ព្រឹក

ការរស់នៅជាពួកជំនុំរបស់ព្រះអង្គ
ដោយAnne Cetas
December 9, 2025
កិច្ចការ ២:៣៦-៤៧
ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃ ទៅក្នុងពួកជំនុំថែមទៀត ។ កិច្ចការ ២:៤៧
នៅពេលរសៀលមានថ្ងៃរះល្អ ខ្ញុំបានយកដីសមកគូរពីលើផ្លូវដើរ ជាមួយគ្រួសារជនជាតិស៊ូដង់មួយ ដែលជាអ្នកជិតខាង។ ពេលនោះ យើងអាចឮសម្លេងច្រៀងចេញពីផ្ទះមួយនៅជាប់ផ្ទះពួកគេ ដែលនៅទីនោះ មានក្រុមតូចមួយកំពុងធ្វើកម្មវិធីថ្វាយបង្គំព្រះ។ ស្រ្តីជាម្តាយវ័យក្មេងម្នាក់ ដែលកំពុងជជែកគ្នាជាមួយខ្ញុំ ចង់ដឹងថា មានរឿងអ្វីកំពុងកើតឡើង ដូចនេះ យើងក៏បានដើរទៅស្តាប់ឲ្យបានជិត។ ពួកគេក៏បានអញ្ជើញពួកយើងចូលរួមជាមួយពួកគេ។ មានបុរសវ័យក្មេងម្នាក់កំពុងឈរ ក្នុងអាងទឹកដែលគេបានរៀបចំសម្រាប់ធ្វើបុណ្យជ្រមុជទឹក។ គាត់ក៏បាននិយាយអំពីការទទួលការអត់ទោសបាបរបស់គាត់ ហើយប្ដេជ្ញាចិត្តដើរតាមព្រះយេស៊ូវ។
នេះជាឱកាសពិសេស សម្រាប់ឲ្យយើងឮទីបន្ទាល់អំពីសេចក្តីសង្គ្រោះ ក្នុងទីធ្លាផ្ទះរបស់អ្នកជិតខាងរបស់យើង។ ពួកគេបានជួបជុំគ្នាធ្វើជាពួកជំនុំ ក្នុងតំបន់ដែលយើងរស់នៅ។
ព្រះយេស៊ូវកំពុងសាងសង់ពួកជំនុំទ្រង់ នៅទូទាំងពិភពលោក។ រយៈពេលប៉ុន្មានថ្ងៃ មុនពេលព្រះអង្គយាងឡើងស្ថានសួគ៌វិញ ព្រះអង្គបានប្រាប់អ្នកដើរតាមព្រះអង្គថា ព្រះអង្គនឹងចាត់ព្រះវិញ្ញាណរបស់ព្រះអង្គ ឲ្យយាងចុះមកសណ្ឋិតក្នុងចិត្តពួកគេ ហើយពួកគេនឹងបានធ្វើបន្ទាល់ថ្វាយព្រះអង្គ រហូតដល់ “ចុងបំផុតនៃផែនដី”(កិច្ចការ ១:៨)។ ព្រះអង្គនឹងសង់ពួកជំនុំរបស់ទ្រង់ តាមរយៈការអធិប្បាយ និងបង្រៀនព្រះបន្ទូល ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ។ ហើយមិនយូរប៉ុន្មាន ព្រះអង្គក៏បានចាប់ផ្តើម “បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃ ទៅក្នុងពួកជំនុំថែមទៀត”(២:៤៧)។
យើងអាចរួមចំណែកនៅក្នុងការសង់ពួកជំនុំរបស់ព្រះគ្រីស្ទ ដោយរស់នៅជាពួកជំនុំរបស់ព្រះអង្គ ដោយបង្ហាញចេញនូវសេចក្តីជំនឿរបស់យើង ក្នុងតំបន់ដែលយើងរស់នៅ និងចែកចាយដល់អ្នកដទៃ អំពីការអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើង។ ព្រះអង្គបានលះបង់ព្រះជន្មទ្រង់ និងមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងបានទទួលការអត់ទោសបាប និងមានជីវិតអស់កល្បជានិច្ច។ ហើយព្រះអង្គនឹងជួយយើងរៀនបម្រើអ្នកដទៃ ក្នុងពួកជំនុំរបស់ព្រះអង្គ ក្នុងពេលសព្វថ្ងៃផងដែរ។—Anne Cetas
តើព្រះទ្រង់អាចប្រើអ្នក ដើម្បីសង់ពួកជំនុំរបស់ព្រះអង្គដូចម្តេចខ្លះ? តើមានការអ្វីទៀតដែលអ្នកអាចធ្វើបាន?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការបន្ថែមមនុស្សកាន់តែច្រើន ក្នុងពួកជំនុំរបស់ព្រះអង្គជារៀងរាល់ថ្ងៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ដានីយ៉ែល ១១-១២ និង យូដាស
ល្ងាច

កើតចេញពីក្នុងចិត្តមក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
December 9, 2025
«តែដែលគ្រប់គ្នាកើតមានសេចក្ដីល្បួង នោះគឺដោយសារតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមទេ រួចកាលណាសេចក្ដីប៉ងប្រាថ្នាជាប់មានជាផ្ទៃ នោះសំរាលចេញមកជាអំពើបាប ហើយកាលណាបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្ដីស្លាប់» (យ៉ាកុប ១:១៤-១៥)។
អំពើបាបនីមួយៗដែលយើងប្រព្រឹត្តសុទ្ធតែកើតចេញពីចិត្តរបស់យើងមក។ ក្នុងនាមយើងជាមនុស្សដែលព្រះទ្រង់បានបង្កើតមកឲ្យត្រូវនឹងរូបអង្គទ្រង់ យើងមានសេចក្តីប៉ងប្រាថ្នាគ្រប់ប្រភេទ ហើយបំណងចិត្តយើងមិនតែងតែអាក្រក់នោះឡើយ។ ដោយសារការធ្លាក់ចូលអំពើបាប សេចក្តីប៉ងប្រាថ្នារបស់យើងមានសក្ដានុពលដ៏អស្ចារ្យ ក្នុងការងាកទៅរកសេចក្តីអាក្រក់។ សូម្បីតែបំណងចិត្តដែលព្រះទ្រង់ប្រទាន ក៏អាចត្រូវបានបំភ្លៃ ហើយប្រើប្រាស់ ដើម្បីធ្វើការអាក្រក់ដែរ។ យើងមានជំនាញខាងដោះសាថា យើងងាកទៅរកការអាក្រក់ ដោយសារតែការអូសទាញរបស់អារក្ស មិត្តភក្ដិ តំណពូជ និងបរិយាកាសជុំវិញយើង។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរបានចែងថា បំណងចិត្តរបស់យើងបានល្បួងយើងឲ្យធ្វើអំពើបាប។ ការល្បួងឲ្យយើងរាល់គ្នាឈប់ស្តាប់បង្គាប់ព្រះ និងបំពេញសេចក្តីប៉ងប្រាថ្នារបស់យើង ទោះជាសេចក្តីប៉ងប្រាថ្នាដែលអាក្រក់ ឬត្រូវបានបង្ខូចឲ្យអាក្រក់ក្តី គឺសុទ្ធតែកើតចេញពីក្នុងចិត្តយើងមក។
អារក្សអាចមកល្បួងយើង ប៉ុន្តែយើងគឺជាអ្នកសម្រេចចិត្តថាមិនស្តាប់បង្គាប់ព្រះ។ ព្រះយេស៊ូវបានមានបន្ទូលយ៉ាងច្បាស់ថា «គឺជាសេចក្ដីដែលចេញពីមនុស្សមកទេតើដែលធ្វើឲ្យស្មោកគ្រោកនោះ» (ម៉ាកុស ៧:២០)។ ការល្បួងនីមួយៗកើតមានចំពោះយើង ពេលណាបំណងចិត្តយើងអូសទាញ និងល្បួងយើង។ ហើយពេលណាយើងចុះចូលការល្បួង វានឹងនាំយើងទៅរកសេចក្តីស្លាប់នៅទីបញ្ចប់។
យើងអាចយល់ច្បាស់អំពីការលួងលោមរបស់ការល្បួង នៅក្នុងការប្រៀបប្រដូចអំពីភាពល្ងង់ខ្លៅរបស់សត្វត្រី។ ពួកវាមើលឃើញនុយ ដែលមានរូបរាងទាក់ទាញយ៉ាងខ្លាំង ពួកវាក៏បានហែលទៅរកនុយនោះ ហើយក៏បានជាប់ផ្លែសន្ទូច។ បើនុយមានភាពទាក់ទាញគ្រប់គ្រាន់ នោះត្រីមិនអាចធ្វើជាមើលមិនឃើញបានទេ។
តើយើងពិតជាឆ្លាតជាងត្រីឬ? បើនុយមានលក្ខណៈគួរឲ្យគាប់ចិត្ត យើងនឹងព្យាយាមបញ្ចុះបញ្ចូលខ្លួនឯងថា គ្មានផ្លែសន្ទូចបង្កប់ក្នុងនុយនោះទេ។ ប៉ុន្តែ ផ្លែសន្ទូចមាននៅក្នុងនុយ។ «កាលណាបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្ដីស្លាប់»។ ផ្លូវរបស់បាបឆ្ពោះទៅរកការជំនុំជម្រះ ហើយវាបានគូសចំណាំពីលើជីវិតយើង តាមរបៀបដែលវាមិនអាចរលប់បាត់ ដោយសារពេលវេលានោះទេ តែដោយសារសេចក្តីមេត្តារបស់ព្រះ នោះព្រះអង្គអាចប្រោសលោះបាបទាំងអស់នោះបាន។
ដរាបណាយើងមានជីវិតនៅលើផែនដីនេះ យើងនឹងមិនអាចគេចផុតពីការល្បួងបានទេ។ ក្នុងបទគម្ពីរលោកុប្បត្ដិ ព្រះទ្រង់បានដាស់តឿនលោក កាអ៊ីនថា «មានដង្វាយលោះបាបដេកនៅមាត់ទ្វារស្រាប់ហើយ ចិត្តវានឹងបណ្ដោយតាមឯង ហើយឯងមានអំណាចលើវាដែរ» (លោកុប្បត្ដិ ៤:៧)។ ការនេះបានឆ្លុះបញ្ចាំងឲ្យយើងដឹងថា បាបតែងតែរង់ចាំក្នុងចិត្តយើងជានិច្ច ដោយត្រៀមជាស្រេច ដើម្បីសង្គ្រុបពីលើយើង។
ដូចនេះ ចូរយើងប្ដេជ្ញាចិត្តថា នឹងជម្នះការលួងលោមនីមួយៗដែលនាំឲ្យយើងធ្វើអំពើបាប។ វាជាសង្គ្រាមប្រចាំថ្ងៃ។ ថ្ងៃនេះ ចូរយើងបដិសេធមិនឲ្យភ្នែកយើងមើល គំនិតយើងពិចារណា ឬបំណងចិត្តយើងដេញតាមអ្វីក៏ដោយ ដែលអូសទាញយើងចេញឆ្ងាយពីព្រះគ្រីស្ទ។ តើដោយរបៀបណា? គឺដោយរៀនចោទសួរបំណងចិត្តរបស់យើងថា «តើនេះជាបំណងចិត្ដដែលកោតខ្លាចព្រះ ដែលខ្ញុំគួរតែមាន ឬជាបំណងចិត្តខាងឯបាប ដែលខ្ញុំត្រូវប្រយុទ្ធប្រឆាំងទេ?» ហើយចូរយើងពាក់គ្រឿងសឹករបស់ព្រះ គឺដូចដែលព្រះគម្ពីរបានបង្គាប់យើងថា ចូរ «យកសេចក្ដីជំនឿទុកជាខែលផង ដែលអ្នករាល់គ្នានឹងអាចរំលត់ អស់ទាំងព្រួញឆេះរបស់មេកំណាច ដោយសារខែលនោះបាន» (អេភេសូរ ៦:១៦)។ គឺដោយសារជំនឿលើព្រះរាជបុត្រានៃព្រះជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះ ដែលអ្នករកឃើញអំណាច ដើម្បីឈរមាំមួន និងទទួលការអត់ទោស ពេលណាយើងធ្លាក់ចូលអំពើបាប។
ព្រះគម្ពីរសញ្ជឹងគិត៖ ១កូរិនថូស ១០:១-១៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ នាង អេសធើ ៩-១០ និងលូកា ១៣:២២-៣៥