
ពួកបរិសុទ្ធក្នុងព្រះគ្រីស្ទ
ដោយAlistair Begg
January 25, 2026
«សំបុត្រប៉ុល នឹងធីម៉ូថេ ជាបាវបំរើរបស់ព្រះយេស៊ូវគ្រីស្ទ យើងខ្ញុំផ្ញើមកពួកបរិសុទ្ធទាំងអស់ ក្នុងព្រះគ្រីស្ទយេស៊ូវ ដែលនៅក្រុងភីលីព ...»។ ភីលីព ១:១
តើ ពាក្យ «ពួកបរិសុទ្ធ» ក្នុងបទគម្ពីរនេះ មានន័យដូចម្តេចខ្លះ? តើមនុស្សម្នាក់ក្លាយជាពួកបរិសុទ្ធ ដោយរបៀបណា? តើពួកបរិសុទ្ធមានតួនាទីអ្វីខ្លះ ក្នុងពួកជំនុំ?
ក្នុងប្រវត្តិសាស្ត្រពួកជំនុំ មានបុគ្គលជាច្រើន ដែលព្រះទ្រង់បានប្រើយ៉ាងមានប្រសិទ្ធភាព តាមរបៀបដ៏ពិសេស និងគួរឲ្យកត់សំគាល់ ប៉ុន្តែ ក្នុងព្រះគម្ពីរសញ្ញាថ្មី គ្មានក្បួនជាមូលដ្ឋានណាមួយដែលបញ្ជាក់ថា នរណាខ្លះអាចមានងារជាពួកបរិសុទ្ធ ខណៈពេលដែលអ្នកដទៃទៀត អាចគ្រាន់តែមានឈ្មោះជាគ្រីស្ទបរិស័ទធម្មតានោះឡើយ។ តាមព្រះគម្ពីរប៊ីប ពួកបរិសុទ្ធមិនមែនជាគ្រីស្ទបរិស័ទមួយក្រុមដែលពិសេស និងលេចធ្លោ និងបានធ្វើអ្វីមួយ ដោយសេចក្តីជំនឿពិសេសខុសគេនោះឡើយ។ ពួកបរិសុទ្ធគឺជាគ្រីស្ទបរិស័ទធម្មតា ដែលដើរតាមព្រះយេស៊ូវ។ ពាក្យ «ពួកបរិសុទ្ធ» គ្រាន់តែជាពាក្យក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលគេបានប្រើ សម្រាប់សំដៅទៅលើអ្នកជឿម្នាក់ៗ។ ក្នុងសេចក្តីផ្តើម នៃសំបុត្ររបស់សាវ័កប៉ុល ជាញឹកញាប់ គាត់បានហៅអ្នកទទួលសំបុត្ររបស់គាត់ថា «ពួកបរិសុទ្ធ»។ ពាក្យនេះមានន័យថា «អ្នកដែលបានញែកចេញ» ឬ «មនុស្សដែលបរិសុទ្ធ» ហើយគ្រីស្ទបរិស័ទទាំងអស់ គឺជាអ្នកដែលព្រះទ្រង់បានញែកចេញ ពីជីវិតដែលរស់ក្នុងបាបកាលពីមុន និងញែកចេញថ្វាយព្រះគ្រីស្ទ។ ពួកគេគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ព្រះអង្គ និយាយរួម ពួកគេគឺជាពួកបរិសុទ្ធ។ ហើយបើអ្នកនៅ ក្នុងព្រះគ្រីស្ទ នោះអ្នកក៏ជាពួកបរិសុទ្ធដែរ។
ដូចនេះ គន្លឹះដើម្បីក្លាយជាពួកបរិសុទ្ធ គឺយើងត្រូវនៅក្នុងព្រះគ្រីស្ទ មិនមែនដោយសារយើងមានប្រវត្តិរូប មានការប្រព្រឹត្តល្អដែលលេចធ្លោនោះទេ។ ព្រះគម្ពីរប៊ីបបានចែងថា តាមនិស្ស័យសាច់ឈាម យើងបានស្លាប់ «ក្នុងលោក អ័ដាម» ហើយបើយើងមិនបានចូលក្នុងព្រះគ្រីស្ទទេ យើងនៅតែជាប់ក្នុងលោក អ័ដាម ហើយនឹងស្លាប់ក្នុងបាបរបស់យើង(១កូរិនថូស ១៥:២២)។ ព្រះយេស៊ូវបានយាងមក ដើម្បីធ្វើអ្វីដែលលោក អ័ដាមមិនបានធ្វើ តាមបង្គាប់របស់ព្រះ ហើយស្អាងឡើងវិញ នូវអ្វីដែលបានខូចខាត ដោយសារការអ្វីដែលគាត់បានធ្វើ កាលគាត់ធ្លាក់ចូលក្នុងអំពើបាប។ ព្រះអង្គបាននាំមនុស្សចេញពីការរស់នៅក្នុងលោក អ័ដាម ចូលទៅរកជីវិតថ្មីក្នុងព្រះគ្រីស្ទ ដោយសារការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង ដែលបានលោះបាបយើង។ សាវ័កប៉ុលបានមានប្រសាសន៍ថា «បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្ដីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ»(២កូរិនថូស ៥:១៧)។ ដូចនេះ សំណួរដែលយើងត្រូវសួរអំពីអត្តសញ្ញាណជាពួកបរិសុទ្ធ គឺមិនមែនសួរថា «តើខ្ញុំនៅក្នុងពួកជំនុំ» នោះទេ តែសួរថា «តើខ្ញុំនៅក្នុងព្រះគ្រីស្ទឬទេ?» ការដែលយើងនៅ «ក្នុងពួកជំនុំ» គឺជាការល្អ ប៉ុន្តែ ដែលមនុស្សម្នាក់អាច «នៅក្នុងយានដ្ឋាន» ហើយមិនបានប្រែក្លាយជាឡានជាយ៉ាងណា នោះមនុស្សក៏អាចនៅ «ក្នុងពួកជំនុំ» ដោយមិនបានក្លាយជាគ្រីស្ទបរិស័ទផងដែរ។ បើយើងមិននៅក្នុងព្រះគ្រីស្ទទេ យើងនៅតែរស់នៅក្នុងជីវិតចាស់ ដែលប្រហែលកាន់តាមសាសនាតែសម្បកក្រៅ និងមានការចាប់អារម្មណ៍ខាងវិញ្ញាណ តែមិនបានផ្លាស់ប្រែពីឫសគល់មកទេ។
តើអ្នកនៅក្នុងព្រះគ្រីស្ទទេ? បើអ្នកនៅក្នុងព្រះអង្គ នោះអ្នកគឺជាពួកបរិសុទ្ធហើយ! អ្នកនឹងទទួលបានព្រះពរ និងអត្ថប្រយោជន៍ទាំងអស់ ពីការរស់នៅក្នុងព្រះគ្រីស្ទ ហើយអ្នកមានឯកសិទ្ធិ ក្នុងការរស់នៅថ្វាយព្រះអង្គ។ ការដែលសាវ័កប៉ុលបានហៅគ្រីស្ទានធម្មតាថា ពួកបរិសុទ្ធ គឺបានក្រើនរំឮកពួកគេថា «នេះជាអត្តសញ្ញាណរបស់អ្នក ហើយអ្នកត្រូវរស់នៅយ៉ាងដូចនេះឯង។ អ្នកត្រូវតែខុសប្លែកពីលោកិយ។ អ្នកគឺជាកម្មសិទ្ធិរបស់ព្រះអង្គ។ ចូរអរសប្បាយនៅថ្ងៃនេះ ក្នុងពេលនេះ បើព្រះអង្គបានញែកអ្នកចេញសម្រាប់ព្រះអង្គ ហើយចូររស់នៅ ដោយសេរីភាព ក្នុងការសរសើរដំកើងសិរីល្អរបស់ព្រះអង្គ»។
ព្រះគម្ពីរសញ្ជឹងគិត៖ អេភេសូរ ១:១-១៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ១០-១៣ និង ម៉ាកុស ៤:១-២០