
អ្នកដឹកនាំ ដែលកោតខ្លាចព្រះ
ដោយAlistair Begg
January 29, 2026
«លំដាប់នោះ សាំយូអែលប្រាប់ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នាថា មើល ខ្ញុំបានស្ដាប់តាមគ្រប់ទាំងសេចក្ដី ដែលអ្នករាល់គ្នាបានសូមដល់ខ្ញុំហើយ ខ្ញុំបានតាំងឲ្យមានស្ដេចលើអ្នករាល់គ្នា ឥឡូវនេះ មើល ស្ដេចទ្រង់យាងនៅមុខអ្នករាល់គ្នា ឯខ្ញុំៗចាស់ហើយ សក់ខ្ញុំក៏ស្កូវផង ហើយមើល កូនខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាដែរ ខ្ញុំបានដើរនៅមុខអ្នករាល់គ្នាតាំងតែពីក្មេង ដរាបដល់ថ្ងៃនេះ ខ្ញុំនៅទីនេះស្រាប់ ចូរធ្វើបន្ទាល់ទាស់នឹងខ្ញុំនៅចំពោះព្រះយេហូវ៉ា ហើយនៅមុខអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យនេះចុះ តើខ្ញុំបានយកគោរបស់អ្នកណា ឬយកលារបស់អ្នកណា តើខ្ញុំបានបំភាន់បំបាត់ឬសង្កត់សង្កិនអ្នកណា តើខ្ញុំបានទទួលសំណូកពីដៃអ្នកណា ដើម្បីឲ្យខ្ញុំធ្មេចភ្នែក នោះខ្ញុំនឹងសងដល់អ្នករាល់គ្នាវិញ»។ ១សាំយូអែល ១២:១-៣
ការដឹកនាំគ្រប់ប្រភេទ សុទ្ធតែងាយមានកំហុស។ បើអ្នកធ្វើការជាគ្រូបង្រៀន ធ្វើជាអ្នកដឹកនាំឧស្សាហ៍កម្ម អ្នកដឹកនាំនយោបាយ ឬធ្វើការជាគ្រូគង្វាលក្តី អ្នកមានការចេញមុខចេញមាត់ច្រើនជាប្រចាំ ហើយស្ថិតនៅចំពោះមុខនៃការពិនិត្យពិច័យរបស់អ្នកដទៃ។ ដូចនេះ អ្នកអាចមានបញ្ហាប្រឈមជាច្រើន។
នៅពេលដែលស្តេចសូលឡើងកាន់អំណាចជាអ្នកដឹកនាំប្រទេស តួនាទីរបស់ហោរាសាំយូអែល ជាពួកចៅហ្វាយក៏ហៀបនឹងមានការផ្លាស់ប្តូរផងដែរ។ គាត់ក៏បានទទួលស្គាល់ថា ប្រវត្តិសាស្ត្រនៃជនជាតិអ៊ីស្រាអែលបានឈានដល់ចំនុចរបត់ដ៏សំខាន់មួយ ដូចនេះ គាត់ក៏បានប្រើឱកាសពេលនោះ ដើម្បីបន្សល់ទុកកេរដំណែលរបស់គាត់។ គាត់ពេញចិត្តនឹងមុខនាទីដែលមានឯកសិទ្ធិពិសេស ប៉ុន្តែ គាត់មិនបានផ្ដោតទៅលើជំនាញ និងយុទ្ធសាស្ត្រ ក្នុងនាមជាអ្នកដឹកនាំសាសន៍អ៊ីស្រាអែលនោះទេ។ ផ្ទុយទៅវិញ គាត់បានសង្កត់ធ្ងន់ទៅលើចារិតលក្ខណៈរបស់គាត់ ដែលត្រូវដើរនៅចំពោះព្រះអម្ចាស់ តាំងពីក្មេងមក និងត្រូវមានសេចក្តីសុចរិតនៅចំពោះមុខពួកបណ្តាជន ហេតុនេះហើយ គាត់អាចបង្ហាញសេចក្តីស្មោះត្រង់ និងសេចក្តីល្អរបស់ព្រះអម្ចាស់ ដល់ពួកបណ្តាជន ដោយអំណរ តាមរយៈចារិតលក្ខណៈរបស់គាត់។
បន្ទាប់ពីហោរាសាំយូអែលបានក្រើនរំឭកអំពីប្រវត្តិរបស់គាត់ គាត់ក៏បានធ្វើនូវរឿងមួយ ដែលអ្នកដឹកនាំជាច្រើនមិនហ៊ានធ្វើ និងមិនធ្វើមិនកើតគឺ គាត់បានដាក់ខ្លួនគាត់នៅចំពោះមុខពួកបណ្តាជន ហើយសុំឲ្យពួកគេធ្វើបន្ទាល់ ទាក់ទងនឹងភាពត្រឹមត្រូវរបស់គាត់ ក្នុងភាពជាអ្នកដឹកនាំ។ គាត់ស្ម័គ្រចិត្តឈរចំពោះមុខពួកគេ ដើម្បីឲ្យពួកគេកំណត់ថា ការដឹកនាំរបស់គាត់បានប្រឡូកប្រឡាក់ទៅដោយការសូកប៉ាន់ ឬការលើកដំកើងខ្លួនឯងឬអត់។ នេះជាការប្រថុយប្រថាន! ខណៈពេលដែលពួកបណ្តាជនពិចារណាសំណួររបស់លោក សាំយូអែល ពួកគេរកមិនឃើញកំហុសរបស់គាត់ ទាំងនៅក្នុងចារិតលក្ខណៈ ក៏ដូចជាការដឹកនាំ និងឥទ្ធិពល ដែលគាត់មាន។ បានជាពួកគេធ្វើបន្ទាល់ថា «លោកមិនដែលបំភាន់បំបាត់ឬសង្កត់សង្កិនយើងខ្ញុំឡើយ ក៏មិនដែលទទួលសំណូកពីដៃអ្នកណាដែរ»(១សាំយូអែល ១២:៤)។ គាត់មិនបានប្រើមុខតំណែងរបស់គាត់ ដើម្បីស្វែងរកភាពមានបាន ឬដើម្បីសង្កត់សង្កិនអ្នកណាឡើយ។ គេបានធ្វើការបញ្ជាក់ច្បាស់ថា ការដឹកនាំរបស់គាត់មានភាពស្អាតស្អំ។
ដោយសារមនុស្សមានការចាប់អារម្មណ៍ខ្លាំងយ៉ាងនេះ មកលើអ្នកដឹកនាំ យើងចាំបាច់ត្រូវអធិស្ឋានឲ្យអ្នកដឹកនាំជាប្រចាំ ហើយបើសិនជាព្រះអម្ចាស់ទតឃើញយើងសក្តិសមនឹងតូនាទីជាអ្នកដឹកនាំ ចូរយើងទទួលយកតួនាទីនោះ ដោយភាពម៉ត់ចត់ ដោយពិចារណា អំពីគោលបំណងដែលព្រះទ្រង់បានត្រាស់ហៅយើង។ សាវ័កយ៉ាកុបបានដាស់តឿនយើង មិនឲ្យទទួលយកតួនាទីជាអ្នកដឹកនាំច្រើនគ្នាពេក ដោយភាពរាក់កំផែល ឬខ្វះការប្រុងប្រយ័ត្ន ជាពិសេសក្នុងពួកជំនុំ។ «បងប្អូនអើយ កុំឲ្យធ្វើជាគ្រូច្រើនគ្នាពេកឡើយ ពីព្រោះដឹងហើយថា យើងនឹងត្រូវទោសធ្ងន់ជាងគេ»(យ៉ាកុប ៣:១)។
តើអ្នកស្ថិតនៅក្រោមការដឹកនាំរបស់អ្នកដឹកនាំល្អឬទេ? បើដូច្នោះមែន ចូរដឹងថា ខណៈពេលដែលពួកគេបម្រើព្រះអម្ចាស់ដោយប្រុងប្រយ័ត្ន នោះពួកគេក៏ត្រូវការអ្នកអធិស្ឋានឲ្យ អ្នកលើកទឹកចិត្ត និងអ្នកគាំទ្រពួកគាត់ផងដែរ! ចូរប្រាកដថា អ្នកអធិស្ឋានឲ្យពួកគេជាទៀងទាត់ ហើយព្យាយាមស្អាងពួកគេឡើង ជាញឹកញាប់។ តើអ្នកជាអ្នកដឹកនាំមែនទេ? បើដូច្នោះមែន ចូរយកគំរូតាមហោរាសាំយូអែលចុះ ដោយដើរនៅចំពោះព្រះអម្ចាស់ ដោយសុចរិត ក្នុងការដឹកនាំរបស់អ្នក ដើម្បីឲ្យចារិតលក្ខណៈនៃការដឹកនាំរបស់អ្នកមានភាពស្មោះត្រង់ និងភាពត្រឹមត្រូវ និងដើម្បីឲ្យគំរូរបស់អ្នក សក្តិសមនឹងឲ្យគេដើរតាម។
ព្រះគម្ពីរសញ្ជឹងគិត៖ ១ធីម៉ូថេ ៣:១-១៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ២៣-២៥ និង ម៉ាកុស ៦:១-២៩