
ការរស់នៅដោយជំនឿ
ដោយAlistair Begg
February 2, 2026
«តែម៉ូសេឆ្លើយតបថា កុំខ្លាចអី ឈប់សិន ចាំមើលសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលទ្រង់នឹងប្រោសដល់អ្នករាល់គ្នានៅថ្ងៃនេះ ដ្បិតពួកសាសន៍អេស៊ីព្ទដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ នោះនឹងលែងឃើញទៀតជាដរាបទៅ ព្រះយេហូវ៉ាទ្រង់នឹងច្បាំងជំនួសអ្នករាល់គ្នា ឯអ្នករាល់គ្នានឹងនៅតែស្ងៀមវិញ» ។ និក្ខមនំ ១៤:១៣-១៤
ពេលណាយើងរស់នៅដោយជំនឿ យើងរកឃើញសេចក្តីពិតដ៏អស្ចារ្យនេះ ដែលបានបញ្ជាក់ថា ព្រះបន្ទូលសន្យារបស់ព្រះអង្គ តែងតែមានភាពគ្រប់គ្រាន់សម្រាប់យើង ។ ក្នុងដំណើរចាកចេញពីទឹកដីអេស៊ីព្ទ លោក ម៉ូសេ និងពួកអ៊ីស្រាអែល បានជួបឧបសគ្គដ៏ធំលើសលុបមួយ គឺសមុទ្រក្រហម ។ ពួកគេបានចាកចេញដោយប្រឆាំងនឹងព្រះទ័យរបស់ស្តេច (និក្ខមនំ ១៤:៨) ហើយមិនយូរប៉ុន្មានពួកគេត្រូវទ័ពរបស់អេស៊ីព្ទដេញតាមជិតទាន់ នៅមាត់សមុទ្រ ហើយ «កាលផារ៉ោនចូលទៅជិត នោះពួកកូនចៅអ៊ីស្រាអែល ... ក៏មានសេចក្ដីតក់ស្លុតជាខ្លាំង ហើយស្រែកអំពាវនាវដល់ព្រះយេហូវ៉ា ព្រមទាំងស្ដីបន្ទោសដល់ម៉ូសេ» (ខ.១០-១១) ។
តើសេចក្តីជំនឿអាចមានប្រយោជន៍យ៉ាងណាខ្លះ ក្នុងស្ថានភាពដូចនេះ? ក្នុងបទគម្ពីរនិក្ខមនំ ១៤:១៣ លោក ម៉ូសេបានឆ្លើយតបចំពោះពួកបណ្តាជន ដោយកំឡាចិត្តពួកគេថា «កុំខ្លាចអី ឈប់សិន ចាំមើលសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលទ្រង់នឹងប្រោសដល់អ្នករាល់គ្នានៅថ្ងៃនេះ» ។
ត្រង់ចំណុចនេះ លោក ម៉ូសេបានបង្ហាញចេញនូវសេចក្តីជំនឿ តាមរបៀបដែលគួរឲ្យកត់សំគាល់! គាត់ស្ទើរតែគ្មានទីពឹងពាក់អាស្រ័យ នៅពេលនោះ ដោយកងរទេះចម្បាំងរបស់ពួកអេស៊ីព្ទកំពុងដេញតាមពីក្រោយគាត់ ទឹកសមុទ្រដែលលាតសន្ធឹងដាច់កន្ទុយភ្នែកពីមុខគាត់ ហើយគាត់ក៏ស្ថិតនៅក្រោមការហ៊ុមព័ទ្ធ ទៅដោយការរអ៊ូរទាំ និងការរិះគន់ពីពួកបណ្តាជន ។ គាត់គ្មានអ្វីក្រៅពីដំបង និងព្រះរាជបញ្ជា និងព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ប៉ុណ្ណោះ ។
ប៉ុន្តែ ដែលមានតែប៉ុណ្ណេះគឺគ្រប់គ្រាន់សម្រាប់គាត់ហើយ ។ គាត់ទុកចិត្តព្រះបន្ទូលសន្យារបស់ព្រះអង្គទាំងស្រុង ។ បើព្រះទ្រង់មានបន្ទូលហើយ លោក ម៉ូសេជឿព្រះអង្គ ហើយព្រះទ្រង់មានបន្ទូលថា ព្រះអង្គនឹងនាំរាស្រ្តទ្រង់ ចេញពីស្រុកអេស៊ីព្ទ ទៅភ្នំស៊ីណាយ នៅត្រើយម្ខាងនៃសមុទ្រក្រហម ហើយចូលទៅទឹកដីសន្យា (និក្ខមនំ ៣:៧-១២) ។ ការងាររបស់លោក ម៉ូសេ គឺមិនត្រូវខ្វល់ខ្វាយអំពីរឿងអ្វីមួយឡើយ ។ ការងារគាត់ គឺត្រូវទុកចិត្ត និងស្តាប់បង្គាប់ព្រះអង្គ ។
ហើយទឹកសមុទ្រក៏បានញែកចេញពីគ្នា ។
នៅពេលដែលពួកអេស៊ីព្ទបានព្យាយាមដេញតាមពួកអ៊ីស្រាអែល តាមផ្លូវកាត់តាមសមុទ្រក្រហម ទឹកសមុទ្រក៏បានបាក់សង្កត់ពីលើពួកគេ ធ្វើឲ្យពួកគេវិនាសបង់ (និក្ខមនំ ១៤:២៧-២៨) ។ តើហេតុអ្វី? ព្រោះសេចក្តីជំនឿ និងការសន្និដ្ឋានទុកជាមុន មិនដូចគ្នាទេ ។ ពួកអេស៊ីព្ទមិនរស់នៅដោយជំនឿ ឬស្តាប់បង្គាប់ព្រះអម្ចាស់ឡើយ ។ ពួកគេគ្រាន់តែសន្និដ្ឋានថា ពួកគេអាចដកពិសោធន៍នូវអ្វីដែលរាស្រ្តរបស់ព្រះបានដកពិសោធន៍ ។ ពួកគេគិតខុស ។
បើព្រះទ្រង់បានមានបន្ទូលហើយ លោក ម៉ូសេនឹងជឿព្រះអង្គ ។ ហើយយើងក៏អាចជឿ ហើយក៏ត្រូវតែជឿផងដែរ ។ យើងមិនចាំបាច់ត្រូវព្រួយបារម្ភថា ព្រះទ្រង់បានញែកសមុទ្រក្រហមឬអត់ទេ តែយើងត្រូវជឿ ហើយអនុវត្តតាមព្រះបន្ទូលព្រះអង្គ ។ អ្នកខ្លះមិនដែលបានស្គាល់ក្តីអំណរនៃការឈរ នៅមាត់ទឹកដ៏គ្រោះថ្នាក់ ដោយមើលឃើញព្រះទ្រង់រំដោះពួកគេឡើយ ព្រោះពួកគេមានការព្រួយបារម្ភពេក អំពីរបៀបដែលព្រះទ្រង់នឹងប្រទានដំណោះស្រាយនីមួយៗជាលម្អិត ។ យើងដកថយ ដោយការថប់បារម្ភ និងការសង្ស័យ ជាជាងឈរយ៉ាងមាំមួន ។ ព្រះទ្រង់បានសន្យាថា នឹងនាំអ្នកទៅកាន់ទឹកដីសន្យា ដែលអ្នកនឹងបានរស់នៅអស់កល្បជានិច្ចជាមួយព្រះអង្គ ។ ហេតុនេះព្រះអង្គមានបន្ទូលថា ចូរកុំព្រួយបារម្ភអំពីផ្លូវ ដែលអ្នកនឹងធ្វើដំណើរទៅរកផ្ទះខាងវិញ្ញាណនោះឡើយ ។ ព្រះអង្គនឹងមើលការខុសត្រូវ ។ យើងគ្រាន់តែត្រូវធ្វើតាម និងទុកចិត្តព្រះបន្ទូលព្រះអង្គ ។ ដែលយើងមានតែព្រះបន្ទូលព្រះអង្គ គឺគ្រប់គ្រាន់សម្រាប់យើងហើយ ។ កិច្ចការរបស់យើងនៅថ្ងៃនេះ គឺគ្រាន់តែទុកចិត្ត និងស្តាប់បង្គាប់ព្រះអង្គប៉ុណ្ណោះ ។
ខគម្ពីរជញ្ជឹងគិត៖ និក្ខមនំ ១៤:១-៣១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៣២-៣៣ និង ម៉ាកុស ៨