
ព្រះអង្គបន្ទាបព្រះកាយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
December 5, 2025
«ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ នឹងសេចក្ដីពិត...ហើយយើងទាំងអស់គ្នាបានទទួលអំពីសេចក្ដីពោរពេញរបស់ទ្រង់មក គឺជាព្រះគុណថែមលើព្រះគុណផង» (យ៉ូហាន ១:១៤,១៦)។
លោក ស្ទីវ មែកឃ្វីន (Steve McQueen) គឺជាតួសម្ដែង ដែលមានការរស់នៅគួរឲ្យកត់សម្គាល់ ទោះមានការធ្លាក់ចុះ នៅពេលខ្លះក៏ដោយ។ គាត់បានលាចាកលោកនៅឆ្នាំ១៩៨០ ប៉ុន្តែមុនពេលគាត់ស្លាប់ដោយសារជំងឺ គ្រូគង្វាលដ៏ស្មោះត្រង់ម្នាក់បានផ្សាយដំណឹងល្អដល់គាត់ ហើយគាត់ក៏បានក្រាបចុះ ហើយទទួលជឿព្រះគ្រីស្ទ។ បន្ទាប់ពីគាត់ទទួលជឿព្រះអង្គហើយ គាត់ក៏បានរៀនព្រះគម្ពីរ និងទៅថ្វាយបង្គំព្រះជាទៀងទាត់ ដោយចិត្តស្មោះត្រង់ ដោយមិនមានការកត់សម្គាល់ពីសាធារណជនឡើយ។ គាត់នៅតែមានចិត្តស្ញប់ស្ញែងចំពោះសេចក្តីពិតដែលថា ទោះជីវិតគាត់មានភាពរញ៉េរញ៉ៃ ដោយមានការលែងលះ ការញៀនថ្នាំ និងធ្វើខុសក្រមសីលធម៌ក៏ដោយ ក៏ព្រះទ្រង់នៅតែបង្ហាញសេចក្តីស្រឡាញ់យ៉ាងដូចនោះដល់គាត់។
លោក មែកឃ្វីន មានការយល់ដឹងកាន់តែច្បាស់ថា ព្រះទ្រង់បានធ្វើឲ្យគាត់ក្លាយទៅជាទទេ ដើម្បីឲ្យគាត់រកឃើញថា នៅក្នុងភាពទទេនោះ គាត់អាចក្លាយជាអ្វីមួយថ្មី។ ព្រះទ្រង់ក៏ធ្វើដូចនេះ សម្រាប់យើងផងដែរ។ ក្នុងរឿងនេះ យើងត្រូវបានត្រាស់ហៅឲ្យយកគំរូតាមព្រះយេស៊ូវ។ ចាប់តាំងពីថ្ងៃព្រះគ្រីស្ទប្រសូត ព្រះអង្គបានលះបង់សិរីល្អដ៏ឥតខ្ចោះ ដើម្បីយាងចុះមកក្នុងលោកីយ៍ដែលមានបាប និងអស់សង្ឃឹម ដើម្បីយើងរាល់គ្នា។ ព្រះអង្គមិនបានយាងចុះមក ដោយជិះរទេះសេះរបស់ស្ដេច តែបានផ្ទំនៅក្នុងស្នូកសម្រាប់ដាក់ចំណីឲ្យសត្វ ព្រះអង្គមិនបានយាងមកដោយកាន់ដំបងរាជ តែយាងមកក្នុងក្រោលសត្វ។ ព្រះយេស៊ូវគឺជាអ្នកបម្រើនៅផែនដី ក៏ដូចជាក្សត្រនៃស្ថានសួគ៌។ ទោះជាយ៉ាងណាក៏ដោយ បើយើងនិយាយថា ព្រះអង្គបានធ្វើឲ្យអង្គទ្រង់ក្លាយជាទទេ គឺមិនមានន័យថា ព្រះអង្គបានផ្លាស់ប្រែពីព្រះ ទៅជាមនុស្ស ហើយវិលត្រឡប់ទៅរកភាពជាព្រះវិញនោះទេ។ ពេលយើងឃើញបទគម្ពីរចែងថា «ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា» យើងគួរតែសញ្ជឹងគិតអំពីសេចក្តីពិតដែលគួរឲ្យស្ញប់ស្ញែងដែលថា ព្រះអង្គសង្គ្រោះដ៏អស្ចារ្យរបស់យើង បានបន្ទាបព្រះកាយទទួលយកភាពជាមនុស្ស ដោយមិនបានលះបង់ភាពជាព្រះឡើយ។ ព្រះអង្គជាព្រះទាំងស្រុង និងជាមនុស្សទាំងស្រុង។
ជួនកាល គំនិតរបស់យើងជាមនុស្សមានដែនកំណត់ ផ្ដោតទៅលើភាពជាព្រះរបស់ព្រះគ្រីស្ទខ្លាំងពេក បានជាយើងមិនចាំថា ព្រះអង្គមានលក្ខណៈជាមនុស្សមិនតិចជាងយើងនោះទេ ហើយនៅពេលផ្សេងទៀត យើងអាចនឹងផ្ដោតចិត្តខ្លាំងពេកទៅលើភាពជាមនុស្សរបស់ព្រះអង្គ បានជាយើងភ្លេចភាពជាព្រះរបស់ព្រះអង្គ។ ព្រះគម្ពីរបានចែងយ៉ាងល្អឥតខ្ចោះ អំពីលក្ខណៈទាំងពីរយ៉ាងរបស់ព្រះគ្រីស្ទ ទោះព្រះអង្គមានលក្ខណៈជាមនុស្សក៏ដោយ (ភីលីព ២:៨) ក៏ព្រះអង្គមានលក្ខណសម្បត្តិលើសពីអ្វីដែលមនុស្សអាចមើលឃើញ តែសម្បកក្រៅ។
ព្រះអង្គប្រហែលមានរូបរាងដូចមនុស្សប្រុសដទៃទៀត តែគ្មានមនុស្សណាផ្សេងទៀត ដែលអាចឈរនៅលើទូកកំហែងខ្យល់ព្យុះឲ្យស្ងប់បានឡើយ។ មានតែព្រះទេដែលអាចប្រោសមនុស្សខ្វិនឲ្យដើរបាន និងប្រោសមនុស្សខ្វាក់ឲ្យមើលឃើញ។ មានតែព្រះអង្គទេដែលស័ក្តិសមនឹងទទួលការថ្វាយបង្គំរបស់ពួកទេវតា និងការសរសើរនៃរបស់សព្វសារពើ។ តែនៅពេលដែលព្រះអង្គប្រសូតជាមនុស្ស ព្រះអង្គមិនបានសួរថា តើវាមានប្រយោជន៍អ្វីខ្លះសម្រាប់ខ្ញុំ? ផ្ទុយទៅវិញ ទ្រង់បានយាងមកដល់ដោយជ្រាបថា ទ្រង់ «បានមក មិនមែនឲ្យគេបម្រើដែរ គឺដើម្បីនឹងបម្រើគេវិញ ហើយនឹងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង» (ម៉ាកុស ១០:៤៥)។ ទ្រង់ស្ម័គ្រព្រះទ័យលះបង់អ្វីៗទាំងអស់ ហើយក្លាយជាទទេ ដើម្បីឲ្យអ្នកដែលទទួលស្គាល់ភាពទទេរបស់ខ្លួន អាចទទួលបានអ្វីៗគ្រប់យ៉ាង។ ព្រះអង្គយកកំណើតដែលមានសាច់មានឈាម ដើម្បីឲ្យទ្រង់អាចបម្រើ ហើយព្រះអង្គក៏បានធ្វើជាមនុស្សជាតិគំរូ សម្រាប់អស់អ្នកដែលចង់ដើរតាមព្រះអង្គ។ តើអ្នកនឹងមើលទៅគំរូរបស់ព្រះអង្គក្នុងកិច្ចការ និងការទទួលខុសត្រូវរបស់អ្នក នៅថ្ងៃនេះដូចម្ដេចខ្លះ?
ព្រះគម្ពីរសញ្ជឹងគិត៖ ភីលីព ២:១-១៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២របាក្សត្រ ៣៤-៣៦ និងលូកា ១១:២៩-៥៤