
គ្រូបង្រៀនដ៏ធំប្រសើររបស់យើង
ដោយAlistair Begg
January 21, 2026
«ឱព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវនៃអស់ទាំងបញ្ញត្តទ្រង់មកទូលបង្គំ»។ ទំនុកដំកើង ១១៩:៣៣
យើងអាចទទួលអត្ថប្រយោជន៍ពិសេសយ៉ាងខ្លាំង ពីការរៀនសូត្រពីគ្រូធំ ជាអ្នកជំនាញ ក្នុងមុខវិជ្ជាដែលពួកគេបានជ្រើសរើស។ មានសិស្សជាច្រើនដែលបានបញ្ចប់ការសិក្សា បានជ្រើសរើសសកលវិទ្យាល័យ ដែលពួកគេអាចមានឱកាសរៀនសូត្រមុខជំនាញដែលពួកគេស្រឡាញ់ ពីសាស្ត្រាចារ្យដែលមនុស្សជាច្រើនបានទទួលស្គាល់។ ប៉ុន្តែ តើអ្នកធ្លាប់បានគិតដែរឬទេថា ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងមានឯកសិទ្ធិ និងឱកាសរៀនសូត្រជារៀងរាល់ថ្ងៃ ពីគ្រូធំបំផុតរបស់យើង ខណៈពេលដែលព្រះវិញ្ញាណទ្រង់ធ្វើការក្នុងចិត្តយើង តាមរយៈព្រះបន្ទូលទ្រង់? ការបង្រៀនរបស់ព្រះអង្គ អាចឲ្យយើងយល់បាន ហើយព្រះអង្គក៏បានសន្យាថា នឹងបង្រៀនដោយផ្ទាល់ ដោយប្រើព្រះគម្ពីរជាមគ្គុទ្ទេសក៍របស់យើង។ ហើយដែលកាន់តែល្អជាងនេះទៀតនោះ ទ្រង់ក៏បង្រៀនយើងក្នុងនាមជាឪពុកផងដែរ ដោយយកព្រះទ័យទុកដាក់ចំពោះសុខុមាលភាពរបស់កូនព្រះអង្គម្នាក់ៗ ជាលក្ខណៈផ្ទាល់ខ្លួន។
ការបង្រៀនរបស់ព្រះអម្ចាស់ មានសារៈសំខាន់។ គឺសំខាន់សម្រាប់អ្នកដែលចាប់ផ្តើមជីវិតថ្មីជាគ្រីស្ទបរិស័ទ។ យើងចាប់ផ្តើមជីវិតថ្មីនេះ ជាទារក ដោយមិនទាន់បានស្គាល់ផ្លូវ និងរបៀបដែលព្រះអង្គធ្វើការ ហេតុនេះហើយ យើងក៏មិនស្គាល់សេចក្តីពិត ដែលនិយាយអំពីខ្លួនយើង។ ប៉ុន្តែ ពេលណាយើងបានកើតជាថ្មី យើងឈប់មានអំនួត ចំពោះគំនិតយោបល់របស់យើង យើងឈប់រស់នៅសម្រាប់ខ្លួនឯង ឬមើលទៅព្រះគ្រីស្ទតាមគំនិតរបស់លោកិយ(២កូរិនថូស ៥:១២-១៧)។ យើងបានត្រៀមខ្លួនជាស្រេច ដើម្បីស្តាប់អ្វីដែលព្រះអង្គមានបន្ទូល ជាជាងប្រាប់ព្រះអង្គ អំពីអ្វីដែលយើងកំពុងគិត។ ដោយសារព្រះគុណព្រះ យើងបានរៀនមើលឲ្យច្បាស់។
សេចក្តីបង្រៀនរបស់ព្រះអម្ចាស់ ក៏សំខាន់សម្រាប់អ្នកដែលមានការភាន់ច្រឡំ។ ព្រះគម្ពីរប៊ីបបានប្រាប់យើងថា យើងជាមនុស្សរឹងចចេស និងល្ងង់ខ្លៅ។ កាលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅលោក ធីម៉ូថេ គាត់បានដាស់តឿនថា ក្នុងពួកជំនុំរបស់គាត់ តែងតែមានមនុស្សដែល «បណ្ដោយតាមសេចក្ដីប៉ងប្រាថ្នាផ្សេងៗ គេរៀនជានិច្ច ប៉ុន្តែ ពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្ដីពិតឡើយ»(២ធីម៉ូថេ ៣:៦-៧)។ មានតែតាមរយៈព្រះវិញ្ញាណបរិសុទ្ធទេ ដែលយើងអាចមានភាពពេញវ័យខាងវិញ្ញាណ ជាជាងរសាត់អណ្ដែតដូចកូនក្មេង ពីការបង្រៀនមួយទៅការបង្រៀនមួយទៀត។
សេចក្តីបង្រៀនរបស់ព្រះអង្គ ក៏សំខាន់ចំពោះមនុស្សដែលភ្លេចច្រើន ហើយទោះយើងបានក្លាយជាគ្រីស្ទបរិស័ទយូរប៉ុណ្ណាក៏ដោយ ក៏យើងនៅតែឆាប់ភ្លេច! ហេតុនេះហើយ ព្រះគម្ពីរប៊ីបបានប្រាប់យើងម្តងហើយម្តងទៀតឲ្យនឹកចាំ។ សាវ័កប៉ុលបានជំរុញលោក ធីម៉ូថេឲ្យ «នឹកចាំ ព្រះយេស៊ូវគ្រីស្ទ»(១ធីម៉ូថេ ២:៨)។ ព្រះយេស៊ូវបានជំរុញពួកសាវ័ក ឲ្យ «នឹកចាំពីប្រពន្ធលោក ឡុត»(លូកា ១៧:៣២) ដែលបានក្រឡេកមកក្រោយ។ កណ្ឌគម្ពីរសាស្តាក៏បានអំពាវនាវដល់យើងថា «ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន ក្នុងគ្រាដែលឯងនៅក្មេង»(សាស្តា ១២:១)។ ជាការពិតណាស់ ការងារបង្រៀន និងការអធិប្បាយព្រះបន្ទូល គឺជាការងារក្រើនរំឭក ហើយក៏ជាពេលដែលយើងចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះប្រចាំថ្ងៃផងដែរ។
លោកគ្រូឆាល ស្ព័រជិនធ្លាប់មានប្រសាសន៍ថា «ព្រះដែលបានទទួលអ្នកធ្វើជាកូនរបស់ព្រះអង្គ នឹងដាក់អ្នកក្នុងសាលារៀន ហើយបង្រៀនអ្នក ទាល់តែអ្នកបានដឹងច្បាស់ថា ព្រះអម្ចាស់យេស៊ូវ គឺជាផ្លូវ ជាសេចក្តីពិត និងជាជីវិត»។8 ពេលណាយើងអាន និងស្តាប់ការបង្រៀនព្រះគម្ពីរប៊ីប យើងចូលរួមនៅក្នុងការសន្ទនាជាមួយព្រះអង្គ ហើយចាប់ផ្តើមដកពិសោធន៍នឹងការផ្លាស់ប្រែចិត្តស៊ីជម្រៅ។ ពេលនោះ នៅក្នុងជម្រៅចិត្ត យើងដឹងថា ការបង្រៀនដ៏បរិសុទ្ធកំពុងមានដំណើរការ ហើយយើងកំពុងទទួលការបង្រៀន ដោយព្រះដែលបានបណ្តាលឲ្យគេនិពន្ធព្រះគម្ពីរប៊ីប ដែលយើងកំពុងរៀនគ្រប់ទំព័រ។ នេះជាការអ្វីដែលព្រះទ្រង់បណ្តាលចិត្តអ្នកបម្រើទ្រង់ឲ្យធ្វើ។ នេះជាឱកាស និងឯកសិទ្ធិពិសេសណាស់ ដែលយើងបានបើកមើលព្រះបន្ទូលព្រះអង្គ ចូលរួមការងាររបស់ព្រះវិញ្ញាណរបស់ព្រះអង្គ ហើយអធិស្ឋានថា «ឱព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវនៃអស់ទាំងបញ្ញត្តទ្រង់មកទូលបង្គំ»។
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកដំកើង ១១៩:១-៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ១-២ និង ម៉ាកុស ១:១-២២