
ការប្រកាសជំនឿដែលមានចំណាស់បំផុត
ដោយAlistair Begg
January 13, 2026
«ដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវ នោះឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី ហើយនៅក្រោមផែនដីត្រូវលុតចុះ ហើយឲ្យគ្រប់ទាំងអណ្ដាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សំរាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា»។ ភីលីព ២:១០-១១
ចាប់តាំងពីដើមដំបូងមក ពួកជំនុំបានឈរនៅលើគ្រឹះដ៏រឹងមាំនៃព្រះបន្ទូលព្រះ ដោយមើលទៅរចនាសម្ព័ន្ធនៃគោលជំនឿ និងសេចក្តីថ្លែងការនៃសេចក្តីជំនឿ ដើម្បីសង្ខេបគោលលទ្ធិស្នូលនៃជំនឿគ្រីស្ទាន ដោយចិត្តស្មោះត្រង់។ អ្នកប្រហែលជាបានសូត្រគោលជំនឿរបស់ពួកសាវ័ក ឬគោលជំនឿរបស់ក្រុមប្រឹក្សាណៃសៀ ឬអ្នកប្រហែលជាបានប្រើសេចក្តីថ្លែងនៃជំនឿរបស់វេសមីនស្ទ័រ ជាជំនួយក្នុងការស្វែងយល់របស់អ្នក អំពីចំណុចណាមួយនៃគោលលទ្ធិ។
លក្ខណៈប្រវត្តិសាស្ត្រនៃគោលជំនឿ និងសេចក្តីថ្លែងនៃជំនឿទាំងនេះ បានបង្ហាញឲ្យយើងដឹង អំពីរបៀបដែលជំនឿគ្រីស្ទបរិស័ទ បានបន្តឈរជើង អស់ជាច្រើនជំនាន់។ ឧទាហរណ៍ គោលជំនឿរបស់ក្រុមប្រឹក្សាណៃសៀមានដើមកំណើតចាប់តាំងពីឆ្នាំ៣២៥ គ.ស ជាពេលដែលក្រុមប្រឹក្សានៅទីក្រុងណៃសៀបានកំណត់យកគោលជំនឿនេះជាលើកដំបូង។
៧០០ឆ្នាំ គឺជារយៈពេលដ៏យូរ! ប៉ុន្តែ លំនាំនៃការប្រកាសសេចក្តីជំនឿនេះ មិនមានចំណាស់ជាងគេនោះទេ ព្រោះមានការប្រកាសសេចក្តីជំនឿដែលមានអាយុកាលចាស់ជាងនេះទៀត គឺតាំងពីដើមដំបូងនៃកំណើតពួកជំនុំ។ ការប្រកាសជំនឿនោះ មានតែ៣ពាក្យប៉ុណ្ណោះគឺ ព្រះយេស៊ូវគឺជាព្រះអម្ចាស់។
យើងអាចឃើញការប្រកាសសេចក្តីជំនឿមានចំណាស់បំផុត ក្នុងព្រះគម្ពីរសញ្ញាថ្មីទាំងមូល ក្នុងបទគម្ពីរដែលមានដូចជា រ៉ូម ១០:៩ ១កូរិនថូស ១២:៣ និង ភីលីព ២:១១។ ក្នុងការធ្វើសេចក្តីថ្លែងការដូចនេះ គ្រីស្ទបរិស័ទសម័យដើម បានថ្លែងអំពីអត្តសញ្ញាណរបស់ព្រះយេស៊ូវ យ៉ាងស៊ីជម្រៅ។ ក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះទ្រង់បានបង្ហាញព្រះនាមទ្រង់ ដោយប្រើអក្សរហេព្រើតែ៤អក្សរប៉ុណ្ណោះ ដែលគេបានបកប្រែជាពាក្យ YHWH ក្នុងភាសាអង់គ្លេស ដែលអ្នកខ្លះបានអានថា «យ៉ាវេហ៍» ឬ «យេហូវ៉ា»។ ព្រះនាមនេះ ក៏មានការប្រែសម្រួលមកជាពាក្យ ព្រះអម្ចាស់។ នៅពេលដែលព្រះគម្ពីរសញ្ញាចាស់ជាភាសាហេព្រើរ ត្រូវបានបកប្រែជាភាសាក្រិក ពាក្យ យ៉ាវេហ៍ ជាង៦ពាន់ដង ក្នុងព្រះគម្ពីរសញ្ញាចាស់ទាំងមូល ត្រូវបានកែសម្រួលមកជាពាក្យ ព្រះអម្ចាស់ ជាភាសាក្រិកអានថា kurios ។ ដូចនេះ ការប្រកាសថា «ព្រះយេស៊ូវគឺជាព្រះអម្ចាស់» គឺមិនគ្រាន់តែជាការហៅព្រះគ្រីស្ទថា ម្ចាស់ ប៉ុណ្ណោះទេ តែក៏បានបញ្ជាក់ថា ព្រះអង្គជាព្រះយ៉ាងពេញលេញ និងទាំងស្រុង។
អ្នកខ្លះបានព្យាយាមប្រកែកថា ព្រះគម្ពីរសញ្ញាថ្មី មិនពិតជាបានបញ្ជាក់អត្តសញ្ញាណព្រះយេស៊ូវថាជាព្រះ ប៉ុន្តែ ពួកគេមិនអាចបដិសេធសេចក្តីពិតបានទេ។ ការប្រកាសថា ព្រះអង្គគឺជាព្រះអម្ចាស់ គឺជាការហៅព្រះអង្គថា ព្រះយេហូវ៉ា យ៉ាងច្បាស់ណាស់។ ព្រះអង្គមិនគ្រាន់តែជាគ្រូបង្រៀន ឬអ្នកប្រោសជំងឺ ឬអ្នកធ្វើការអស្ចារ្យ តែក៏ជាព្រះ ដែលបានយកកំណើតជាមនុស្ស។ ការប្រកាសដែលមានចំណាស់ជាងគេនេះ បានទាមទារឲ្យយើងមានការជញ្ជឹងគិតថា តើខ្ញុំពិតជាបានប្រកាស ដោយដាក់ជីវិត ក៏ដូចជាដោយបបូរមាត់ខ្ញុំថា ព្រះយេស៊ូវជាព្រះអម្ចាស់ឬទេ? តើខ្ញុំពិតជាបានជឿថា ព្រះអង្គមានសិទ្ធិកាន់កាប់ជីវិតខ្ញុំទាំងស្រុង និងតម្រូវឲ្យខ្ញុំមានភាពស្មោះស្ម័គ្រ និងការស្តាប់បង្គាប់ឬទេ? តើខ្ញុំពិតជាទទួលស្គាល់ថា ព្រះអង្គជ្រាបច្បាស់ជាងខ្ញុំ ហើយទទួលស្គាល់ថា ខ្ញុំត្រូវលះបង់ថ្វាយព្រះអង្គ ដោយមិនសំចៃទុកអ្វីសោះឬទេ?
ដូចនេះ ពាក្យ «ព្រះយេស៊ូវគឺជាព្រះអម្ចាស់» មិនមែនជាពាក្យច្រំដែលនោះទេ តែក៏មិនមែនជាពាក្យដែលគួរឲ្យខ្លាចដែរ។ ព្រោះព្រះអម្ចាស់មានព្រះទ័យសប្បុរស និងល្អ ទ្រង់ «មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស និងសេចក្ដីទៀងត្រង់ ជាបរិបូរ»(និក្ខមនំ ៣៤:៦)។ សេចក្តីស្រឡាញ់របស់ទ្រង់ គឺមានន័យថា ព្រះអង្គបានសុគតនៅលើឈើឆ្កាង មុនពេលព្រះអង្គគង់នៅលើបល្ល័ង្កនៅស្ថានសួគ៌។ ដោយសារព្រះអង្គគឺជាព្រះអម្ចាស់ នោះព្រះអង្គតែងតែអាចបង្គាប់ឲ្យយើងរាល់គ្នាមានការលះបង់ ហើយដោយសារព្រះអង្គស្រឡាញ់អ្នក នោះអ្នកតែងតែអាចថ្វាយបង្គំព្រះអង្គ ដោយអំណរ។
ដូចនេះ តើអ្នកនឹងប្រកាសអំពីអ្វីនៅថ្ងៃនេះ?
ព្រះគម្ពីរសញ្ជឹងគិត៖ និក្ខមនំ ៣៤:១-១០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លោកុប្បត្ដិ ៣១-៣២ និង រ៉ូម ១១:១-១៨