
នៅមានវគ្គបន្ត...
ដោយAlistair Begg
January 17, 2026
«...ទាំងប្រកាសប្រាប់ពីនគរព្រះ ហើយបង្រៀនគ្រប់ទាំងសេចក្ដី ពីព្រះអម្ចាស់យេស៊ូវគ្រីស្ទតាមចិត្ត ឥតមានអ្នកណាឃាត់ឃាំងឡើយ» កិច្ចការ ២៨:៣១
កាលខ្ញុំកំពុងចម្រើនវ័យធំឡើង ខ្ញុំបានមើលកម្មវិធីទូរទស្សន៍ ដោយទំនុកចិត្តថា កម្មវិធីផ្សាយទាំងអស់នោះនឹងឈានទៅការបញ្ចប់ ដែលត្រូវពេល និងសមហេតុផល។ ទោះនោះជាកម្មវិធីផ្សាយ Bonanza ឬ The Dick Van Dyke Show, ឬក៏ Perry Mason ក្តី ខ្ញុំអាចដឹងច្បាស់ថា កម្មវិធីនោះនឹងមានការបញ្ចប់ដ៏ត្រឹមត្រូវ។ កម្មវិធីផ្សាយដែលមិនល្អ មិនបានបញ្ចប់ឲ្យបានត្រឹមត្រូវ ហើយនៅផ្នែកខាងក្រោមនៃកញ្ចក់ទូរទស្សន៍ យើងឃើញពាក្យ «សូមរង់ចាំទស្សនាវគ្គបន្ត...»។ ស្រដៀងគ្នានេះដែរ រឿងក្នុងព្រះគម្ពីរសញ្ញាចាស់ ក៏មានសាច់រឿងដែលមិនទាន់បានបញ្ចប់ បានជាយើងអាចដឹងថា រឿងទាំងមូលនៅមានវគ្គបន្តទៀត។
លោក លូកា បាននិពន្ធកណ្ឌគម្ពីរកិច្ចការ ដោយមិនបានផ្ដោតទៅលើប្រវត្តិរបស់សាវ័កប៉ុលនោះទេ។ ប៉ុន្តែ គាត់កំពុងបង្ហាញឲ្យគេដឹង អំពីព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ដែលបានធ្វើការក្នុងការផ្សាយព្រះបន្ទូលព្រះ ក្នុងលោកិយ តាមរយៈបុគ្គលជាច្រើន ក្នុងរឿងដែលកំពុងបើកបង្ហាញ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ គាត់មិនបានលើកទឹកចិត្តអ្នកអាន ឲ្យបញ្ចប់សាច់រឿងនោះដោយខ្លួនឯងនោះទេ តែបានអញ្ជើញពួកគេ ឲ្យធ្វើជាផ្នែកមួយនៃរឿងដែលកំពុងបន្តទៅមុខ។
ពាក្យចុងក្រោយ ក្នុងកណ្ឌគម្ពីរកិច្ចការជាភាសាក្រិក គឺពាក្យ អាខូលីតូស(akolytos) ដែលមានន័យថា «មិនមានអ្វីអាចបង្អាក់បាន»។ ពាក្យនេះមានភាពស៊ីសង្វាក់គ្នានឹងសំណេររបស់សាវ័កប៉ុល ក្នុងអំឡុងពេលគាត់ជាប់គុកជាលើកទី២ ដែលបញ្ជាក់ថា «ខ្ញុំរងទុក្ខ ទាំងជាប់ចំណងដូចជាមនុស្សអាក្រក់ ដោយព្រោះដំណឹងល្អនោះឯង ប៉ុន្តែ ព្រះបន្ទូលមិនបានជាប់ចំណងទេ»(២ធីម៉ូថេ ២:៩)។ អាចនិយាយម្យ៉ាងទៀតថា កណ្ឌគម្ពីរកិច្ចការបានបញ្ចប់ តែសកម្មភាពនៅតែបន្ត។ កណ្ឌគម្ពីរកិច្ចការ បានចាប់ផ្តើមការនិយាយអំពីព្រះរាជកិច្ចរបស់ព្រះវិញ្ញាណរបស់ព្រះ ដែលបានធ្វើការតាមរយៈពួកជំនុំទ្រង់ ដែលបានពង្រីកមកដល់សង្គម និងសម័យកាលរបស់យើង។
តាមពិត រឿងដែលបានបើកបង្ហាញអំពីការប្រោសលោះបាប ដែលយើងរកឃើញខ្លួនយើងក្នុងរឿងនោះ បានចាប់ផ្តើមមុនកណ្ឌគម្ពីរកិច្ចការជំពូក១ តាំងពីយូរមកហើយ។ យើងបានឃើញរឿងនេះជាលើកដំបូង នៅពេលដែលព្រះទ្រង់សន្យាលោក អ័ដាម និងនាង អេវ៉ា ថា សមាជិកគ្រួសាររបស់ពួកគេម្នាក់នឹងជាន់ក្បាលសាតាំង ហើយស្អាងឡើងវិញ នូវអ្វីដែលបាបបានបំផ្លាញ(លោកុប្បត្ដិ ៣:១៥)។ យើងក៏ឃើញរឿងមួយទៀត ដែលក្នុងនោះ ព្រះអង្គប្រាប់លោក អ័ប្រាហាំថា «គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជឯង»(២២:១៨)។ ជានិច្ចជាកាល ផែនការរបស់ព្រះវរបិតា គឺដើម្បីប្រទានប្រជាជាតិទាំងឡាយដល់ព្រះរាជបុត្រា ធ្វើជាមរតក(ទំនុកដំកើង ២:៨)។ ព្រះបន្ទូលសន្យាជាចម្បងនេះ គឺបានសរុបព្រះបន្ទូលសន្យាទាំងអស់ ហើយមានភាពសក្តិសមនឹងឲ្យយើងរស់នៅ ឬថែមទាំងស្លាប់ដើម្បីព្រះបន្ទូលសន្យានេះ។
ជីវិតរបស់អ្នកបានកត់ទុកក្នុងរឿងដ៏អស្ចារ្យនេះ។ ព្រះវិញ្ញាណបរិសុទ្ធដែលធ្វើការដោយព្រះចេស្ដា ក្នុងកណ្ឌគម្ពីរកិច្ចការ នៅតែបន្តធ្វើកិច្ចការរបស់ទ្រង់ ក្នុងពេលសព្វថ្ងៃ។ ការបន្តផ្សាយដំណឹងល្អថា ព្រះយេស៊ូវគឺជាក្សត្រដែលបានសន្យាតាំងពីយូរមកហើយថា ទ្រង់នឹងយាងមក និងជាព្រះអង្គសង្គ្រោះដែលយើងត្រូវការ មិនបានបញ្ចប់នៅពេលដែលសាវ័កប៉ុលទៅទីក្រុងរ៉ូម ឬនៅពេលដែលដំណឹងល្អបានមកដល់ទ្វារផ្ទះរបស់អ្នកឡើយ។ ព្រះទ្រង់នៅតែបន្តចែកចាយដំណឹងល្អ ហើយនៅតែត្រាស់ហៅរាស្រ្តទ្រង់ឲ្យផ្សាយដំណឹងល្អ ដោយគ្មានបញ្ឈប់បានឡើយ។ ទោះអ្នកលះបង់ជីវិតអ្នក ដើម្បីផ្សាយដំណឹងល្អ ក្នុងនាមជាបេសកជននៅក្រៅប្រទេស ឬអ្នកស្វែងរកឱកាសជារៀងរាល់ថ្ងៃ ដើម្បីនាំគ្រួសារ មិត្តភក្តិ មិត្តរួមការងារ និងអ្នកជិតខាងឲ្យស្គាល់ព្រះអង្គក្តី ព្រះទ្រង់សព្វព្រះទ័យឲ្យអ្នកចូលរួមនៅក្នុងរឿងសំខាន់បំផុតនៅគ្រប់សម័យកាលទាំងអស់ ដែលនឹងត្រូវប្រាប់ អស់កល្បជានិច្ច។ បើអ្នកមិនចង់ឲ្យជីវិតអ្នកមានការកត់ទុកក្នុងរឿងដ៏អស្ចារ្យនេះ ដែលមិនទាន់បានបញ្ចប់ តើអ្នកចង់ប្រើជីវិតអ្នកធ្វើអ្វីវិញ?
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកដំកើង ២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លោកុប្បត្ដិ ៤១-៤២ និង រ៉ូម ១៤