
ប្រើទ្រព្យសម្បត្តិដើម្បីនគរព្រះ
ដោយAlistair Begg
April 30, 2026
«ត្រូវឲ្យបងប្អូនណា ដែលមានសណ្ឋានទាបថោកបានត្រេកអរ ដោយបានដំកើងឡើង ។ ហើយអ្នកមានត្រូវអរសប្បាយ ដោយត្រូវបន្ទាបចុះវិញ ដ្បិតគេនឹងបាត់ទៅដូចជាផ្កាស្មៅ ។ ពីព្រោះថ្ងៃរះឡើង មានចំហាយក្ដៅវេលាណា នោះធ្វើឲ្យស្មៅក្រៀមស្វិត ហើយផ្កាក៏រោយរុះ ឯលំអក៏វិនាសសូន្យទៅ ដូច្នេះ អ្នកមានក៏នឹងត្រូវស្រពោនទៅក្នុងផ្លូវខ្លួនយ៉ាងនោះដែរ» ។ យ៉ាកុប ១:៩-១១
សៀវភៅមានចំណងជើងថា ទ្រព្យសម្បត្តិរបស់ប្រជាជាតិទាំងឡាយ ជាស្នាដៃនិពន្ធដែលល្បីល្បាញបំផុតរបស់ លោក អ័ដាម ស្ម៊ីត (Adam Smith) ជាសេដ្ឋវិទូស្កត់ឡង់ ដែលត្រូវបានបោះពុម្ពផ្សាយលើកដំបូងនៅឆ្នាំ១៧៧៦ គឺជាឆ្នាំដែលរដ្ឋចំណុះទាំង១៣របស់អាមេរិក បានប្រកាសទាមទារឯករាជ្យពីចក្រភពអង់គ្លេស ។ ប៉ុន្មានឆ្នាំក្រោយមក ប្រជាជាតិថ្មីមួយនេះ (ដែលមានលក្ខណៈភាគច្រើនជាបស្ចិមប្រទេស) បានឱបក្រសោបយកសៀវភៅនេះ និងហេតុផលដែលបានលើកឡើងក្នុងសៀវភៅនេះ ដោយក្លាយជាគំរូដ៏ល្អបំផុតនៃភាពសម្បូរសប្បាយរបស់សេដ្ឋកិច្ច ដែលពិភពលោកបានស្គាល់ ហើយទន្ទឹមនឹងនោះ ភាពសម្បូរសប្បាយនេះក៏មានការជំរុញកាន់តែខ្លាំង ឲ្យប្រជាជនរបស់ខ្លួនមានគំនិតដ៏សោកសៅ ដែលយល់ឃើញថា ភាគច្រើននៃជីវិតមនុស្ស គឺបានកើតមកដើម្បីមានភាគជោគជ័យផ្នែកហិរញ្ញវត្ថុ ។
កណ្ឌគម្ពីរយ៉ាកុបមិនបានចែងថា ទ្រព្យសម្បត្តិគឺជាភាវៈអាក្រក់នោះទេ ។ តែ តាមរយៈកណ្ឌគម្ពីរនេះ ព្រះវិញ្ញាណបរិសុទ្ធពិតជាបានក្រើនរំឭកគេថា ការរស់នៅក្នុងនគរព្រះ មិនមែនដើម្បីបង្គរទ្រព្យទុកនោះទេ ។ ផ្ទុយទៅវិញ យើងត្រូវចាំថា យើងមានភាពផុយស្រួយដូចផ្កាស្មៅនៅខែប្រាំង ហើយចាំថា ភាពមានបាន មិនស្ថិតស្ថេរទេ ។ កណ្ឌគម្ពីរយ៉ាកុបបានអំពាវនាវឲ្យយើងប្រើប្រាជ្ញាដែលកោតខ្លាចព្រះ ដែលជួយឲ្យយើងពិចារណាអំពីទ្រព្យសម្បត្តិ និងកាលៈទេសៈរបស់យើង តាមទស្សនៈដែលត្រឹមត្រូវ និងខុសពីធម្មតា ។ ទស្សនៈនេះត្រឹមត្រូវ ព្រោះវាផ្អែកទៅលើធាតុពិតនៃភាពអស់កល្បជានិច្ច ហើយខុសប្លែកពីធម្មតា ព្រោះវាមិនធ្វើឲ្យយើងស្រឡាញ់ទ្រព្យសម្បត្តិខ្លាំងពេក ដោយយើងងាយលះបង់ទ្រព្យសម្បត្តិ ជាជាងក្តាប់វាយ៉ាងណែន ។
ទ្រព្យសម្បត្តិមិនមែនជាសភាវៈអាក្រក់នោះទេ តែការស្រឡាញ់ទ្រព្យសម្បត្តិទេ ដែលនាំឲ្យគ្រោះថ្នាក់ ។ ព្រះយេស៊ូវបានដាស់តឿនដោយផ្ទាល់ថា «ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្ដីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ» (លូកា ១២:១៥) ។ ព្រះអង្គកំពុងមានបន្ទូលអំពីបុរសអ្នកមានដ៏ល្ងង់ខ្មៅម្នាក់ ដែលមិនបានប្រើប្រាជ្ញានេះ តែផ្ទុយទៅវិញ បានសង់ជង្រុកកាន់តែធំជាងមុន ដើម្បីរក្សាទុកផលដំណាំរបស់ខ្លួន និងពឹងផ្អែកទៅលើទ្រព្យសម្បត្តិរបស់គាត់ ដើម្បីអរសប្បាយនឹងជីវិត តែនៅពេលយប់នោះ ព្រះទ្រង់ក៏បានដកជីវិតគាត់ (ខ.១៦-២០) ។ បុរសនោះបានពឹងផ្អែកលើភាពល្ងង់ខ្លៅ ជាជាងពឹងផ្អែកលើប្រាជ្ញារបស់ព្រះ ហើយព្រះយេស៊ូវមានបន្ទូលថា យើងក៏ល្ងង់ខ្លៅដែរ បើយើងសន្សំទ្រព្យទុកសម្រាប់ខ្លួនឯង តែមិនមានបានខាងឯព្រះ (ខ.២១) ។
គេមិនអាចរកឃើញភាពមានបានពិតប្រាកដ ក្នុងធនាគារ ទូរដែក ឬភាគហ៊ុន នៅផែនដីនោះឡើយ ។ យើងប្រហែលជាចង់ប្រើភាពមានបានទាំងនេះ ជាមូលដ្ឋានដើម្បីឲ្យខ្លួនឯងមានតម្លៃ ឬមានសន្តិសុខ ប៉ុន្តែ ប្រាជ្ញារបស់ព្រះបានបង្ហាញឲ្យយើងដឹងថា ទ្រព្យសម្បត្តិមិនមានភាពស្ថិតស្ថេរទេ ។ ហេតុនេះហើយ ជាជាងដេញតាមអ្វីមួយដែលសាបរលាប ចូរអនុវត្តតាមកណ្ឌគម្ពីរយ៉ាកុប ដោយផ្ដោតទៅលើការប្រើទ្រព្យសម្បត្តិដោយប្រាជ្ញា ដោយចិត្តសប្បុរស និងដើម្បីនគរព្រះ ទោះយើងមានតិចឬច្រើនក្តី ។
ខគម្ពីរជញ្ជឹងគិត៖ ម៉ាថាយ ៦:១៩-៣៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ជនគណនា ៧-៨ និង វិវរណៈ ១៧