
បង្ហាញចេញសេចក្តីស្រឡាញ់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
January 6, 2026
«គឺយ៉ាងនោះហើយ ដែលយើងខ្ញុំបានស្រឡាញ់ដល់អ្នករាល់គ្នា ដល់ម្ល៉េះបានជាយើងខ្ញុំចូលចិត្តចែកដំណឹងល្អពីព្រះ មកអ្នករាល់គ្នា មិនត្រឹមតែប៉ុណ្ណោះក៏ចូលចិត្តចែកទាំងជីវិតយើងខ្ញុំផង ដោយព្រោះអ្នករាល់គ្នាបានត្រឡប់ជាស្ងួនភ្ងាដល់យើងខ្ញុំ»។ ១ថែស្សាឡូនិច ២:៨
ការផ្សាយដំណឹងល្អ គឺជាការបង្ហាញសេចក្តីស្រឡាញ់ តាមរបៀបដែលប្រសើរបំផុត។ សេចក្តីស្រឡាញ់ប្រភេទនេះមានការលះបង់ប្រយោជន៍ខាងសាច់ឈាម មានតម្លៃតិចជាង ដែលមានដូចជាការលើកតម្កើង និងការគាប់ចិត្តពីអ្នកដទៃ ការមានមុខនាទីខ្ពង់ខ្ពស់ ការអរសប្បាយនឹងជីវិតដែលសុខស្រួល ។ល។។ ការលះបង់ទាំងអស់នេះ គឺដើម្បីឲ្យគេបានឮដំណឹងល្អរបស់ព្រះយេស៊ូវ។ ការនេះមិនមានន័យថា ព្រះទ្រង់មិនអាចប្រទានព្រះពរទាំងអស់នេះ មកយើងនោះទេ ប៉ុន្តែ ព្រះពរទាំងអស់នោះមិនសំខាន់បំផុតចំពោះយើងឡើយ។
គួរកត់សំគាល់ថា សាវ័កប៉ុល និងមិត្តរួមការងារបេសកកម្មរបស់គាត់ បានព្យាយាមផ្សាយដំណឹងល្អ ដោយលះបង់ប្រយោជន៍ផ្ទាល់ខ្លួន។ យើងផ្សាយដំណឹងល្អបានល្អបំផុត នៅពេលដែលយើងផ្សព្វផ្សាយដល់គេ នៅក្នុងមិត្តភាពដែលមានក្តីស្រឡាញ់។ ប៉ុន្តែ មិត្តភាពដែលមានក្តីស្រឡាញ់ មិនមានលក្ខណៈដូចការទំនាក់ទំនងផ្សាយដំណឹងល្អនោះទេ។ គ្មាននរណាម្នាក់ផ្សាយដំណឹងល្អ ដោយមិនមានសកម្មភាពនោះឡើយ តែគេត្រូវតែមានសកម្មភាព។
ហេតុនេះហើយ យើងឃើញថា កាលសាវ័កប៉ុលព្យាយាមកសាងទំនាក់ទំនងដ៏រឹងមាំ គាត់ក៏បានផ្សាយដំណឹងល្អដល់អ្នកក្រុងថែស្សាឡូនីចផងដែរ(១ថែស្សាឡូនិច ២:៩)។ ពាក្យ «ផ្សាយ» ក្នុងខគម្ពីរនេះ គឺសំដៅទៅលើសកម្មភាពរបស់អ្នកប្រកាសដំណឹងអ្វីដែលគេឲ្យគាត់ប្រកាស។ ការងាររបស់អ្នកប្រកាសដំណឹង គឺមិនត្រូវប្រឌិតព័ត៌មាន ឆ្លើយតបចំពោះតម្រូវការរបស់មនុស្សនៅជុំវិញគាត់ ឬធ្វើឲ្យគេមានអារម្មណ៍ល្អនោះទេ តែត្រូវក្រោកឈរ ហើយនិយាយចេញមកឲ្យគេឮ។
បើអ្នកជាអ្នកជឿដំណឹងល្អ នោះអ្នកក៏ជាអ្នកប្រកាសដំណឹងល្អផងដែរ។ សំណួរតែមួយដែលត្រូវសួរនោះគឺ តើអ្នកមានប្រសិទ្ធភាពប៉ុណ្ណា ក្នុងនាមជាអ្នកប្រកាសដំណឹងល្អ? យើងមិនអាចយកទស្សនៈរបស់យើង មកជំនួសព្រះរាជសារអំពីឈើឆ្កាងបានទេ។ បើយើងផ្សាយដំណឹងល្អ ដោយចិត្តចង់ឲ្យគេស្ញប់ស្ញែងចំពោះយើង នោះយើងកំពុងមើលរំលងចំណុចដែលសំខាន់បំផុតហើយ។ យើងត្រូវចូលទៅក្រាបចំពោះបល្ល័ង្ករបស់ព្រះដ៏ជាក្សត្រ ដើម្បីទទួលព្រះរាជសាររបស់ព្រះអង្គ ចូលទៅរកមនុស្សក្នុងរង្វង់នៃឥទ្ធិពលដ៏តូចរបស់យើង ហើយចែកចាយអ្វីដែលព្រះអង្គមានបន្ទូល មិនលើស មិនខ្វះ។ គឺដូចដែលលោកគ្រូ ចន ស្តុត(John Stott) បានសរសេរថា «ការងារបម្រើព្រះពិតប្រាកដដែលគ្រីស្ទបរិស័ទធ្វើ មានការចាប់ផ្តើម ដោយការជឿថា ព្រះទ្រង់បានត្រាស់ហៅយើង ឲ្យផ្សាយព្រះបន្ទូលព្រះអង្គដោយចិត្តស្មោះត្រង់ ក្នុងនាមជាអ្នកការពារផង និងអ្នកប្រកាសព្រះបន្ទូលផង។ យើងមិនត្រូវសប្បាយចិត្តឡើយ នៅពេលដែលគេជំនួសដំណឹងល្អមកពីព្រះ ដោយ «ពាក្យចចាមអារ៉ាមអំពីព្រះ»។ 4
ហេតុនេះហើយ អ្នកចាំបាច់ត្រូវស្រឡាញ់អ្នកដទៃ ឲ្យបានច្រើនល្មមនឹងអាចចំណាយពេលជាមួយពួកគេ ដោយបម្រើពួកគេ និងបង្ហាញឲ្យគេដឹងថា យើងពិតជាយកចិត្តទុកដាក់ចំពោះពួកគេ ដើម្បីឲ្យយើងស្រឡាញ់ពួកគេ ដោយចែកចាយដំណឹងល្អនៃសេចក្តីស្រឡាញ់ដល់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកខ្លះទៀតចាំបាច់ត្រូវប្រើមិត្តភាព និងបណ្ដាញ ដោយអំណរ ធ្វើជាស្ពានសម្រាប់ដំណឹងល្អ។ តើសេចក្តីស្រឡាញ់ដែលផ្សាយដំណឹងល្អ មានលក្ខណៈដូចម្តេចសម្រាប់អ្នក នៅទីកន្លែង និងក្នុងចំណោមមនុស្សដែលព្រះទ្រង់ដាក់អ្នក នៅថ្ងៃនេះ? ទោះអ្នកមានចម្លើយដូចម្តេចក៏ដោយ សូមចាំថា ការផ្សាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ គឺជាវិធីល្អបំផុត ដែលយើងអាចស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះអ្នកដទៃ។
ព្រះគម្ពីរសញ្ជឹងគិត៖ ២កូរិនថូស ៥:១៦-២១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លោកុប្បត្ដិ ១៦-១៧ និង រ៉ូម ៦