែរ មានមនុស្សជាច្រើនមិនយល់អំពីទំហំនៃអំណោយទាននៃជីវិត ក្នុងលោកីយ៍នេះ ដែលព្រះគ្រីស្ទបានប្រទានដល់យើង បានជាពួកគេបដិសេធអំណោយនៃជីវិតអស់កល្បដែលព្រះគ្រីស្ទបានប្រសូតមកដើម្បីប្រទានដល់យើង ព្រោះពួកគេមិនស្គាល់ព្រះអង្គ។
ក្នុងកណ្ឌគម្ពីររ៉ូមដែលសាវ័ក ប៉ុល បានបង្រៀនថា «ដ្បិតអ្វីៗរបស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយ៍មក ទោះទាំងព្រះចេស្ដាដ៏នៅអស់កល្បជានិច្ច នឹងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក»។ ម្យ៉ាងទៀត ដោយសារព្រះគុណរបស់ព្រះដែលបានប្រទានដល់មនុស្សទាំងអស់ ស្នាព្រះហស្តរបស់ទ្រង់បានបង្ហាញភស្តុតាងគ្រប់គ្រាន់ល្មមនឹងនាំយើងទៅដល់ចំណុច ដែលយើងជឿព្រះ។ ហេតុនេះហើយ មនុស្សទាំងប្រុសស្រី មិនអាចដោះសាបានទេ (រ៉ូម ១:២០)។ ទោះជាយ៉ាងណាក៏ដោយ សូម្បីតែក្នុងបរិបទនេះ សាវ័ក ប៉ុល បានបន្តនិយាយថា ទោះបុរស និងស្ត្រីទាំងឡាយ «បានស្គាល់ព្រះ នោះគេមិនបានតម្កើងទ្រង់ ទុកជាព្រះទេ ក៏មិនដឹងគុណទ្រង់ដែរ គេកើតមានគំនិតឥតប្រយោជន៍វិញ ហើយចិត្តគេ ដែលឥតយោបល់ ក៏បានត្រឡប់ជាងងឹតទៅ» (រ៉ូម ១:២១)។ ពួកគេដឹងថា ព្រះពិតជាមានមែន តែពួកគេបានគ្របសង្កត់ការយល់ដឹងនេះ ទាំងបដិសេធមិនទទួលស្គាល់ទ្រង់ជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះ។
នេះគឺជាការដាស់តឿនចំពោះយើងរាល់គ្នា។ បើយើងមិនអើពើចំពោះការថ្វាយព្រះកិត្តិនាម និងការសរសើរដល់ព្រះ តាមដែលសមគួរ គឺយើងអាចនឹងភ្លេចរបៀបដែលព្រះអង្គតាមរកយើង សូម្បីក្នុងពេលសព្វថ្ងៃ។
ព្រះបន្ទូល សេចក្តីពិត និងរឿងដែលនិយាយអំពីព្រះយេស៊ូវ មានវត្តមាននៅក្នុងសង្គមលោកខាងលិចរាប់រយឆ្នាំមកហើយ តែជាញឹកញាប់ មនុស្សបានរស់នៅពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ទៀត ដោយមិនបានទទួលស្គាល់ថា ព្រះយេស៊ូវជានរណា។ ក្រៅពីការទៅព្រះវិហារនៅថ្ងៃអាទិត្យ ឬការចំណាយពេលស្ងាត់ស្ងៀមប្រចាំថ្ងៃ អ្នកជឿព្រះមិនអាចជៀសផុតពីការរស់នៅដែលមិនមានការទទួលស្គាល់ និងមិនមានទំនាក់ទំនងជាមួយព្រះយេស៊ូវ ជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះឡើយ។ សូមយើងស្រមៃអំពីភាពខុសប្លែកដែលអាចកើតមាន បើសិនជាយើងរស់នៅ ដោយនឹកចាំជានិច្ចនូវសេចក្តីពិតដែលថា ព្រះអង្គគឺជាពន្លឺ និងជាជីវិតថ្មីនៅក្នុងយើង ព្រះអង្គបើកផ្លូវឲ្យយើងអាចរស់នៅជាមួយព្រះអង្គអស់កល្បជានិច្ច ព្រះអង្គជាព្រះអម្ចាស់ដ៏ធំប្រសើរ និងព្រះសង្គ្រោះដ៏សុភាព ហើយព្រះអង្គពិតជាស័ក្តិសមនឹងឲ្យគេស្គាល់។
ព្រះគម្ពីរសញ្ជឹងគិត៖ ១កូរិនថូស ១:១៨-៣១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២របាក្សត្រ ២៨-២៩ និងលូកា ១០:១-២៤