
ការលូតលាស់តាមរយៈការឈឺចាប់
ដោយMarvin Williams
December 3, 2025
ទំនុកដំកើង ១១៩:៦៥-៧២
ការដែលទូលបង្គំកើតមានទុក្ខព្រួយ នោះគឺជាប្រយោជន៍ដល់ទូលបង្គំហើយ ដើម្បីឲ្យទូលបង្គំបានរៀនយកបញ្ញត្តរបស់ទ្រង់។ ទំនុកដំកើង ១១៩:៧១
ខួរក្បាលមនុស្សមានទំហំតូចទេ តែភាពតានតឹងក្នុងចិត្ត អាចធ្វើឲ្យវាកាន់តែរួមតូច។ ការស្រាវជ្រាវកាលពីពេលថ្មីៗនេះ បានបង្ហាញថា ភាពតានតឹងដែលមានការកើតឡើងខ្លាំង អាចធ្វើឲ្យផ្នែកខាងមុខរបស់ខួរក្បាលមានការរួមតូច គឺផ្នែកដែលមានតួនាទីគ្រប់គ្រងអារម្មណ៍ សភាវគតិ និងការទំនាក់ទំនងក្នុងសង្គម។ ការរួមតូចនេះមានការជាប់ទាក់ទងនឹងការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត គឺបានបង្ហាញអំពីផលវិបាក ដែលអាចបណ្តាលមកពីភាពតានតឹងរយៈពេលវែង។ ប៉ុន្តែ ខួរក្បាលមានការសម្របខ្លួន ដែលមានការជួសជុលខ្លួនឯង តាមរយៈការហាត់ប្រាណ ការចំណាយពេលស្ងាត់ស្ងៀម និងការមានទំនាក់ទំនងល្អ។
ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១១៩ អ្នកនិពន្ធនៃបទគម្ពីរនេះបានយល់អំពីដំណើរការនៃការលូតលាស់ និងការប្រោសឲ្យជានេះ បន្ទាប់ពីគាត់ប្រឈមមុខដាក់ភាពតានតឹង និងទុក្ខលំបាកក្នុងជីវិត បានជាគាត់ពោលថា “ការដែលទូលបង្គំកើតមានទុក្ខព្រួយ នោះគឺជាប្រយោជន៍ដល់ទូលបង្គំហើយ ដើម្បីឲ្យទូលបង្គំបានរៀនយកបញ្ញត្តរបស់ទ្រង់”(ខ.៧១)។ ទុក្ខលំបាកមានការឈឺចាប់ តែបានធ្វើជាគ្រូបង្រៀនរបស់គាត់ ដោយនាំគាត់ឲ្យជ្រើសរើសយកការស្តាប់បង្គាប់តាមព្រះបន្ទូលព្រះអង្គ ជាជាង “វង្វេង” ចេញពីព្រះអង្គ(ខ.៦៧)។ គាត់ក៏បានបង្ហាញការដឹងគុណចំពោះព្រះអង្គ សម្រាប់ថ្នាំដែលល្វីង និងសេចក្តីល្អរបស់ព្រះអង្គ(ខ.៦៨)។ គាត់ដឹងថា ទុក្ខលំបាក និងការឈឺចាប់អាចធ្វើឲ្យគាត់អន់ថយ តែគាត់បានទុកចិត្តថា ព្រះទ្រង់នឹងប្រើបញ្ហាទាំងនោះ ដើម្បីសម្អាតគាត់ឲ្យបរិសុទ្ធ និងស្អាងគាត់ឡើងវិញ(ខ.៦៦)។
វិញ្ញាណរបស់យើងក៏អាចរួញយឺត មិនខុសពីខួរក្បាលយើងទេ។ ព្រះទ្រង់ប្រើការរួញយឺតនេះ ដើម្បីបណ្តាលឲ្យមានការលូតលាស់ និងការចាប់ផ្តើមជាថ្មី។ តាមរយៈការអានព្រះគម្ពីរប៊ីប ការអធិស្ឋាន និងការផ្លាស់ប្តូរការគិតតាមរយៈព្រះវិញ្ញាណ ព្រះអង្គអាចកែប្រែផលវិបាកនៃទុក្ខលំបាក ឲ្យមានប្រយោជន៍សម្រាប់យើង។ ព្រះអង្គអាចប្រើការឈឺចាប់ ដើម្បីជួយយើងឲ្យលូតលាស់ខាងវិញ្ញាណ ដោយកែប្រែការឈឺចាប់ ទៅជាមានគោលបំណង។—Marvin Williams
តើព្រះទ្រង់បានជួយអ្នកឲ្យចម្រើនឡើង ក្នុងជំនឿតាមរយៈទុក្ខលំបាកដូចម្តេចខ្លះ? តើអ្នកចង់អរព្រះគុណព្រះអង្គយ៉ាងណាខ្លះ?
ឱព្រះដ៏មានព្រះជន្មរស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានបង្រៀនទូលបង្គំ តាមរយៈទុក្ខលំបាក។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៤៥-៤៦ និង ១យ៉ូហាន ២