
រស់នៅក្នុងភាពបន្ទាន់
ដោយAlistair Begg
February 9, 2026
«ខ្ញុំក៏មិនរាប់ជីវិតនេះ ទុកជារបស់វិសេសដល់ខ្ញុំដែរ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរចុះព្រមទាំងការងារ ដែលខ្ញុំបានទទួលអំពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះវិញ» ។ កិច្ចការ ២០:២៤
កាលសាវ័កប៉ុលចាកចេញពីពួកចាស់ទុំនៅទីក្រុងអេភេសូរ ក្នុងបទគម្ពីរកិច្ចការ ជំពូក២០ គាត់បានទទួលការបណ្តាលចិត្តបន្ទាន់ ពីព្រះវិញ្ញាណបរិសុទ្ធ ឲ្យទៅទីនោះ ។ គាត់មិនដឹងថា មានរឿងអ្វីខ្លះដែលនឹងកើតឡើងចំពោះគាត់ នៅពេលគាត់ទៅដល់ទីនោះឡើយ ប៉ុន្តែ គាត់បានទទួលការបណ្តាលចិត្តឲ្យដឹងថា ពេលដ៏ពិបាក និងការជាប់គុក កំពុងតែរង់ចាំគាត់ ។ ពេលនោះ គាត់ក៏បានថ្លែងនូវពាក្យពេចន៍គួរឲ្យភ្ញាក់ផ្អើលថា «ខ្ញុំក៏មិនរាប់ជីវិតនេះ ទុកជារបស់វិសេសដល់ខ្ញុំដែរ» ។
ពាក្យសម្តីនេះមិនបានបង្ហាញថា គាត់មានការស្អប់ខ្ពើមដ៏ចម្លែក មកលើសុភមង្គល សុខភាពល្អ ឬជីវិតខាងសាច់ឈាមនោះទេ ។ ដូចនេះ ហេតុអ្វីគាត់ប្រកាសថា ជីវិតគាត់គ្មានតម្លៃចំពោះគាត់? យើងអាចនិយាយដោយសាមញ្ញថា គាត់មិនបានចាត់ទុកជីវិតគាត់ ជាទ្រព្យសម្បត្តិមានតម្លៃយ៉ាងខ្លាំង ដែលគាត់ត្រូវតែធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីថែរក្សាវានោះឡើយ ។
មនុស្សច្រើនតែនិយាយថា «ឲ្យតែអ្នកអាចមានសុខភាពល្អ នោះគឺគ្រប់គ្រាន់ហើយ!» ប៉ុន្តែ នេះមិនមែនជាការពិតទេ! រូបកាយរបស់យើងនឹងស្លាប់ ។ ខ្លួនរបស់យើងមានការចុះខ្សោយជាលំដាប់ ខណៈពេលដែលយើងកំពុងរស់នៅ និងដកដង្ហើម ។ យើងប្រហែលជាមានសុខភាពល្អនៅថ្ងៃនេះ ប៉ុន្តែ សុខភាពយើងនឹងចុះខ្សោយនៅថ្ងៃណាមួយ ។ បើយើងមិនអាចនិយាយតាមសាវ័កប៉ុលថា «ដែលខ្ញុំរស់ នោះគឺសម្រាប់ព្រះគ្រីស្ទទេ» នោះយើងក៏មិនអាចនិយាយដូចគាត់បានទេថា «ដែលស្លាប់ទៅ នោះជាកំរៃវិញ» (ភីលីព ១:២១) ។ មធ្យោបាយតែមួយ ដើម្បីឲ្យការស្លាប់របស់យើងមានតម្លៃ គឺទាល់តែយើងទទួលស្គាល់ថា ព្រះគ្រីស្ទគឺជាអ្វីៗគ្រប់យ៉ាងសម្រាប់យើង ។ ហើយបើព្រះគ្រីស្ទគឺជាអ្វីៗគ្រប់យ៉ាង ដូចដែលសាវ័កប៉ុលបាននិយាយមែន នោះយើងអាចប្រកាសជាមួយគាត់ថា ជីវិតខ្ញុំមិនសំខាន់បំផុតសម្រាប់ខ្ញុំទេ ។ ខ្ញុំមិនចាំបាច់ត្រូវការពារវា ធ្វើមើលតែវាជាវត្ថុមានតម្លៃបំផុតនោះឡើយ ។ ខ្ញុំចង់លះបង់វា ដើម្បីបុគ្គលដែលមានតម្លៃបំផុតដែលខ្ញុំបានស្គាល់ ។
អ្វីដែលសំខាន់បំផុតចំពោះសាវ័កប៉ុលនោះគឺ គាត់បានឈានដល់ចុងបញ្ចប់នៃជីវិតគាត់ ដោយការទុកចិត្តព្រះគ្រីស្ទ និងបានប្រឹងប្រែងអស់ពីលទ្ធភាព ក្នុងការធ្វើការបម្រើព្រះគ្រីស្ទ ។ គាត់បានទទួលការបណ្តាលចិត្តឲ្យធ្វើបន្ទាល់ពី «ដំណឹងល្អនៃព្រះគុណព្រះ» នៅគ្រប់ទីកន្លែងដែលគាត់អាចទៅដល់ ។ គាត់មានកិច្ចការដែលត្រូវធ្វើ! គាត់មានគោលបំណង បេសកកម្ម គោលដៅ និងការត្រាស់ហៅ! ហើយនេះក៏ជាកិច្ចការដែលព្រះអង្គប្រទានយើងម្នាក់ៗផងដែរ គឺបេសកកម្មដែលត្រូវប្រាប់មនុស្សដែលយើងជួប ឲ្យបានឮដំណឹងល្អនៃព្រះគុណអស្ចារ្យរបស់ព្រះ ។
តើអ្នកនឹងបានរស់នៅក្នុងជីវិតដែលមានការបន្ទាន់ ដូចសាវ័កប៉ុលយ៉ាងដូចម្តេចខ្លះ ដើម្បីឲ្យអ្នកអាចបន្តដំណើររហូតដល់ទីបញ្ចប់? អ្នកត្រូវរត់ប្រណាំងអស់ពីចិត្ត ដោយភ្នែកសម្លឹងមើលទៅឯទីផ្តាច់ព្រាត់ ។ ចូរកុំស្វែងរកឱកាស ដើម្បីចាកចេញពីការរត់ប្រណាំង ឬបន្ថយល្បឿន មុនពេលទៅដល់ទីនោះឡើយ ។ ចូររត់អស់ពីកម្លាំងរបស់អ្នក ហើយរត់ទៅឲ្យដល់ទី ដោយតោងជាប់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដោយការចម្រើនកម្លាំងពីព្រះវិញ្ញាណ និងការដឹកនាំនៃព្រះបន្ទូលព្រះ ។
ខគម្ពីរជញ្ជឹងគិត៖ ភីលីព ១:២៧-២:២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៤៧-៤៩ និង ម៉ាកុស ១២:១-២៧