
បន្ទុកក្នុងចិត្ត
ដោយAlistair Begg
April 15, 2026
«ទ្រង់បានបង្កើតរបស់សព្វសារពើឲ្យល្អតាមរដូវកាល ទ្រង់ក៏ធ្វើឲ្យចិត្តគេសង្ឃឹមដល់អស់កល្បទៅមុខ យ៉ាងនោះមនុស្សនឹងរកយល់មិនបាន ពីកិច្ចការដែលព្រះបានធ្វើ តាំងពីដើមដរាបដល់ចុងនោះឡើយ» ។ សាស្តា ៣:១១
តាមពិត គ្មាននរណាដែលមិនជឿសោះថា ព្រះមានពិតមែន ។ អ្នកដែលអះអាងថា ខ្លួនមិនជឿថាមានព្រះ ប្រហែលមិនព្រមទទួលស្គាល់ការពិតនេះទេ ប៉ុន្តែ ព្រះទ្រង់បានដាក់បន្ទុកធ្ងន់មួយក្នុងចិត្តរបស់មនុស្សម្នាក់ៗ ។ ក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេដឹងថា ព្រះមានពិតមែន ហើយនេះជាសេចក្តីពិតដែលធ្វើឲ្យមានការប្រទាញប្រទង់គ្នានៅក្នុងចិត្ត និងគំនិតរបស់ពួកគេ ។ ព្រះទ្រង់បានបង្កើតពិភពលោក ហើយព្រះអង្គបានបង្កើតវាឲ្យមានភាពស្រស់ស្អាត ក្នុងភាពល្អឥតខ្ចោះរបស់វា ។ ព្រះអង្គក៏បានធ្វើឲ្យមនុស្សជាតិស្គាល់ទ្រង់ ទំនាក់ទំនងជាមួយព្រះអង្គ ដើរជាមួយព្រះអង្គក្នុងសួនច្បារ ហើយអរសប្បាយនឹងអត្ថប្រយោជន៍ ដែលទទួលបានពីការប្រកបជាមួយព្រះអង្គ ។ ប៉ុន្តែ មនុស្សបានងាកមកទាស់ប្រឆាំងនឹងអ្នកបង្កើតខ្លួន ហើយជាលទ្ធផល ការយល់ដឹងអំពីភាពអស់កល្បជានិច្ច ដែលព្រះអង្គបានដាំក្នុងចិត្តយើង ច្រើនតែប្រែក្លាយជាការប្រទាញប្រទង់ និងបន្ទុកដ៏ធ្ងន់ក្នុងគំនិតយើង ។
តាមធម្មតា មនុស្សព្យាយាមបង្ខាំងការយល់ដឹងអំពីព្រះ (រ៉ូម ១:១៨-១៩) ប៉ុន្តែ មនុស្សនៅតែមិនអាចជៀសវាងការយល់ដឹងអំពីព្រះ ។ ព្រះទ្រង់បានបង្កើតយើងមក ដើម្បីបំពេញគោលបំណងដ៏បរិសុទ្ធ គឺដើម្បីឲ្យយើងស្គាល់ និងថ្វាយបង្គំព្រះអង្គ ហើយបើយើងមិនបានរកឃើញ និងបំពេញគោលបំណងនោះទេ យើងនឹងមិនអាចស្កប់ចិត្តទាំងស្រុង ជាមួយអ្វីផ្សេងទៀត ដែលព្រះអង្គបានប្រទានយើង ក្នុងដំណើរជីវិតនេះទេ ។ ការស្រេកឃ្លានដ៏ធំនេះមិនអាចស្កប់ស្កល់ ដោយសារទំនាក់ទំនងជាមួយកូន ឪពុកម្តាយ ប្តីប្រពន្ធ គូរស្នេហ៍ ឬមិត្តភក្តិរបស់យើងបានទេ ហើយយើងក៏មិនអាចស្កប់ចិត្ត ដោយសារបទពិសោធន៍ ទ្រព្យសម្បត្តិ ឬភាពជោគជ័យណាមួយឡើយ ។ ព្រះទ្រង់បានកំណត់មកលើមនុស្សជាតិថា យើងនឹងមិនអាចស្កប់ចិត្តជារៀងរហូត ទាល់តែយើងបានស្គាល់ព្រះអង្គ និងរស់នៅក្នុងការប្រកបជាមួយព្រះអង្គ ដែលអាចធ្វើឲ្យយើងស្កប់ស្កល់អស់កល្បជានិច្ច ។
យើងជាស្នាព្រះហស្តដែលព្រះអង្គបានបង្កើត ឲ្យរស់នៅអស់កល្បជានិច្ច ក្នុងព្រះវត្តមានព្រះអង្គ ។ ហេតុនេះហើយ បានជាជីវិតយើងមានភាពនឿយណាយ និងការភាន់ភាំង ពេលណាយើងងាកចេញពីព្រះអង្គ ។ ពេលណាយើងសម្រេចចិត្តរស់នៅក្នុងភាពងងឹត យើងមើលមិនឃើញ ។ ថ្ងៃដែលយើងទទួលស្គាល់ការពិតនេះ គឺជាថ្ងៃដ៏អស្ចារ្យ ។ បន្ទុកនៃការរស់នៅដោយគ្មានព្រះ នឹងសង្កត់ពីលើអ្នក ទាល់តែអ្នកបានដឹងថា អ្នកត្រូវស្វែងរកចម្លើយ នៅកន្លែងណាមួយ ពីនរណាម្នាក់ ។ ហើយជាការពិតណាស់ ចម្លើយនោះមានពិតមែន ។
មានរឿងជាច្រើនក្នុងជីវិតនេះ ដែលមានភាពស្រស់ស្អាត ហើយយើងអាចអរសប្បាយនឹងរឿងទាំងនោះ ដោយសេរី តាមការរៀបចំរបស់ព្រះ ។ ប៉ុន្តែ ក្នុងជីវិតនេះ គ្មានអ្វីដែលល្អបណ្តាច់នោះទេ ហើយយើងនឹងមិនមានសេរីភាពឡើយ ទាល់តែយើងបានទទួលស្គាល់ការពិតនេះ ដោយប្រាជ្ញា ហើយថែមទាំងរស់នៅ ស្របតាមការពិតនេះផងដែរ ។ តើមានអ្វីខ្លះក្នុងជីវិតនេះ ដែលអ្នកបានប្ដេជ្ញាចិត្តថា អ្នកត្រូវតែមានវា ឬត្រូវរកឲ្យវាបាន ព្រោះអ្នកគិតថា វានឹងធ្វើឲ្យអ្នកពិតជាមានភាពរស់រវើក និងស្កប់ស្កល់? តើមានអ្វីខ្លះ ដែលអ្នកគិតថា អ្នកមិនអាចរស់នៅដោយគ្មានវា ឬមិនអាចសប្បាយចិត្ត ដោយគ្មានវាបាន? ចូរប្រយ័ត្ន កុំបណ្តោយឲ្យអ្វីៗដែលល្អ ក្លាយជាព្រះរបស់អ្នកឡើយ ។ ផ្ទុយទៅវិញ ចូរដាក់ក្តីសង្ឃឹមខ្ពស់បំផុត នៅលើស្មារបស់ព្រះដ៏អស់កល្ប ដ្បិតមានតែទ្រង់ទេដែលមានអំណាចល្មមនឹងអាចឲ្យអ្នកសង្ឃឹមលើទ្រង់បាន ។
ខគម្ពីរជញ្ជឹងគិត៖ ម៉ាថាយ ៦:២៥-៣៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លេវីវិន័យ ២៣-២៤ និង វិវរណៈ ២