
លះបង់ចោលការប្រញាប់ប្រញាល់
ដោយAlistair Begg
March 11, 2026
«ឯព្រះ ផ្លូវនៃទ្រង់គ្រប់លក្ខណ៍ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានសាកមើលហើយ» ។ ទំនុកដំកើង ១៨:៣០
ព្រះទ្រង់មិនដែលធ្វើអ្វីទាំងប្រញាប់ប្រញាល់ទេ ។ ព្រះអង្គក៏មិនដែលយឺតយ៉ាវដែរ ។ ព្រះអង្គតែងតែកំណត់ពេលវេលាយ៉ាងឥតខ្ចោះ ។ តែមនុស្សជាច្រើនបានប្រើប្រាស់ពេលវេលានៃជីវិតមួយភាគធំ ដោយប្រញាប់ចេញពីកន្លែងមួយទៅកន្លែងមួយទៀត ដោយការថប់បារម្ភ ចង់ឲ្យអ្វីមួយកើតឡើង តាមការគិតរបស់ខ្លួន ។
ចូរយើងពិចារណាអំពីឧទាហរណ៍ ក្នុងបទគម្ពីរនាងអេសធើរ ជំពូក៦ ។ ជំពូកមួយនេះ មានការនិយាយច្រើន អំពីការប្រញាប់ប្រញាល់ ។ មិនមែនជាការប្រញាប់ប្រញាល់របស់ព្រះអង្គ តែមនុស្សទៅវិញទេ ដែលប្រញាប់ប្រញាល់ ។
លោក ហាម៉ាន បានក្រោកពីដំណេក ហើយប្រញាប់ទៅចូលគាល់ស្តេច រឿងព្យួរកលោក ម៉ាដេកាយ (នាងអេសធើរ ៦:៤) ។ នៅពេលដែលស្តេចអ័ហាស៊ូរុសបង្គាប់គាត់ ឲ្យប្រញាប់ ទៅយកព្រះពស្ត្រារាជ្យ ដើម្បីលើកតម្កើងមនុស្សដែលស្តេចសព្វព្រះទ័យនឹងប្រទានកិត្តិយស (ខ.១០) គាត់មិនមានការទើសទាល់អ្វីទេ ដោយគាត់គិតស្មានថា អ្នកដែលត្រូវទទួលកិត្តិយសនោះគឺជាខ្លួនគាត់ ។ ក្រោយមក យើងឃើញថា លោក ហាម៉ានមានការប្រញាប់ម្តងទៀត ប៉ុន្តែ លើកនេះគ្រួសាររបស់គាត់ត្រូវទទួលភាពអាម៉ាស (ខ.១២) ដោយស្តេចបង្គាប់គាត់ឲ្យយកអាវកិត្តិយសនោះទៅបំពាក់ឲ្យលោក ម៉ាដេកាយ ជាខ្មាំងសត្រូវរបស់គាត់ ។ គាត់មិនចង់ឲ្យនរណាមើលឃើញគាត់ទេ បានជាគាត់គ្របក្បាល ដូចឧក្រិដ្ឋជន ដែលគ្របក្បាល មិនឲ្យអ្នកកាសែតថតមុខរបស់ខ្លួនអញ្ចឹងដែរ ។ គាត់កំពុងស្ថិតក្នុងទិដ្ឋភាពដែលខកចិត្ត និងឈឺចាប់ ។
ទោះជាយ៉ាងណាក៏ដោយ លោក ម៉ាដេកាយ មិនមានការប្រញាប់ប្រញាល់ទេ ។ គេបានមើលរំលងគាត់ ។ ការដាស់តឿនគាត់ អំពីគម្រោងធ្វើឃាតគាត់ មានសារៈសំខាន់ចំពោះគាត់ តែហាក់ដូចជាគ្មាននរណាម្នាក់ខ្វល់ ហើយសូម្បីតែស្តេចក៏មិនខ្វល់ ទោះគាត់បានធ្វើអ្វីខ្លះសម្រាប់ទ្រង់ក៏ដោយ ។ គាត់មិនបានទទួលកិត្តិយស និងការទទួលស្គាល់ អស់រយៈពេលបួនប្រាំឆ្នាំ (នាងអេសធើរ ៦:៣) ប៉ុន្តែ គាត់នៅតែបន្តធ្វើអ្វីដែលត្រឹមត្រូវ ដោយចិត្តអត់ធ្មត់ ។ គាត់បានទុកចិត្តព្រះ និងផែនការទ្រង់ ។ គាត់ដឹងថា «ផ្លូវរបស់ទ្រង់គ្រប់លក្ខណ៍» ។
លោកគ្រូ ដេរេក ឃីដន័រ (Derek Kidner) បានសរសេរថា «រាល់ការពន្យារពេលរបស់ព្រះ គឺកំពុងតែធ្វើឲ្យមានភាពពេញវ័យដល់ពេលវេលា ... ឬមនុស្ស» ។24 អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានមានប្រសាសន៍ថា «កាលមុនដែលទូលបង្គំកើតទុក្ខព្រួយ នោះទូលបង្គំបានវង្វេងទៅ តែឥឡូវនេះ ទូលបង្គំកាន់តាមព្រះបន្ទូលទ្រង់វិញ» (ទំនុកដំកើង ១១៩:៦៧) ។ តាមនិស្ស័យសាច់ឈាមរបស់យើង យើងចង់ធ្វើអ្វីៗតាមចិត្តរបស់យើង ហើយវង្វេងទៅតាមផ្លូវរបស់យើង គឺមិនខុសអ្នកនិពន្ធបទគម្ពីរទំនុកដំកើងទេ ។ ប៉ុន្តែ នៅពេលដែលផែនការរបស់ព្រះ ធ្វើឲ្យយើងរង់ចាំយូរលើសការរំពឹងចង់បានរបស់យើង ឬយើងថែមទាំងមានការខកចិត្ត ការឈឺចាប់ និងការឈឺក្បាល នោះគឺជាឱកាសសម្រាប់ឲ្យយើងចាប់អារម្មណ៍មកលើព្រះបន្ទូលរបស់ព្រះអង្គ ហើយទុកចិត្តថា ព្រះអង្គនឹងសម្រេចផែនការយ៉ាងឥតខ្ចោះ ។
ព្រះអង្គបានត្រាស់ហៅយើងឲ្យជឿថា ផ្លូវរបស់ព្រះអង្គល្អឥតខ្ចោះ ហើយព្រះបន្ទូលទ្រង់ពិត មិនគ្រាន់តែនៅពេលដែលយើងឃើញថា ព្រះអង្គសព្វព្រះទ័យនឹងយើង តែក៏នៅពេលដែលយើងជួបបរាជ័យ និងគេមើលរំលងការល្អដែលយើងបានធ្វើ ដែលសមនឹងទទួលកិត្តិយស និងការសរសើរ ។ តើអ្នកជឿដូចនេះទេ ? ចូរចាំថា សូម្បីតែផែនការនៃសេចក្តីសង្គ្រោះ ជាផែនការធំបំផុតក៏មិនតម្រូវឲ្យមានការប្រញាប់ប្រញាល់ដែរ «ដ្បិតកាលយើងនៅខ្សោយនៅឡើយ លុះដល់កំណត់ហើយ នោះព្រះគ្រីស្ទទ្រង់បានសុគតជំនួសមនុស្សទមិលល្មើស» (រ៉ូម ៥:៦) ។ ផ្លូវរបស់ព្រះអង្គល្អឥតខ្ចោះ ហើយការកំណត់ពេលវេលារបស់ព្រះអង្គក៏ឥតខ្ចោះ ។ ដូចនេះ ចូរយើងឈប់ប្រញាប់ប្រញាល់ ហើយលះបង់ចោលការថប់បារម្ភ ដោយរៀនទុកចិត្តថា ព្រះទ្រង់នឹងធ្វើការទ្រង់ តាមពេលដែលព្រះអង្គបានកំណត់ទុក ។
ខគម្ពីរជញ្ជឹងគិត៖ សុភាសិត ៣:៥-១២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូប ១៧-១៩ និង ១កូរិនថូស ៧:១-១៩