
ការដើរជាមួយព្រះ
ដោយDave Branon
December 5, 2025
កាឡាទី ៥:៧-១០
អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ ។ សុភាសិត ១៣:២០
ថ្ងៃមួយ ក្នុងកន្លែងហាត់ប្រាណ មនុស្សជាច្រើនដែលត្រូវដើរនៅលើផ្លូវសម្រាប់ដើរហាត់ប្រាណ ត្រូវដើរតាមទិសដៅរបស់ទ្រនិចនាឡិការ។ អ្នកដើរហាត់ប្រាណដំបូងគេ ដែលភរិយាខ្ញុំបានចូលរួមដើរជាមួយ នៅលើផ្លូវនោះ កំពុងតែធ្វើតាមទិសដៅនេះ។ ប៉ុន្តែ ស្រាប់តែមានមនុស្សម្នាក់ទៀតដើរនៅលើផ្លូវនោះ បញ្ច្រាសទិសដៅទ្រនិចនាឡិការ។ មិត្តភក្តិរបស់គាត់ពីរបីនាក់ក៏បានចូលរួមជាមួយគាត់ ហើយបន្ទាប់មក ក៏មានមនុស្សម្នាក់ទៀតចូលរួមដែរ។ ភ្លាមៗនោះ ភាពរញ៉េរញ៉ៃក៏បានកើតមាន នៅលើផ្លូវសម្រាប់ដើរហាត់ប្រាណ ហើយគេត្រូវចំណាយពេលពីរបីនាទី ដើម្បីរៀបចំឲ្យមានសណ្ដាប់ធ្នាប់ឡើងវិញ។
ការដើរហាត់ប្រាណខុសទិសដៅដូចនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ តែរឿងនេះ បានធ្វើឲ្យខ្ញុំគិតអំពីអំណាចនៃឥទ្ធិពលដែលមនុស្សម្នាក់មានមកលើអ្នកដទៃ។ មនុស្សម្នាក់ដើរតាមផ្លូវខុស នាំមនុស្សម្នាក់ទៀតដើរជាមួយ ហើយមានមនុស្សកាន់តែច្រើនក៏បានចូលរួមដែរ។ បញ្ហានេះបានធ្វើឲ្យខ្ញុំនឹកចាំបទគម្ពីរ សុភាសិត ១៣:២០ ដែលបានចែងថា “អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ”។ ការដើរតាមការដឹកនាំរបស់មនុស្សម្នាក់ ទៅតាមផ្លូវខុស បណ្តាលឲ្យមានបញ្ហា។
ក្នុងបទគម្ពីរកាឡាទី ជំពូក៥ សាវ័កប៉ុលបានបកស្រាយថា ការប្រព្រឹត្តខុសដូចនេះអាចរារាំងការលូតលាស់ខាងវិញ្ញាណ។ គឺដូចដែលគាត់មានប្រសាសន៍ថា “អ្នករាល់គ្នាបានរត់យ៉ាងល្អហើយ តើអ្នកណាបានឃាត់មិនឲ្យស្ដាប់តាមសេចក្ដីពិតវិញ? ការបញ្ចុះបញ្ចូលនេះមិនមែនមកពីព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាទេ”(ខ.៧-៨)។ ព្រះដែលសព្វព្រះទ័យឲ្យយើងស្តាប់បង្គាប់ មិនដែលនាំយើងចេញពីសេចក្តីពិត ចូលទៅរកការភ័ន្តភាំងនោះឡើយ(ខ.១០)។ តែអ្នកដែលទាស់ប្រឆាំងនឹងសេចក្តីពិតរបស់ព្រះអង្គ អាចបង្អាក់ការដើរខាងវិញ្ញាណរបស់យើង ដោយបង្វែរទិសដៅយើងចេញពីព្រះអង្គ។
ព្រះទ្រង់សព្វព្រះទ័យនឹងធ្វើជាអ្នកនាំផ្លូវយើង។ ពេលណាយើងដើរជាមួយព្រះអង្គ យើងនឹងមិនដែលដើរតាមផ្លូវខុសឡើយ។—Dave Branon
តើអ្នកកំពុងតែអនុញ្ញាតឲ្យនរណាម្នាក់ ដឹកនាំអ្នកចេញឆ្ងាយពីព្រះ ក្នុងស្ថានភាពណាខ្លះ?
តើអ្នកអាចផ្លាស់ប្តូរទិសដៅមករព្រះអង្គវិញ យ៉ាងដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានព្រះគម្ពីរប៊ីប ដែលបាននាំយើងខ្ញុំបោះជំហានទៅមុខ
ទៅរកព្រះអង្គ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យដើរតាមព្រះអង្គ ឲ្យកាន់តែល្អឡើង នៅថ្ងៃនេះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ដានីយ៉ែល ១-២ និង ១យ៉ូហាន ៤