
ដែនកំណត់ និងអត្ថប្រយោជន៍នៃទុក្ខលំបាក
ដោយAlistair Begg
March 17, 2026
«អ្នករាល់គ្នាក៏មានសេចក្ដីអំណរជាខ្លាំង ក្នុងសេចក្ដីសង្គ្រោះនោះ ទោះបើសព្វថ្ងៃនេះត្រូវរងទុក្ខព្រួយជាយូរបន្តិច ដោយកើតមានសេចក្ដីល្បួងផ្សេងៗក៏ដោយ ។ ដើម្បីឲ្យការសាកលសេចក្ដីជំនឿនៃអ្នករាល់គ្នា ដ៏វិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ នោះបានឃើញសំរាប់ជាសេចក្ដីសរសើរ កេរ្តិ៍ឈ្មោះ នឹងសិរីល្អ ក្នុងកាលដែលព្រះយេស៊ូវគ្រីស្ទទ្រង់លេចមក» ។ ១ពេត្រុស ១:៦-៧
យើងទាំងអស់គ្នាសុទ្ធតែត្រូវប្រឈមមុខដាក់ទុក្ខវេទនា ដោយជៀសមិនរួច ។ ការរួបរួមរបស់យើងជាមួយព្រះគ្រីស្ទមិនបានដកការឈឺចាប់ចេញពីយើង ដែលជាផ្នែកមួយនៃជីវិត នៅលើផែនដី ។ ហើយដោយសារយើង «ត្រូវរងទុក្ខព្រួយជាយូរបន្តិច ដោយកើតមានសេចក្ដីល្បួងផ្សេងៗ» យើងចាំបាច់ត្រូវមានទស្សនៈអំពីទុក្ខវេទនា ស្របតាមព្រះគម្ពីរប៊ីប ។
ក្នុងសំបុត្រទីមួយដែលសាវ័កពេត្រុសបានសរសេរ គាត់បាននិយាយទៅកាន់ពួកជំនុំដំបូង ដែលបានភៀសខ្លួន ដោយសារការបៀតបៀន ។ ទុក្ខលំបាករបស់ពួកគេបានបណ្តាលឲ្យពួកគេមានការសោកសង្រេង ដោយសាវ័កពេត្រុសបានកត់សំគាល់ ដោយចិត្តអាណិត ប៉ុន្តែ គាត់ក៏បានបង្គាប់ពួកគេឲ្យអរសប្បាយ ក្នុងទុក្ខលំបាក ។ គាត់បានក្រើនរំឭកពួកជំនុំសម័យដើម ក៏ដូចជាយើងក្នុងសម័យបច្ចុប្បន្នថា ទុក្ខលំបាកមានពេលកំណត់របស់វា វាមានរយៈពេល «យូរបន្តិច» ទេ ។
ជាញឹកញាប់ យើងមិនមានអារម្មណ៍ថា ការឈឺចាប់របស់យើងមានរយៈពេលខ្លីនោះទេ ។ បើការឈឺចាប់នោះ គឺជាការមានជំងឺរ៉ាំរ៉ៃ ឬជាការបែកបាក់ទំនាក់ទំនង នោះយើងមិនមានអារម្មណ៍ថា វាមានរយៈពេលខ្លីនោះទេ ។ ជាការពិតណាស់ មនុស្សជាច្រើនមានដំណើរជីវិតខាងវិញ្ញាណ ដិតដាមទៅដោយទុក្ខវេទនាយ៉ាងខ្លាំង ។ នេះជាមូលហេតុដែលព្រះគម្ពីរប៊ីបបានចែងអំពីនគរស្ថានសួគ៌ជាញឹកញាប់យ៉ាងខ្លាំង ដើម្បីក្រើនរំឭកយើងថា ជីវិតយើងពិតជាខ្លីខ្លាំងណាស់ បើប្រៀបធៀបនឹងជីវិតអស់កល្ប ។ សាវ័កប៉ុលមានប្រសាសន៍ថា «ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែ ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ ។ ដ្បិតសេចក្ដីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ... ដ្បិតរបស់ដែលមើលឃើញ នោះស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែលមើលមិនឃើញ នោះនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ» (២កូរិនថូស ៤:១៦-១៨) ។
មិនតែប៉ុណ្ណោះ ខណៈពេលដែលយើងឆ្លងកាត់ទុក្ខលំបាក ដោយតោងព្រះហស្តព្រះគ្រីស្ទជាប់ ការឈឺចាប់របស់យើងក៏បានបង្ហាញឲ្យយើងដឹងថា យើងកំពុងមានជំនឿដូចម្តេច ។ យើងពិបាករស់នៅជាគ្រីស្ទបរិស័ទ ពេលណាក្រុមភ្លេងកំពុងប្រគំតន្ត្រី ហើយមនុស្សម្នាក់ៗបន្តដើរក្បួនព្យុហយាត្រាទៅមុខ ដែលមើលទៅហាក់ដូចមិនមានបញ្ហាអ្វី ។ ប៉ុន្តែ ពេលណាទុក្ខលំបាកកើតឡើង ពេលណាយើងមានសំណួរជាច្រើនដែលគ្មានចម្លើយ ពេលណាយើងភ្ញាក់នៅពេលពាក់កណ្តាលអាធ្រាត្រ អង្គុយយំម្នាក់ឯងយ៉ាងសោកសៅបំផុត និងពេលណាយើងមិនមានពាក្យអ្វីនិយាយក្រៅពី «ព្រះវរបិតាសូមព្រះអង្គជួយទូលបង្គំ» ប៉ុន្តែ ពេលណាយើងពិតជានិយាយដូចនេះមែន គឺនៅពេលដែលជំនឿយើងជួបការល្បងល និងបង្ហាញថា យើងមានជំនឿពិតប្រាកដមែន ។
ជាងនេះទៅទៀត យើងអាចអរសប្បាយ ដោយដឹងថា តាមពិត ទោះយើងឆ្លងកាត់បញ្ហាអ្វីក៏ដោយ ព្រះទ្រង់ទតឃើញ ទ្រង់ស្តាប់ឮ ហើយទ្រង់យកព្រះទ័យទុកដាក់ ហើយព្រះអង្គក៏ធ្វើអ្វីម្យ៉ាង ដើម្បីការពារជំនឿយើង និងនាំយើងទៅរកមរតកដ៏រុងរឿង ក្នុងលោកិយដែលគ្មានអ្វីវិនាស ឬពុកផុយឡើយ (១ពេត្រុស ១:៤-៥) ។ ផ្លូវកាត់តាមជ្រលងភ្នំនោះ អាចជាផ្លូវវែងឆ្ងាយ តែព្រះអង្គនឹងនាំយើងឆ្លងកាត់ទៅដល់គោលដៅ ។
ព្រះអង្គសន្យាថា យើងប្រើទុក្ខវេទនាក្នុងជីវិតរបស់កូនទ្រង់ ដើម្បីបង្ហាញឲ្យគេស្គាល់សិរីល្អទ្រង់ ។ គ្មាននរណាម្នាក់មានការផ្លាស់ប្រែ តាមបំណងព្រះទ័យទ្រង់ឡើយ បើសិនជាយើងតែងតែជ្រើសរើសយកការរត់ នៅក្រោមពន្លឺថ្ងៃដ៏ស្រទន់ និងសុខស្រួលគ្រប់ពេលនោះ ។ ប៉ុន្តែ ពេលណាយើងទុកចិត្តថា ព្រះអង្គនឹងប្រើទុក្ខលំបាកដើម្បីធ្វើឲ្យយើងបរិសុទ្ធ យើងនឹងប្រាកដជាពេញដោយក្តីសង្ឃឹមសម្រាប់ពេលដ៏អស់កល្បជានិច្ច និងរស់នៅតាមរបៀបដែលកាន់តែដូចព្រះអង្គសង្គ្រោះរបស់យើង ។ តើនៅថ្ងៃនេះ អ្នកមានការកម្សាន្តចិត្តយ៉ាងណា ពេលដែលបានពិចារណាអំពីភាពពេញបរិបូរ និងរយៈពេលអស់កល្បជានិច្ច ដែលអ្នកនឹងបានរស់នៅជាមួយព្រះអង្គ ? តាមការយល់ឃើញដូចនេះ តើអ្នកអាចលើកទឹកចិត្តនរណាម្នាក់ យ៉ាងដូចម្តេចខ្លះ ?
ខគម្ពីរជញ្ជឹងគិត៖ ១ពេត្រុស ១:១-៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូប ៣២-៣៣ និង ១កូរិនថូស ១១:១-១៦