
ការឆ្លើយតប ដោយចិត្តអត់ធ្មត់
ដោយTim Gustafson
December 2, 2025
សុភាសិត ១៥:១-៤,២៣-២៨
ឯអណ្ដាតដ៏លំហើយ នោះជាដើមឈើនៃជីវិត ។ សុភាសិត ១៥:៤
កាលពីក្មេង អ្នកកាសែតឈ្មោះ សាបាស្ទាន ជុងហ្គ័រ(Sebastian Junger) បានធ្វើដំណើរក្នុងទឹកដីសហរដ្ឋអាមេរិក ហើយក៏បានសរសេរអត្ថបទ ស្តីអំពីការធ្វើដំណើរនោះ។ ថ្ងៃមួយ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ គាត់បានចូលទៅក្នុងបន្ទប់ទឹកមួយ ក្នុងតំបន់ផ្លូរីដា ឃី ឃើញរូបគំនូរ និងអក្សរជាច្រើនដែលគេបានសរសេរដោយក្តីសម្អប់ នៅលើជញ្ជាំង។ ភាគច្រើននៃសំណេរទាំងនោះ គឺសំដៅទៅរកជនអន្តោប្រវេសន៍មកពីប្រទេសគុយបា។ ប៉ុន្តែ មានសារមួយនោះ ទំនងសរសេរដោយជនជាតិគុយបា មានភាពលេចធ្លោជាងគេ។ ក្នុងសារនោះគាត់ឃើញគេសរសេរថា “អរព្រះគុណព្រះអង្គ ដែលប្រជាជនផ្សេងទៀត ក្នុងប្រទេសនេះ បានស្វាគមន៍ខ្ញុំ កាលពីឆ្នាំ១៩៦២ ដោយភាពកក់ក្តៅ និងការយកចិត្តទុកដាក់”។ លោកជុងហ្គ័របានសង្កេតឃើញថា “គេបានឆ្លុះបញ្ចាំងអំពីរឿងអាក្រក់បំផុតរបស់ប្រទេសអាមេរិក នៅលើជញ្ជាំងបន្ទប់ទឹកនោះ តែគេក៏បានបង្ហាញរឿងដែលល្អបំផុតផងដែរ”។
តើយើងត្រូវមានការឆ្លើយតបដូចម្តេចខ្លះ ចំពោះសំណេរដ៏ពិសពុល ដែលយើងបានជួបប្រទះជាញឹកញាប់យ៉ាងខ្លាំង? កណ្ឌគម្ពីរសុភាសិតបានផ្តល់ឲ្យយើង នូវការប្រឹក្សាប្រកបដោយប្រាជ្ញា សម្រាប់បញ្ហានេះ។ ស្តេចសាឡូម៉ូនដែលបាននិពន្ធបទគម្ពីរភាគច្រើនក្នុងកណ្ឌគម្ពីរនេះ បានដាក់វង់ក្រចក ក្នុងជំពូក១៥ ដោយការឆ្លុះបញ្ចាំងស្រដៀងនេះផងដែរថា “អណ្ដាតរបស់មនុស្សប្រាជ្ញ រមែងធ្វើឲ្យចំណេះបានពីរោះស្ដាប់”(ខ.២) “តែមាត់មនុស្សអាក្រក់បង្ហូរចេញជាសេចក្ដីអាក្រក់វិញ”(ខ.២៨)។ ទោះជាយ៉ាងណាក៏ដោយ ជំពូកដដែលនេះបានចាប់ផ្តើមការបង្រៀន ដោយនិយាយអំពីថ្នាំបន្សាបសម្រាប់ថ្នាំពុលនោះថា “ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្ដីក្រោធទៅ”(ខ.១)។ ស្តេចសាឡូម៉ូនក៏បានកត់សំគាល់ផងដែរថា “អណ្ដាតដ៏លំហើយ នោះជាដើមឈើនៃជីវិត”(ខ.៤)។ ជានិច្ចជាកាល ការឆ្លើយតបដោយភាពអត់ធ្មត់គឺជាគន្លឹះ គឺដូចមានសេចក្តីចែងថា “ចិត្តរបស់មនុស្សសុចរិតរំពឹងគិតជាមុន ទើបឆ្លើយ”(ខ.២៨)។
តើព្រះទ្រង់អាចប្រើពាក្យសម្តីរបស់យើងដូចម្តេចខ្លះ នៅពេលដែលយើងទូលសូមព្រះអង្គជួយយើងថ្លឹងថ្លែងពាក្យសម្តី មុនពេលយើងនិយាយ ឬសរសេរពាក្យពេចន៍ដែលមានជាតិពិស ឬជាការវាយប្រហារ មកលើអ្នកដទៃ? ទាក់ទងនឹងសំណួរនេះ បទគម្ពីរសុភាសិតបានប្រាប់យើងថា “ពាក្យ១ម៉ាត់ដែលនឹងពោលត្រូវពេល នោះល្អណាស់ហ្ន៎”(ខ.២៣)។—Tim Gustafson
តើអ្នកមានប្រតិកម្មយ៉ាងណា នៅពេលដែលអ្នកមើលឃើញ ឬស្តាប់ឮពាក្យសម្តីដែលមានសេចក្តីសម្អប់?
តើអ្នកនឹងឆ្លើយតបតាមរបៀបខុសពីពេលមុនដូចម្តេចខ្លះ នៅពេលដែលអ្នកប្រឈមមុខដាក់សេចក្តីសម្អប់ នៅថ្ងៃក្រោយ?
ឱព្រះវរបិតា ទូលបង្គំងាយនឹងប្រញាប់តបតទៅគេវិញ ដោយកំហឹង។ សូមព្រះអង្គដឹកនាំទូលបង្គំដោយព្រះវិញ្ញាណព្រះអង្គ
ហើយជួយទូលបង្គំឲ្យថ្លឹងថ្លែងពាក្យសម្តីរបស់ទូលបង្គំប្រកបដោយប្រាជ្ញា មុននឹងឆ្លើយតបទៅគេវិញ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៤២-៤៤ និង ១យ៉ូហាន ១