
ពិចារណាស៊ីជម្រៅ ដើម្បីព្រះ
ដោយAlistair Begg
April 24, 2026
«ចូរពិចារណាសេចក្ដីដែលខ្ញុំប្រាប់ទាំងនេះចុះ ដ្បិតព្រះអម្ចាស់ទ្រង់នឹងប្រទានឲ្យអ្នកមានយោបល់ ក្នុងគ្រប់ការទាំងអស់» ។ ២ធីម៉ូថេ ២:៧
គេបានចាត់ទុកជំនឿគ្រីស្ទបរិស័ទ ជាជំនឿដែលមិនសមហេតុផល ទៅលើព្រឹត្តិការណ៍ដែលមិនទំនងជាបានកើតឡើង ។ តាមពិត នេះមិនមែនជារឿងចម្លែកទេ ។ អ្នកខ្លះយល់ឃើញថា ជំនឿគឺជាឈើច្រត់ សម្រាប់ជួយទប់មនុស្សដែលគ្មានហេតុផលឲ្យមានលំនឹង ខណៈពេលដែលពួកគេឆ្លងកាត់បញ្ហាប្រឈមផ្សេងៗក្នុងជីវិត ។ អ្នករិះគន់យ៉ាងដូចនេះអាចមានការភ្ញាក់ផ្អើល នៅពេលដែលពួកគេបានដឹងថា តាមពិត ជំនឿរបស់គ្រីស្ទបរិស័ទមិនបានបង្រៀនបរិស័ទរបស់ខ្លួន មិនឲ្យប្រើខួរក្បាលគិតនោះទេ តែបានឲ្យពួកគេគិតឲ្យសមហេតុផល ។
ពេលយើងអានព្រះគម្ពីរប៊ីប យើងឃើញថា ព្រះគម្ពីរប៊ីបមិនដែលប្រាប់យើងឲ្យគ្រាន់តែមានអារម្មណ៍ចំពោះអ្វីមួយ ហើយក៏មិនដែលព្យាយាមឲ្យយើងធ្វើអ្វីៗតាមអារម្មណ៍របស់យើងដែរ ។ ព្រះទ្រង់មិនដែលប្រាប់យើងឲ្យឈប់គិតនោះទេ ។ ផ្ទុយទៅវិញ ព្រះអង្គបានបង្ហាញយើងម្តងហើយម្តងទៀតថា ជំនឿលើព្រះគ្រីស្ទ គឺជាការត្រាស់ហៅឲ្យគិតយ៉ាងត្រឹមត្រូវ និងស៊ីជម្រៅអំពីព្រះ អំពីនគររបស់ទ្រង់ និងទីកន្លែងរបស់យើងក្នុងពិភពលោក ។
កាលសាវ័កប៉ុលបង្រៀនពួកជំនុំនៅទីក្រុងអេភេសូរ យើងឃើញថា គាត់បាន «ជជែកពន្យល់ក្នុងសាលាបង្រៀនរបស់ទីរ៉ានុសជារាល់ថ្ងៃ» (កិច្ចការ ១៩:៩) ។ កាលនោះ សាវ័កប៉ុលមិនមែនកំពុងតែច្រៀង ឬព្យាយាមបញ្ឆេះអារម្មណ៍ណាមួយឡើយ ។
ទេ គាត់បាននិយាយថា អ្នកក្រុងអេភេសូរអើយ ខ្ញុំចង់ឲ្យអ្នកគិត មានហេតុផលជាមួយខ្ញុំ នៅថ្ងៃនេះ ។ កណ្ឌគម្ពីរកិច្ចការបានចែងថា នៅទីក្រុងថែស្សាឡូនីច សាវ័កប៉ុលក៏បាន «និយាយមានហេតុផល» ជាមួយមនុស្សនៅទីនោះ «ក៏បើកសំដែងយ៉ាងច្បាស់ថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ពីស្លាប់ឡើងវិញ (១៧:២-៣) ។ កណ្ឌគម្ពីរអេសាយក៏បានចាប់ផ្តើមការពិពណ៌នា ដោយការត្រាស់ហៅស្រដៀងនេះផងដែរ ដើម្បីឲ្យយើងគិតឲ្យបានដិតដល់ ។ គឺដូចមានសេចក្តីចែងថា «ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មកចុះ យើងនឹងពិភាក្សាជាមួយគ្នា» (អេសាយ ១:១៨) ។
ការលើកទឹកចិត្តឲ្យគិត និងមានហេតុផល គឺមិនគ្រាន់តែមានភាពចាំបាច់ ក្នុងការផ្សាយដំណឹងល្អប៉ុណ្ណោះទេ តែក៏ចាំបាច់ដល់ការលូតលាស់របស់គ្រីស្ទបរិស័ទផងដែរ ។ កាលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅទីក្រុងកូរិនថូស គាត់បានមានប្រសាសន៍ថា «បងប្អូនអើយ កុំឲ្យអ្នករាល់គ្នានៅខ្ចីខាងឯគំនិតឡើយ» (១កូរិនថូស ១៤:២០) ។ គាត់ចង់ឲ្យពួកជំនុំគិតឲ្យបានដិតដល់ និងម៉ត់ចត់ អំពីបញ្ហាដែលពួកគេកំពុងជួបប្រទះ ។ សាវ័កប៉ុលថែមទាំងនិយាយត្រង់ៗជាងនេះទៀត កាលគាត់សរសេរសំបុត្រផ្ញើទៅលោក ធីម៉ូថេថា «ចូរពិចារណាសេចក្ដីដែលខ្ញុំប្រាប់ទាំងនេះចុះ ដ្បិតព្រះអម្ចាស់ទ្រង់នឹងប្រទានឲ្យអ្នកមានយោបល់ ក្នុងគ្រប់ការទាំងអស់» (២ធីម៉ូថេ ២:៧) ។ យើងពិតជាត្រូវការព្រះវិញ្ញាណបរិសុទ្ធធ្វើការ ដើម្បីឲ្យយើងគិតបានត្រឹមត្រូវ (លូកា ២៤:៤៥ ១កូរិនថូស ១២:៣) ព្រោះប្រាជ្ញារបស់យើង បានទទួលផលប៉ះពាល់ពីបាប ដូចផ្នែកផ្សេងទៀតនៃខ្លួនយើងផងដែរ (អេភេសូរ ៤:១៧) ។ ប៉ុន្តែ ពេលដែលយើងពង្រីកកម្លាំងនៃគំនិត ដើម្បីពិចារណាអំពីប្រាជ្ញានៃព្រះគម្ពីរ ព្រះអង្គនឹងប្រទានការយល់ដឹងកាន់តែខ្លាំងឡើង ។
ការដើរតាមព្រះគ្រីស្ទ មិនមែនជាការបោះជំហានដោយជំនឿដែលខ្វាក់ ចូលទៅក្នុងភាពងងឹតនោះទេ តែជាការបើកភ្នែក មើលទៅពន្លឺនៃសេចក្តីពិតដ៏ភ្លឺស្វាង ។ យើងនឹងចំណាយពេលមួយជីវិត ឬលើសពីនោះទៀត ដើម្បីគាស់កំណប់ទ្រព្យនៃសេចក្តីពិត ដែលបានចែងក្នុងព្រះបន្ទូល អំពីព្រះរាជបុត្រារបស់ព្រះ តែអ្វីដែលយើងអាចដឹងច្បាស់នៅថ្ងៃនេះ ក៏ដូចជារៀងរាល់ថ្ងៃនោះគឺ ព្រះទ្រង់សព្វព្រះទ័យឲ្យអ្នកស្រឡាញ់ព្រះអង្គ និងថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ អស់ពីគំនិតរបស់អ្នក ។
ខគម្ពីរជញ្ជឹងគិត៖ ទំនុកដំកើង ១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ សាស្តា ៤-៦ និង វិវរណៈ ១១