
ក្តីអំណរក្នុងភាពគ្រប់គ្រាន់
ដោយAlistair Begg
May 12, 2026
«មិនមែនថា យើងខ្ញុំពូកែល្មមដោយខ្លួនឯង នឹងគិតស្មានថា មានអ្វីកើតពីខ្លួនយើងខ្ញុំនោះឡើយ តែដែលយើងខ្ញុំពូកែ នោះមកតែពីព្រះទេ ដែលទ្រង់បានប្រោស ឲ្យយើងខ្ញុំអាចនឹងធ្វើជាអ្នកបំរើនៃសញ្ញាថ្មីបាន» ។ ២កូរិនថូស ៣:៥-៦
ព្រះទ្រង់មានគោលបំណងសម្រាប់រាស្រ្តរបស់ព្រះអង្គ នៅគ្រប់សម័យកាល គឺដើម្បីឲ្យយើងបានពឹងផ្អែកលើព្រះអង្គទាំងស្រុង ។
ការពឹងផ្អែកនេះមិនកើតមានចំពោះយើង ដោយខ្លួនឯងបានទេ ព្រោះអំណាចរបស់មនុស្ស ស្ថិតក្នុងចំណោមរូបព្រះដែលធំបំផុត នៅគ្រប់សម័យកាល ។ វាមានការទាក់ទាញខ្លាំងណាស់ ហើយក៏មានសមត្ថភាពកាន់តែខ្លាំង ក្នុងការធ្វើឲ្យយើងមានភាពពុករលួយ ។ ហើយនេះជារឿងពិតតាំងពីដើមមក ព្រោះជាញឹកញាប់ អ្នកដែលទទួលបានអំណាច គឺជាអ្នកដែលមានសេចក្តីក្លាហានគ្រប់គ្រាន់ ក្នុងការដេញតាមវា ហើយវាច្រើនតែមានសញ្ញាសំគាល់ ដោយចារិកលក្ខណៈ ដែលមានដូចជាភាពទាក់ទាញ និងបុគ្គលិកលក្ខណៈដែលលេចធ្លោខ្លាំង ។ មនុស្សជាច្រើនបានវាស់ស្ទង់កម្លាំង និងអត្ថប្រយោជន៍យ៉ាងដូចនេះឯង ។ គួរឲ្យស្តាយណាស់ សូម្បីនៅក្នុងពួកជំនុំ អ្នកដឹកនាំច្រើនតែទទួលបានអំណាច និងមានឥទ្ធិពល ដោយសារភាពទាក់ទាញ ជាជាងចារិតលក្ខណៈរបស់ពួកគេ ហើយដោយសារមហិច្ឆតា ជាជាងការបន្ទាបខ្លួនរបស់ពួកគេ ។
សាវ័កប៉ុលក៏មានការយល់ដឹងច្បាស់ អំពីការគិតខុសយ៉ាងដូចនេះផងដែរ ។ តាមពិត ក្នុងសំបុត្រពីរច្បាស់ ដែលគាត់បានសរសេរផ្ញើទៅពួកជំនុំនៅទីក្រុងកូរិនថូស គាត់ថែមទាំងបានបង្គាប់ពួកគេ មិនឲ្យវាយតម្លៃអ្នកដឹកនាំខាងវិញ្ញាណ តាមស្តង់ដាររបស់លោកិយឡើយ ។ នៅពេលខ្លះ ពួកជំនុំនៅទីក្រុងកូរិនថូសបានជួបការល្បួងឲ្យដើរតាមវាគ្មិនដែលពួកគេចូលចិត្ត និងឱបក្រសោបយកប្រាជ្ញារបស់លោកិយ ។ នៅពេលខ្លះទៀត សាវ័កប៉ុលត្រូវប្រយុទ្ធប្រឆាំងនឹងឥទ្ធិពលរបស់មនុស្ស ដែលតាំងខ្លួនជាង «ពួកសាវ័កដ៏អស្ចារ្យ» ដែលមានកម្លាំង អំណោយទាន និងអំណាច ដែលមានការទាក់ទាញពួកជំនុំនៅទីក្រុងកូរិនថូសយ៉ាងខ្លាំង (២កូរិនថូស ១១:៥ ១២:១១) ។ ផ្ទុយទៅវិញ សាវ័កប៉ុលមានប្រសាសន៍ថា «ដ្បិតកាលណាខ្ញុំខ្សោយ នោះខ្ញុំមានកំឡាំងយ៉ាងចំណានវិញ» (២កូរិនថូស ១២:១០) ។ គាត់ដឹងថា ព្រះចេស្តារបស់ព្រះគ្រីស្ទបានបង្ហាញចេញមក នៅក្នុងសេចក្តីកម្សោយរបស់គាត់ ហើយគាត់បានសារភាពម្តងហើយម្តងទៀតថា គាត់មិនមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ធ្វើការងារដែលព្រះបានប្រទានគាត់ទេ បានជាគាត់មានប្រសាសន៍ថា «តើអ្នកណាគួរនឹងសេចក្ដីទាំងនេះ ?» (២កូរិនថូស ២:១៦) ។
យើងមិនមែនជា «ពួកសាវ័កដ៏អស្ចារ្យ» នោះទេ តែយើងអាចដឹងថា ការគិតតាមបែបលោកិយមានលក្ខណៈដូចម្តេច ។ យើងរាល់គ្នាសុទ្ធតែងាយនឹងពឹងផ្អែកលើខ្លួនឯង ពឹងផ្អែកលើបុគ្គលិកលក្ខណៈ ឬអំណោយទានរបស់យើង ។ អ្វីដែលយើងត្រូវរៀនសូត្រនោះគឺថា យើងមិនអាចរកឃើញភាពមានប្រយោជន៍ខាងវិញ្ញាណ នៅក្នុងចំណុចទាំងអស់នេះទេ ។ ផ្ទុយទៅវិញ យើងរកឃើញភាពមានប្រយោជន៍ នៅពេលដែលយើងបន្ទាបខ្លួននៅចំពោះព្រះ ពេលយើងទទួលស្គាល់ថា យើងពិតជាមានភាពខ្វះចន្លោះយ៉ាងខ្លាំង ។
យើងត្រូវសារភាពដូចសាវ័កប៉ុលផងដែរថា តាមពិត ភាពកម្សោយគឺជាកម្លាំងរបស់យើង ។ លក្ខណៈនៃ «សេចក្តីសញ្ញាថ្មី» ដែលព្រះយេស៊ូវបានតាំង ដោយព្រះលោហិតទ្រង់ ហើយយើងគ្មានអ្វីសម្រាប់រួមចំណែក ក្រៅពីយកបាបយើងទៅថ្វាយព្រះអង្គ គឺគួរតែបានក្រើនរំឭកយើងថា យើងខ្វះអ្វីដែលយើងត្រូវការ ហើយមានតែព្រះអង្គទេ ដែលអាចបំពេញឲ្យបាន ។ តើយើងចង់មានសេចក្តីក្លាហានកាន់តែខ្លាំងជាងមុនទេ ? បើដូច្នោះមែន យើងត្រូវតែឱបក្រសោបយកភាពកម្សោយរបស់យើង នៅចំពោះព្រះ ហើយព្រះអង្គនឹងដឹកនាំយើងទៅរកសេចក្តីក្លាហានដែលពេញដោយជំនឿ នៅពីមុខអ្នកដទៃ ។ តើអ្នកចង់មានប្រយោជន៍ជាងមុនទេ ? ចូរឱបក្រសោបយកភាពខ្វះចន្លោះនៅចំពោះព្រះអង្គ ហើយព្រះអង្គនឹងបង្ហាញភាពគ្រប់គ្រាន់របស់ទ្រង់ តាមរយៈយើង ។
តើអ្នកធ្លាប់ពិចារណាដែរឬទេថា ការយល់ដឹងរបស់អ្នកអំពីភាពខ្វះចន្លោះរបស់អ្នក អាចជាឧបសគ្គធំបំផុត ដែលរារាំងមិនឲ្យអ្នកមានប្រយោជន៍ ក្នុងការបម្រើព្រះ ? ចូរប្រាកដថា អ្នកត្រូវញែកពេលអធិស្ឋាន និងទូលសូមព្រះបង្ហាញអ្នកឲ្យដឹងថា ការពឹងផ្អែកកម្លាំងខ្លួនឯង បានជ្រាបចូលទៅក្នុងគំនិតរបស់អ្នក តាមរបៀបណាមួយឬទេ ។ ចូរទូលសូមព្រះអង្គដកវាចេញពីជីវិតអ្នក ដើម្បីឲ្យអ្នកអាចបម្រើព្រះអង្គ ដោយសេរីភាព និងអំណរនៅក្នុងភាពគ្រប់គ្រាន់ ហើយអ្នកនឹងបានឃើញព្រះអង្គធ្វើការ!
ខគម្ពីរជញ្ជឹងគិត៖ ពួកចៅហ្វាយ ៧:១-៨,១៦-៣២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១ពង្សាវតាក្សត្រ ១-២ និង ម៉ាថាយ ៦:១-១៨