
ការលួច ឬបន្លំ តាមទម្រង់ផ្សេងៗ
ដោយAlistair Begg
March 5, 2026
«កុំឲ្យលួចប្លន់ឲ្យសោះ» ។ និក្ខមនំ ២០:១៥
បើយើងមើលមួយភ្លែត ក្រឹត្យវិន័យទី៨ គឺជាការបង្គាប់ដ៏សាមញ្ញ ។ ប៉ុន្តែ ការជញ្ជឹងគិតអំពីក្រឹត្យវិន័យ ដោយការអធិស្ឋាន មានអត្ថប្រយោជន៍ដូចការជញ្ជឹងគិតព្រះបន្ទូលទាំងអស់ ។ ហើយពេលណាយើងចំណាយពេលស្វែងយល់អំពីក្រឹត្យវិន័យនេះ យ៉ាងប្រុងប្រយ័ត្ន យើងឃើញថា ក្រឹត្យវិន័យនេះបាននិយាយអំពីជីវិតយើង ស៊ីជម្រៅជាងអ្វីដែលយើងធ្លាប់គិតទៅទៀត ។ ដើម្បីយល់អំពីទោសនៃការលួច យើងចាំបាច់ត្រូវពិនិត្យមើលគោលការណ៍ពីរយ៉ាងក្នុងព្រះគម្ពីរប៊ីប ដែលជាមូលដ្ឋានគ្រឹះនៃក្រឹត្យវិន័យទី៨ ។ គឺគោលការណ៍នៃសិទ្ធិដែលមនុស្សមាន ក្នុងការកាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងគោលការណ៍នៃម្ចាស់កម្មសិទ្ធិដែលព្រះទ្រង់មាន មកលើអ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើត ។ អាចនិយាយម្យ៉ាងទៀតថា ព្រះទ្រង់ជាម្ចាស់លើអ្វីៗទាំងអស់ ហើយព្រះអង្គឲ្យយើងមានសិទ្ធិកាន់កាប់បណ្ដោះអាសន្ន មកទ្រព្យសម្បត្តិរបស់យើង ។ ដូចនេះ ការលួចអ្វីមួយពីនរណាម្នាក់ គឺជាការបំពានក្រឹត្យវិន័យរបស់ព្រះ ដែលជាម្ចាស់ធំបំផុត និងបំពានមកលើមនុស្សដែលកំពុងកាន់កាប់របស់ទ្រព្យនោះ ។ ទោះជាយ៉ាងណាក៏ដោយ យើងនឹងមិនយល់ក្រឹត្យវិន័យនេះច្បាស់ឡើយ ទាល់តែយើងបានដឹងថា យើងអាចនឹងរំលងក្រឹត្យវិន័យនេះ តាមរបៀបផ្សេងៗក្នុងការរស់នៅ ។ ការលួចអាចធ្វើឡើង តាមទម្រង់ជាច្រើន ដែលច្បាស់ៗបំផុត មានដូចជា :
· ការលួចដោយឥតលាក់លៀម
· ការខ្ចីអ្វីមួយ ដោយមិនសងទៅគេវិញ
· ការកត់ត្រា ដោយមិនស្មោះត្រង់
· ការលួចម៉ោងការងារ
· ការឲ្យប្រាក់ខែមិនសមរម្យ ការបង្កកប្រាក់ខែ ឬការពន្យារពេលបើកប្រាក់ខែ
ប៉ុន្តែ មានការលួចដទៃទៀត តាមរបៀបដែលមិនសូវច្បាស់ តែក្រឹត្យវិន័យនេះក៏បានលើកមកនិយាយផងដែរ ដូចជា :
· ការឈ្នានីសអ្នកដទៃ គឺជាការលួចកេរឈ្មោះរបស់ពួកគេ
· ការប្រព្រឹត្តិអំពើបាបខាងផ្លូវភេទជាមួយអ្នកដទៃ គឺជាលួចសេចក្តីបរិសុទ្ធរបស់ពួកគេ
· ការលួចចម្លងសំណេររបស់អ្នកដទៃ គឺជាការលួចកិច្ចការរបស់ពួកគេ
· ការលួចចម្លងក្នុងពេលប្រឡង
· ការមិនថ្វាយដល់ព្រះ នូវអ្វីដែលយើងជំពាក់ព្រះអង្គ (ម៉ាឡាគី ៣:៨)
ក្រឹត្យវិន័យទី៨ បើកកកាយផ្នែកទាំងអស់នៃជីវិតយើង ហើយបើយើងស្មោះត្រង់ យើងនឹងទទួលស្គាល់ថា យើងបានបំពានក្រឹត្យវិន័យនេះតាមរបៀបណាមួយ ។ ប៉ុន្តែ ក្នុងព្រះគុណ និងប្រាជ្ញារបស់ព្រះ ព្រះអង្គមិនគ្រាន់តែបានប្រាប់យើងអំពីការអ្វីដែលយើងមិនត្រូវធ្វើប៉ុណ្ណោះទេ តែក៏បានប្រាប់យើងអំពីការអ្វីដែលយើងត្រូវដេញតាមផងដែរថា : «អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៅស៊ូឲ្យអ្នកនោះទ្រាំនឿយហត់ជាជាង ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីនឹងចែកដល់អ្នកណាដែលត្រូវការផង» (អេភេសូរ ៤:២៨) ។ ដើម្បីឆ្លើយតបយ៉ាងត្រឹមត្រូវចំពោះក្រឹត្យវិន័យទី៨ គឺមិនគ្រាន់តែ មិនត្រូវលួច តែក៏ត្រូវប្ដេជ្ញាចិត្តរស់នៅដោយចិត្តស្មោះត្រង់ ស្អាតស្អំ ខិតខំធ្វើការងារ និងមានចិត្តសប្បុរសផងដែរ ។
គឺដូចដែលទីបន្ទាល់នៃជីវិតរបស់លោក សាខេ បានធ្វើជាគំរូសម្រាប់យើងរាល់គ្នា ។ គាត់គឺជាអ្នកយកពន្ធ និងមានកំហុសពីបទលួចបន្លំអ្នកដទៃ តែពេលដែលគាត់បានជួបព្រះអម្ចាស់យេស៊ូវ គាត់ក៏បានប្រែចិត្តចេញពីបាប ហើយប្រគល់ឲ្យគេវិញ នូវអ្វីដែលគាត់បានលួចបន្លំ ដោយប្ដេជ្ញាចិត្តសងទៅគេវិញ (លូកា ១៩:៧-៨) ។ តាមក្រឹត្យវិន័យនេះ ការប្រែចិត្ត និងការស្តាប់បង្គាប់មានលក្ខណៈដូចនេះឯង ។ ដូចនេះ ជាបឋម ចូរយើងសួរខ្លួនឯងថា តើខ្ញុំបានលួច ឬបន្លំ ក្នុងទម្រង់ណាខ្លះ ? តើព្រះអង្គកំពុងត្រាស់ហៅខ្ញុំ ឲ្យប្រែចិត្តចេញពីការលួចអ្វីខ្លះ ? ហើយបន្ទាប់មកចូរសួរខ្លួនឯងថា តើខ្ញុំនឹងប្ដេជ្ញាចិត្តចែករំលែក ហើយជំនួសឲ្យការលួច ដោយការឲ្យយ៉ាងសប្បុរស ដូចម្តេចខ្លះ ?
ខគម្ពីរជញ្ជឹងគិត៖ ២ថែស្សាឡូនិច ៣:៦-១៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូប ១-២ និង ១កូរិនថូស ១