
មានចិត្តក្លាហានកាន់តែខ្លាំងឡើង
ដោយAlistair Begg
February 15, 2026
«បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ នោះបានប្រែទៅជាចំរើនដល់ដំណឹងល្អវិញដល់ម្ល៉េះបានជានៅពេញក្នុងផ្ទៃវាំង នឹងគ្រប់កន្លែងឯទៀត គេបានដឹងច្បាស់ថា ខ្ញុំជាប់ចំណងនេះដោយព្រោះព្រះគ្រីស្ទហើយពួកបងប្អូនច្រើនគ្នាក្នុងព្រះអម្ចាស់ ក៏បានសង្ឃឹមឡើងដោយសារចំណងខ្ញុំ ហើយគេហ៊ានផ្សាយព្រះបន្ទូលកាន់តែច្រើនឡើង ដោយឥតភ័យខ្លាច» ។ ភីលីព ១:១២-១៤
រឿងដែលមានលក្ខណៈដូចសោកនាដកម្ម បានផ្តល់ឲ្យនូវលទ្ធផលដែលផ្ទុយពីនេះវិញ ។
នៅពេលដែលពួកជំនុំនៅទីក្រុងភីលីព បានដឹងថា សាវ័កប៉ុលបានជាប់គុក នៅទីក្រុងរ៉ូម ពួកគេប្រាកដជាមានការព្រួយបារម្ភយ៉ាងខ្លាំង ។ អ្នកខ្លះប្រហែលជាមានអារម្មណ៍តក់ស្លុត ដោយព្រួយបារម្ភថា ឥទ្ធិពលនៃដំណឹងល្អ នឹងមានការធ្លាក់ចុះ ព្រោះគ្រូ និងអ្នកការពារសេចក្តីជំនឿដ៏អស្ចារ្យត្រូវគេឃុំខ្លួន មិនអាចធ្វើដំណើរទៅណាទៀតទេ ។ វាគឺជាគ្រោះមហន្តរាយសម្រាប់ដំណឹងល្អហើយ តើមែនទេ?
ចំពោះការជាប់គុកនេះ សាវ័កប៉ុលមានទស្សនៈផ្ទុយពីនេះ ។ នៅក្នុងសំណេររបស់គាត់ គាត់បានបង្ហាញអំពីការទុកចិត្តឥតរង្គើ មកលើការគ្រប់គ្រងរបស់ព្រះអម្ចាស់ គឺដូចដែលគាត់បានសរសេរសំបុត្រប្រាប់ពួកជំនុំនៅទីក្រុងរ៉ូមថា «បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន» (រ៉ូម ៨:៣១) ។ គាត់យល់ឃើញថា គាត់បានជាប់គុក តាមផែនការរបស់ព្រះ (ភីលីព ១:១៦) ហេតុនេះហើយ គាត់អាចរស់នៅជាអ្នកទោសដោយគំនិតវិជ្ជមាន និងជាអ្នកបម្រើដែលមានអំណរ ដោយមើលទៅសុខុមាលភាពរបស់ពួកជំនុំជាសំខាន់ជាងសុខុមាលភាពខ្លួនឯង ។ សម្រាប់សាវ័កប៉ុល ពួកជំនុំត្រូវដឹងថា ការជាប់គុករបស់គាត់ មិនមែនជាឧបសគ្គរារាំងដំណឹងល្អនោះទេ តែបានជួយឲ្យដំណឹងល្អបានចម្រើនឡើង ។ នៅក្នុងការជាប់គុក គាត់មានឱកាសមួយទៀត ដើម្បីផ្សាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ការអ្វីដែលបានកើតឡើង ពិតជាបាន «ចម្រើនដល់ដំណឹងល្អវិញ» ។ ពួកទាហានរ៉ូម៉ាំងទំនងជាស្វែងរកចាប់ខ្លួនជនជាតិយូដាម្នាក់ដែលផ្លាស់ប្តូរជំនឿទៅជាគ្រីស្ទបរិស័ទ ដែលកំពុងនាំគេជួបជុំគ្នា ស្តាប់ការបង្រៀនរបស់គាត់ តែព្រះទ្រង់បានប្រើដំណឹងល្អរបស់ព្រះអង្គ ដើម្បីឈោងចាប់ពួកគេ ។ ហេតុនេះហើយ ព្រះអង្គបានរៀបចំឲ្យមានការបម្រើព្រះតាមរបៀបផ្សេងមួយទៀត ហើយក៏បានចាត់សាវ័កប៉ុលឲ្យទៅពួកគេ ទោះគាត់ត្រូវជាប់ច្រវាក់ក៏ដោយ ។
ជាលទ្ធផល ដំណឹងល្អក៏បានឮទៅដល់ពួកអ្នកយាមទាំងអស់ ហើយថែមទាំងបានចូលទៅដល់ដំណាក់របស់ព្រះចៅអធិរាជនៃចក្រភពរ៉ូម៉ាំងទៀតផង ។ ហើយនៅពេលដែលអ្នកជឿដទៃទៀតមានចិត្តក្លាហានឡើង នៅពេលដែលបានឮអំពីភាពជោគជ័យរបស់សាវ័កប៉ុល នៅពេលដែលពួកគេបានដឹងថា ព្រះទ្រង់អាចផ្គត់ផ្គង់សាវ័កប៉ុល ក្នុងកាលៈទេសៈដ៏លំបាកនោះ ពួកគេក៏បានទុកចិត្តថា ព្រះអង្គនឹងផ្គត់ផ្គង់ពួកគេ ក្នុងកាលៈទេសៈរបស់ខ្លួនផងដែរ ។ ហេតុនេះហើយ ពួកគេ «ហ៊ានផ្សាយព្រះបន្ទូលកាន់តែច្រើនឡើង ដោយឥតភ័យខ្លាច» ។
យើងប្រហែលជាចាំបាច់ត្រូវមានទំនុកចិត្តដូចនេះផងដែរ ដោយចាំថា ព្រះទ្រង់តែងតែគ្រប់គ្រងស្ថានភាពរបស់យើង ។ យើងច្រើនតែសន្និដ្ឋានថា យើងត្រូវការកាលៈទេសៈដែលសមប្រកប ដើម្បីឲ្យយើងមានប្រសិទ្ធិភាពក្នុងការផ្សាយដំណឹងល្អ ។ ប៉ុន្តែ ព្រះទ្រង់មានគំនិតខុសពីយើង ។ ព្រះអង្គមិនរង់ចាំកាលៈទេសៈឲ្យសមប្រកបនោះទេ ។ ព្រះអង្គបានប្ដេជ្ញាព្រះទ័យថា នឹងប្រើរាស្រ្តព្រះអង្គ ដើម្បីសិរីល្អទ្រង់ ទោះកាលៈទេសៈហាក់ដូចជាមិនល្អ ដូចអ្វីដែលយើងចង់បានក៏ដោយ ។ ហើយព្រះអង្គអាចប្រើកាលៈទេសៈទាំងនោះ ដើម្បីជួយឲ្យការផ្សាយដំណឹងល្អចម្រើនឡើង ។
យកល្អ យើងគួរតែចំណាយពេលព្យាយាមរស់នៅដោយចិត្តក្លាហានកាន់តែខ្លាំង ហើយផ្សាយព្រះបន្ទូល ដោយគ្មានការភ័យខ្លាច ជាជាងព្យាយាមកែប្រែកាលៈទេសៈរបស់យើង ។ យើងក៏គួរតែពិចារណា អំពីគ្រោះថ្នាក់ នៃការប្រើកាលៈទេសៈរបស់យើងជាលេស ដើម្បីជៀសវាងការផ្សាយដំណឹងល្អ ជាជាងប្រើវាជាឱកាសដើម្បីផ្សាយដំណឹងល្អ ។ យ៉ាងនោះ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នឹងបានផ្សាយទៅដល់អ្នកដទៃ តាមរយៈយើង តាមរបៀបដ៏អស្ចារ្យ និងខុសប្លែកពីពេលមុន គឺដូចដែលសាវ័កប៉ុលបានធ្វើដែរ ។
ខគម្ពីរជញ្ជឹងគិត៖ កិច្ចការ ៨:១ខ-៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៦៥-៦៦ និង ម៉ាកុស ១៤:៥៣-៧២