
អ្នកមានអ្នកគង្វាលម្នាក់
ដោយAlistair Begg
May 9, 2026
«នោះក៏នាំគ្នាចុះទូកចេញទៅឯទីស្ងាត់ដោយឡែកទៅ ។ ឯហ្វូងមនុស្សគេឃើញទ្រង់ចេញទៅ ហើយមានគ្នាច្រើនបានស្គាល់ទ្រង់ បានជាមានមនុស្សពីគ្រប់ក្រុងទាំងប៉ុន្មាន នាំគ្នារត់ទៅមុន ប្រជុំគ្នាឯទ្រង់ ។ កាលព្រះយេស៊ូវបានឡើងពីទូកមក នោះទ្រង់ឃើញហ្វូងមនុស្សជាធំ ក៏មានព្រះហឫទ័យក្ដួលអាណិតដល់គេ ពីព្រោះគេធៀបដូចជាចៀមដែលគ្មានអ្នកគង្វាល រួចទ្រង់ចាប់តាំងបង្រៀនគេពីសេចក្ដីជាច្រើន» ។ ម៉ាកុស ៦:៣២-៣៤
ព្រះយេស៊ូវមានទម្លាប់គេចចេញពីហ្វូងមនុស្ស ពីមួយពេលទៅមួយពេល ដើម្បីសម្រាក ឲ្យមានភាពស្រស់ថ្លា និងជជែកជាមួយព្រះវរបិតារបស់ទ្រង់ដែលគង់នៅស្ថានសួគ៌ ។ ក្នុងបទគម្ពីរម៉ាកុសជំពូក៦ ព្រះអង្គក៏បានលើកទឹកចិត្តពួកសិស្សឲ្យយកគំរូតាមព្រះអង្គ បន្ទាប់ពីពួកគេបានខិតខំធ្វើការបម្រើព្រះ ដោយប្រាប់ពួកគេថា «ចូរអ្នករាល់គ្នាមកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្តិចសិន» (ម៉ាកុស ៦:៣១) ។ ប៉ុន្តែ ក្នុងឱកាសពេលនោះ ព្រះយេស៊ូវ និងពួកសាវ័កបានទៅដល់កន្លែងដែលត្រូវសម្រាក តែមនុស្សមួយហ្វូងធំបានមកជួបជុំគ្នា ។ គេប្រហែលមិនបានរំពឹងថា នឹងមានមនុស្សច្រើនយ៉ាងនេះទេ ប៉ុន្តែ ពួកសិស្សពិតជាមិនបានរៀបផែនការទុកជាមុនទេ ។ ពួកគេគ្មានឱកាសសម្រាកទេ ។ តែព្រះយេស៊ូវមិនបានឆ្លើយតប ដោយការធុញទ្រាន់ ឬចាប់ទុកពួកបណ្តាជនជាមនុស្សរំខាននោះទេ ។ ផ្ទុយទៅវិញ ព្រះអង្គ «មានសេចក្តីអាណិតចំពោះពួកគេ» ។ ត្រង់ចំណុចនេះ ព្រះគម្ពីរដើមភាសាក្រិកបានប្រើពាក្យដែលបង្ហាញពីអារម្មណ៍ជ្រាលជ្រៅបំផុតរបស់ព្រះអង្គ ។ តើហេតុអ្វី ? «ព្រោះគេធៀបដូចជាចៀមដែលគ្មានអ្នកគង្វាល» ។ ជាការពិតណាស់ ពួកគេប្រហែលជាមានលក្ខណៈដូចសត្វចៀម ដែលពួកគេរាប់ពាន់នាក់ មានសំលៀកបំពាក់ពណ៌ដិតខ្លាំង ជាប្រជាជននៅមជ្ឈិមបូព៌ា មកផ្តុំគ្នារប៉ាត់រប៉ាយ នៅទីវាល ។ ប៉ុន្តែ ដែលសំខាន់ជាងនេះទៀតនោះ ពួកគេត្រូវការអ្នកគង្វាលវិញ្ញាណរបស់ពួកគេ ។ ពួកគេត្រូវការអ្នកគង្វាលម្នាក់ជួយពួកគេបន្តដំណើរជីវិតទៅមុខទៀត ដោយសុខសាន្តអស់មួយជីវិត ។ ព្រះយេស៊ូវបានយាងមក ធ្វើជាអ្នកគង្វាលនោះ ដែលកំពុងស្វែងរកចៀមបាត់បង់ ទាំងអ្នក និងខ្ញុំ ។
ព្រះយេស៊ូវក៏បានបន្តប្រទានអាហារដល់ហ្វូងមនុស្ស ទាំងខាងរូបកាយ និងវិញ្ញាណ ដោយបង្ហាញឲ្យគេដឹងថា ព្រះអង្គគឺជាអ្នកគង្វាល ដែលឲ្យយើងសម្រាកនៅវាលស្មៅខៀវខ្ចី នាំយើងទៅក្បែរទឹកហូរគ្រឿនៗ និងស្អាងវិញ្ញាណយើងឡើងវិញ (ទំនុកដំកើង ២៣:១-៣) ។ ព្រះអង្គគឺជាក្សត្រដែលកំពុងអញ្ជើញរាស្រ្តទ្រង់ចូលនគរទ្រង់ ហើយក៏ជាអ្នកគង្វាលដែលកំពុងអញ្ជើញហ្វូងចៀមចូលក្រោលទ្រង់ ។ ពួកសាវ័កចង់បណ្តេញពួកគេឲ្យត្រឡប់ទៅវិញ តែព្រះអង្គបានប្រាប់ពួកគេ ឲ្យរកកន្លែងអង្គុយ (ម៉ាថាយ ៦:៣៦,៣៩) ។ នេះគឺជាអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង: ព្រះអង្គទតឃើញយើង ឃ្លាន ស្រេកទឹក វង្វេង និងបាត់បង់ ហើយព្រះអង្គក៏បានស្វាគមន៍យើង ទោះព្រះអង្គត្រូវលះបង់ព្រះជន្មក៏ដោយ ។ តើយើងអាចស្វែងរកសេចក្តីស្រឡាញ់ជ្រាលជ្រៅជាងនេះ នៅកន្លែងណា ?
ឱវិញ្ញាណរបស់មនុស្សទាំងឡាយ ហេតុអ្វីអ្នកខ្ចាត់ខ្ចាយ
ដូចហ្វូងចៀមដែលមានការភ័យខ្លាច ?
ឱចិត្តដែលល្ងង់ខ្លៅ ហេតុអ្វីអ្នកវង្វេង
ចេញពីសេចក្តីស្រឡាញ់ដែលពិត និងជ្រាលជ្រៅយ៉ាងនេះ ?36
នៅថ្ងៃនេះ ចូរមើលទៅការដឹកនាំរបស់អ្នកគង្វាលរបស់អ្នក មិនមែនក្នុងលក្ខណៈជាការកៀបសង្កត់ជីវិតអ្នក តែជាទង្វើប្រកបដោយព្រះគុណចំពោះអ្នក ។ បើអ្នកមានការភាន់ច្រឡំអំពីផ្លូវសម្រាប់ធ្វើដំណើរទៅមុខ ចូរទុកចិត្តថា ព្រះអង្គនឹងដឹកនាំអ្នកកាត់តាមផ្លូវនោះ ក្នុងជីវិតនេះ និងអស់កល្បជានិច្ច ។ ពេលណាអ្នកពិបាកស្រឡាញ់អ្នកដទៃ ចូរទូលសូមព្រះអង្គប្រទានអ្នកនូវចិត្តដែលអាណិត ចំពោះចៀមបាត់បង់ ដែលកំពុងត្រូវការអ្នកគង្វាលដែលគង់នៅស្ថានសួគ៌ ។ អ្នកជាគ្រីស្ទបរិស័ទ ដូចនេះអ្នកមានអ្នកគង្វាលម្នាក់កំពុងថែរក្សាអ្នក ។
ខគម្ពីរជញ្ជឹងគិត៖ ទំនុកដំកើង ២៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ជនគណនា ៣២-៣៤ និង ម៉ាថាយ ៤