
ព្រះវិហារដែលមានគ្រឹះមាំ
ដោយAlistair Begg
March 26, 2026
«ព្រះយេហូវ៉ាទ្រង់គង់ក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ឯបល្ល័ង្កនៃព្រះយេហូវ៉ា នោះនៅលើស្ថានសួគ៌ ព្រះនេត្រទ្រង់ទតមើល ត្របកព្រះនេត្រទ្រង់ពិចារណាមើលមនុស្សជាតិទាំងឡាយ ព្រះយេហូវ៉ាទ្រង់ល្បងលមនុស្សសុចរិត» ។ ទំនុកដំកើង ១១:៤-៥
យើងរាល់គ្នាសុទ្ធតែអាចមើលរំលងសេចក្តីពិតដែលជាកំណប់ទ្រព្យដ៏មានតម្លៃជាញឹកញាប់ នៅពេលដែលយើងអានបទគម្ពីរ ឬខគម្ពីរណាមួយ ។ ជួនកាល យើងមើលរំលង ដោយសារយើងបានអានខគម្ពីរនោះច្រើនដងហើយ ហើយពេលខ្លះទៀត គឺដោយសារយើងមិនចំណាយពេលជញ្ជឹងគិត និងទទួលស្គាល់តម្លៃនៃកំណប់ទ្រព្យដែលនៅពីមុខយើង ។
ដូចនេះ ចូរយើងឆក់ឱកាសពិចារណាអំពីសេចក្តីពិតដែលថា «ព្រះអម្ចាស់គង់ក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់» ។ សេចក្តីពិតដ៏សាមញ្ញនេះផ្តល់ឲ្យយើងនូវការកម្សាន្តចិត្ត ក៏ដូចជាការកែតម្រង់ ។ មានខគម្ពីរជាច្រើនក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបានបញ្ជាក់សេចក្តីពិតនេះ (ឧទាហរណ៍ ហាបាគុក ២:២០ និង ទំនុកដំកើង ១៨:៦ មីកា ១:២) ប៉ុន្តែ ស្តេចដាវីឌបាននាំយើងពិចារណាអំពីសេចក្តីពិតពីជ្រុងផ្សេងទៀត ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១១ ។ ទីមួយ «បល្ល័ង្ករបស់ព្រះអម្ចាស់ស្ថិតនៅក្នុងស្ថានសួគ៌» គឺមានន័យថា ព្រះអង្គគឺជាព្រះអម្ចាស់ដែលគេបានលើកដំកើង ។ ព្រះអង្គគ្រងរាជមិនមែនក្នុងលក្ខណៈជាមនុស្សដែលមានទស្សនៈ និងការគ្រប់គ្រងមានដែនកំណត់នោះទេ ប៉ុន្តែ ក្នុងលក្ខណៈជាព្រះនៃស្ថានសួគ៌មានគ្រប់ចេស្តា អស់កល្ប និងជ្រាបគ្រប់ការទាំងអស់ ។ ព្រះអង្គគ្រប់គ្រងបានយូរជាងអ្នកដឹកនាំទាំងអស់ ហើយជាតិសាសន៍ទាំងអស់គ្មានអ្វីប្រៀបផ្ទឹមនឹងព្រះអង្គបានទេ ។
ទីពីរ ព្រះអង្គគឺជាព្រះអម្ចាស់ដែលសង្កេតមើល ។ «ព្រះនេត្ររបស់ព្រះអង្គទតឃើញ» ។ គ្មានអ្វីលាក់កំបាំងពីព្រះនេត្ររបស់ព្រះអង្គ ដែលគង់នៅលើបល្ល័ង្កនៅស្ថានសួគ៌ដែលបានលើកដំកើងនោះឡើយ ។ គ្មានការល្អដែលបានធ្វើ ក្នុងព្រះនាមព្រះអង្គ ដែលទ្រង់មិនបានទតឃើញ ហើយគ្មានបំណងចិត្ត ឬគំនិតមិនបរិសុទ្ធណាមួយ ដែលព្រះអង្គមិនជ្រាបនោះឡើយ ។ យើងមានការកម្សាន្តចិត្តណាស់ ដែលបានដឹងថា ព្រះអង្គទតឃើញជីវិតយើងជារៀងរាល់ថ្ងៃ ចាប់តាំងពីពេលដែលយើងមិនទាន់កើតចេញជារូបរាង្គ (ទំនុកដំកើង ១៣៩:១៥-១៦) ។ យើងក៏គួរតែជញ្ជឹងគិតផងដែរថា ពាក្យសម្តី គំនិត និងទង្វើរទាំងអស់របស់យើង មិនមានការលាក់បាំងនៅចំពោះព្រះអង្គឡើយ!
ទីបី ព្រះទ្រង់គឺជាព្រះអម្ចាស់ដែលត្រួតពិនិត្យ ។ ព្រះអម្ចាស់ «ល្បងលមនុស្សសុចរិត» ។ ការល្បងលរបស់ទ្រង់មិនតែងតែ ឬមិនច្រើនតែងាយស្រួយនោះទេ ប៉ុន្តែ គឺជាអ្វីដែលយើងត្រូវការជានិច្ច ។ គ្មាននរណាម្នាក់អាចឈោងទៅដល់ស្ថានសួគ៌ ដោយគ្មានការល្បងល និងទុក្ខលំបាក នៅតាមផ្លូវធ្វើដំណើរនោះឡើយ ។ ការនេះអាចជាការពិតដែលយើងមិនចង់ពិចារណា ប៉ុន្តែ មានតម្លៃចំពោះយើងណាស់ ព្រោះការនេះមានន័យថា យើងនឹងមិនតក់ស្លុតឡើយ នៅពេលដែលព្រះអម្ចាស់នាំផ្លូវយើងកាត់តាមជ្រលង ដោយប្រាជ្ញាដ៏ជ្រាលជ្រៅ ។ ការល្បងលរបស់ព្រះអង្គតែងតែមានគោលបំណង គឺតែងតែធ្វើឡើង ដើម្បីរៀបចំខ្លួនយើង សម្រាប់ថ្ងៃដែលយើងនឹងបានឃើញព្រះអង្គ ក្នុងព្រះវិហារដ៏បរិសុទ្ធរបស់ទ្រង់ ។
ចូរកត់ចំណាំសេចក្តីពិតនៃខគម្ពីរនេះក្នុងគំនិតរបស់អ្នក ពេលអ្នកមានអារម្មណ៍ថា គ្រឹះរបស់អ្នកត្រូវបានបំផ្លាញ (ទំនុកដំកើង ១១:៣) ។ អស្ថិរភាពដែលយើងមានក្នុងអារម្មណ៍នៅពេលខ្លះ គឺជាការក្រើនរំឭកយើងថា ស្ថេរភាពរបស់លោកិយ គ្រាន់តែជាការស្រមើស្រមៃ ហើយមានតែព្រះអង្គទេដែលអាចប្រទានសន្តិសុខពិតប្រាកដ ។
មានតែព្រះអង្គទេ ដែលគេត្រូវលើកដំកើង មានតែព្រះអង្គទេដែលទតឃើញអ្វីៗទាំងអស់ ហើយដឹកនាំជីវិតយើង និងល្បងលយើង ដើម្បីប្រយោជន៍យើង ។ ពេលណាគ្រឹះរបស់យើងរង្គោះរង្គើ យើងអាចនឹកចាំថា លោកិយនេះមិនមែនជាផ្ទះយើង ហើយព្រះដែលមានអំណាចគ្រប់គ្រងទាំងស្រុង កំពុងដឹកនាំយើង ទៅរកថ្ងៃដែលយើងនឹងបានទទួលទីក្រុងមួយជាមរតក ដែលមានគ្រឹះមិនចេះរង្គោះរង្គើ (ហេព្រើរ ១១:១០ ១២:២៨) ។ អ្នកអាចដឹងថា ព្រះអង្គនៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ហើយព្រះអង្គសន្យាថា នឹងនាំអ្នកទៅទីក្រុងនោះ ។
ខគម្ពីរជញ្ជឹងគិត៖ ហេព្រើរ ១២:២២-២៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ សុភាសិត ៩ និង ១កូរិនថូស ១៦:១០-២៤