
កញ្ចក់ឆ្លុះនៃព្រះបន្ទូលព្រះ
ដោយAlistair Begg
April 11, 2026
«ដ្បិតបើអ្នកណាស្ដាប់ព្រះបន្ទូលហើយ តែមិនប្រព្រឹត្តតាម អ្នកនោះធៀបដូចជាមនុស្សដែលឆ្លុះមុខក្នុងកញ្ចក់ ។ អ្នកនោះគ្រាន់តែមើលខ្លួន រួចចេញទៅបាត់ទៅ ហើយក៏ភ្លេចពីបែបភាពខ្លួនជាយ៉ាងណាភ្លាម» យ៉ាកុប ១:២៣-២៤
នៅពេលដែលយើងបានឮព្រះបន្ទូលព្រះ យើងអាចទទួលការប៉ះពាល់ចិត្ត តែយើងមិនបានផ្លាស់ប្រែ ។ រឿងនេះអាចកើតឡើងជាធម្មតា ។ ព្រះគម្ពីរប៊ីបមានខគម្ពីរមួយចំនួនដែលបានចែងអំពីមនុស្ស ដែលបានស្តាប់ការចែកចាយដំណឹងល្អ ដោយយកចិត្តទុកដាក់ ប៉ុន្តែ ជីវិតនៅតែមិនមានការផ្លាស់ប្រែ (មើលឧទាហរណ៍ ក្នុង កិច្ចការ ១៩:៩ និង ម៉ាកុស ៦:២០) ។ តើធ្វើដូចម្តេចឲ្យយើងប្រាកដថា យើងអាចជៀសវាងបញ្ហានេះ ពេលយើងបើកព្រះគម្ពីរមើល? យើងត្រូវដឹងច្បាស់ថា ការអានព្រះបន្ទូលព្រះតែម្យ៉ាង គឺមិនគ្រប់គ្រាន់ទេ ។ កណ្ឌគម្ពីរយ៉ាកុបបានចែងថា ការគ្រាន់តែស្តាប់ឮព្រះបន្ទូលព្រះ ដោយមិនប្រព្រឹត្តតាម គឺមិនខុសពីមនុស្សម្នាក់ដែលឆ្លុះកញ្ចក់ ហើយមិនបានធ្វើអ្វីសោះសម្រាប់អ្វីដែលគាត់បានឃើញក្នុងកញ្ចក់ ។ យើងហាក់ដូចជាបានភ្លេចអ្វីដែលយើងបានឃើញក្នុងកញ្ចក់ឆ្លុះនៃព្រះគម្ពីរ ដោយរបៀបពីរយ៉ាង ។ ទីមួយ គឺយើងមើលមិនបានស៊ីជម្រៅ ដោយយើងមើលកញ្ចក់ ហើយឆាប់ភ្លេចអ្វីដែលយើងបានឃើញ ដោយសារយើងមិនបានពិចារណា អំពីអ្វីដែលយើងបានឃើញ ។ ពេលដែលយើងស្តាប់ដើម្បីឲ្យតែបានឮ នោះអត្ថប្រយោជន៍ដែលយើងទទួលបាន ជៀសមិនរួចពីភាពខ្វះចន្លោះ ហើយឆាប់ភ្លេច ។ ការសង្កេតយូរៗម្តង មិននាំឲ្យមានការស្តាប់បង្គាប់ដោយប្រុងប្រយ័ត្ននោះទេ ហើយការផ្លាស់ប្រែដ៏ស្ថិតស្ថេរមិនអាចកើតមានបានឡើយ ពេលណាយើងបោកខ្លួនឯងឲ្យគិតផ្ទុយពីនេះ ។
ពេលខ្លះយើងភ្លេចព្រះបន្ទូលដោយចេតនា ដោយព្យាយាមបដិសេធ ឬបង្វែរអារម្មណ៍ខ្លួនឯង ឲ្យងាកចេញពីការអនុវត្តន៍តាមសេចក្តីពិត ។ គ្រូបង្រៀនព្រះគម្ពីរសញ្ញាថ្មីម្នាក់បានបកស្រាយថា នៅពេលដែលមនុស្សម្នាក់បានឆ្លុះកញ្ចក់នៃព្រះគម្ពីរ ហើយកត់សំគាល់ឃើញថា មុខរបស់គាត់បានប្រឡាក់ទៅដោយ បាប ជំងឺ ការព្រួយបារម្ភ ឬភាពចាស់ជរា និស្ស័យសាច់ឈាមរបស់គាត់ក៏បានរុញច្រានរូបភាពទាំងនោះចេញពីគំនិតគាត់ ហើយភ្លាមៗនោះ គាត់ក៏បានងាកទៅរកអ្វីផ្សេង ។32 យើងអាចដឹងច្បាស់ថា មានអ្វីកំពុងកើតឡើងក្នុងគំនិតយើង ពេលណាយើងមានបំណងចិត្តចង់បំភ្លេចភ្លាមៗ តាមរយៈការដោះសារ ការគេចវេសការពិត ឬមិនព្រមគិតតែម្តង អំពីអ្វីដែលយើងបានឃើញក្នុងព្រះគម្ពីរប៊ីប ព្រោះព្រះគម្ពីរប៊ីបនាំយើងប្រឈមមុខដោះស្រាយ ជម្នះបញ្ហាប្រឈម ហើយត្រាស់ហៅយើងឲ្យកែប្រែ ។
ការស្តាប់ព្រះបន្ទូល ដោយមិនបានគិតឲ្យស៊ីជម្រៅ និងភ្លេចដោយចេតនា គឺជាទង្វើដែលគ្រោះថ្នាក់ខ្លាំងណាស់ ។ កាលណាយើងអង្គុយស្តាប់តាមការបង្រៀនរបស់ព្រះគម្ពីរ ដោយមិនឲ្យព្រះបន្ទូលកែប្រែយើង យើងនឹងមិនងាយមានការផ្លាស់ប្រែឡើយ ។ យើងមានចិត្តកាន់តែរឹងទទឹងចំពោះសេចក្តីពិត នោះយើងក៏ទទួលឥទ្ធិពលកាន់តែតិចពីព្រះបន្ទូលដែលមានអំណាចកែប្រែជីវិត ។
ដូចនេះ ពេលណាអ្នកស្តាប់ការបង្រៀនរបស់ព្រះគម្ពីរប៊ីប នៅពេលក្រោយទៀត ចូរប្រុងប្រយ័ត្ន ហើយអធិស្ឋាន ដើម្បីជៀសវាងការសង្កេតមើលព្រះបន្ទូលតែម្តងម្កាល ឬការបង្វែរអារម្មណ៍ខ្លួនឯងចេញពីសេចក្តីពិតនោះឡើយ ។ ផ្ទុយទៅវិញ ចូរមានការស្ញប់ស្ញែងដ៏បរិសុទ្ធ ខណៈពេលដែលអ្នកពិចារណា អំពីសារៈសំខាន់នៃការអ្វីដែលអ្នកបានឮ និងឃើញក្នុងព្រះបន្ទូលព្រះ ។ ចូរចំណាយពេលពីរបីនាទី ដើម្បីជញ្ជឹងគិតព្រះបន្ទូល ដើម្បីកុំឲ្យអ្នកភ្លេចអ្វីដែលអ្នកបានដកពិសោធន៍នោះឡើយ បន្ទាប់មក ត្រូវអនុញ្ញាតឲ្យសេចក្តីពិតកែប្រែជីវិតអ្នក តាមអ្វីដែលបានចែងក្នុងព្រះបន្ទូល ដោយជំនួយមកពីព្រះអង្គ ។
ខគម្ពីរជញ្ជឹងគិត៖ ទំនុកដំកើង ១១៩:២៥-៣២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លេវីវិន័យ ១៥-១៦ និង ហេព្រើរ ១១:២០-៤០