
ព្រះទ្រង់ទតឃើញទុក្ខលំបាករបស់ខ្ញុំ
ដោយPohfang Chia
December 6, 2025
លោកុប្បត្តិ ១៦:៥-១៣
នោះនាងក៏ហៅព្រះនាមព្រះយេហូវ៉ាដែលកំពុងមានបន្ទូលនឹងនាងថា «ព្រះដ៏ទតឃើញ»។ លោកុប្បត្តិ ១៦:១៣
កាលស្វាមីរបស់អ្នកស្រីស៊ុន(Sun) មានជំងឺដាច់សរសៃឈាមខួរក្បាល ជីវិតរបស់គាត់មានការផ្លាស់ប្តូរដ៏សោកសៅ។ គាត់ត្រូវជួយស្វាមីគាត់ ធ្វើសកម្មភាពប្រចាំថ្ងៃជាប្រចាំ និងគ្រប់គ្រងអារម្មណ៍នៃការធ្លាក់ទឹកចិត្ត។ គាត់បានថែរក្សាស្វាមីគាត់ ដោយចិត្តស្មោះត្រង់ អស់រយៈពេល១៧ឆ្នាំ។ តាំងពីពេលដែលស្វាមីគាត់បានដួល សុខភាពរបស់ស្វាមីគាត់មានការធ្លាក់ចុះកាន់តែឆាប់រហ័ស ធ្វើឲ្យការថែរក្សាស្វាមីគាត់ ក្លាយជាបន្ទុកដែលធ្ងន់ពេក ហើយអ្នកស្រីស៊ុនក៏បានធ្លាក់ចូលទៅក្នុងជំងឺធ្លាក់ទឹកចិត្ត។ គាត់បានចែកចាយថា “ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានបាត់បង់សេចក្តីជំនឿ ហើយព្រះទ្រង់មិនគង់នៅក្បែរខ្ញុំទៀតទេ”។
ប៉ុន្តែ នៅពេលដែលគាត់ក្រឡេកមកក្រោយ សព្វថ្ងៃនេះ គាត់ជឿថា ព្រះទ្រង់ទតឃើញគាត់ ព្រោះទ្រង់បានប្រទានពរគ្រួសារគាត់ ឲ្យមានមនុស្សជួយថែទាំសុខភាពស្វាមីគាត់នៅផ្ទះ ដើម្បីគ្រប់គ្រងស្ថានភាពដ៏រ៉ាំរ៉ៃរបស់ស្វាមីគាត់ ហើយក៏បានបញ្ជូនក្រុមការងារសង្គម ឲ្យមកប្រឹក្សាយោបល់គាត់ ក្នុងការគ្រប់គ្រងបញ្ហាប្រឈមខាងផ្លូវអារម្មណ៍ ក្នុងការថែទាំស្វាមីគាត់។
ព្រះទ្រង់បានបង្ហាញអង្គទ្រង់ ឲ្យយើងដឹងថា ព្រះអង្គគឺជាព្រះដែលទតឃើញ នៅក្នុងរឿងរបស់នាងហាកា។ ក្នុងបទគម្ពីរ លោកុប្បត្តិ ១៦ នាងហាកា ដែលជាស្រីបម្រើ បានរត់គេចពីការធ្វើទុកបុកម្នេញ(ខ.៦)។ ពេលនោះ ទេវតានៃព្រះអម្ចាស់បានរកឃើញនាង “នៅទីរហោស្ថានជិតក្បាលទឹក១”(ខ.៧)។ ទេវតាក៏បានជំរុញនាងហាកា ឲ្យ “វិលទៅឯចៅហ្វាយ” របស់នាងវិញ(ខ.៩) ហើយធានាដល់នាងថា ព្រះទ្រង់នឹងប្រទានពរនាង។ ទោះនាងហាកាជាមនុស្សដែលគេមិនឲ្យតម្លៃក្នុងវប្បធម៌របស់នាងក៏ដោយ ក៏ព្រះទ្រង់ថែរក្សាសុខុមាលភាពរបស់នាង។ នាងហាកាក៏បានប្រកាស ដោយការដឹងគុណថា ព្រះអម្ចាស់គឺជា “ព្រះដ៏ទតឃើញ”(ខ.១៣)។
ព្រះទ្រង់ក៏ទតឃើញយើង នៅពេលដែលយើងមានទុក្ខលំបាកផងដែរ។ យើងមិនដែលឯកោឡើយ ព្រោះព្រះវរបិតាដែលស្រឡាញ់យើង ទ្រង់ជ្រាបអំពីស្ថានភាពរបស់យើង ហើយយើងអាចទុកចិត្តព្រះអង្គបាន។ យើងអាចស្រែករកជំនួយពីព្រះអង្គ ហើយព្រះអង្គនឹងលើកយើងឡើង។—Poh Fang Chia
តើអ្នកបានដកពិសោធន៍នឹងពេលដែលព្រះទ្រង់ទតឃើញ និងជ្រាបអំពីតម្រូវការរបស់អ្នក
កាលពីមុន ដូចម្តេចខ្លះ? តើការយល់ដឹងនេះ បានជួយអ្នក ក្នុងទុក្ខលំបាក នៅពេលបច្ចុប្បន្នដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការធានាដល់ទូលបង្គំថា ព្រះអង្គទតឃើញបញ្ហាដែលទូលបង្គំកំពុងឆ្លងកាត់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ដានីយ៉ែល ៣-៤ និង ១យ៉ូហាន ៥