
រឿងធំនៅក្នុងព្រះគម្ពីរប៊ីប
ដោយAlistair Begg
May 20, 2026
«ឯព្រះយេហូវ៉ា ទ្រង់នឹងបានជាមហាក្សត្រលើផែនដីទាំងដុំមូល នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាជាព្រះ១ព្រះអង្គ ហើយព្រះនាមទ្រង់នឹងមានតែ១ដែរ» ។ សាការី ១៤:៩
រាស្រ្តរបស់ព្រះគឺជារាស្រ្តដែលកំពុងរង់ចាំ ។
ចាប់តាំងពីកណ្ឌគម្ពីរលោកុប្បត្តិដល់វិវរណៈ ព្រះគម្ពីរប៊ីបបានចែង អំពីរឿងធំមួយដែលក្នុងនោះ ទាំងព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មី បានបើកបង្ហាញដល់យើង នូវផែនការប្រោសលោះនៃព្រះរបស់យើង តាមរយៈព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។
ជួនកាល យើងគិតឃើញថា ព្រះគម្ពីរគ្រាន់តែជាការប្រមូលផ្តុំនៃរឿងជាច្រើន ដែលមានប្រភពមកពីគ្រប់ទិសទី ។ ប៉ុន្តែ ព្រះគម្ពីរប៊ីបបានចែងអំពីពេលវេលាអស់កល្បពីអតីតកាល រហូតអស់កល្បជានិច្ចនៅពេលអនាគត ហើយក៏បាននិយាយអំពីទឹកដីជាច្រើន ប៉ុន្តែ នៅក្នុងទំព័រនីមួយនៃព្រះគម្ពីរ គឺមានកត់ទុកព្រះបន្ទូលរបស់ព្រះមួយអង្គ ដែលនិយាយអំពីសេចក្តីសង្គ្រោះ ដែលអាចរកបានតែនៅក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាស្តេចលើអស់ទាំងស្តេច ។ ប៉ុន្តែ យើងគួរតែប្ដេជ្ញាចិត្តថា យើងនឹងស្គាល់ ហើយយល់អំពីផ្នែកផ្សេងៗនៃរឿងនោះ ប៉ុន្តែ យើងមិនត្រូវខកខានមិនបានមើលរូបភាពធំឡើយ ។
ហោរាសាការីបានទទួលការបើកសម្ដែង អំពីការគ្រប់គ្រង និងការដឹកនាំរបស់ព្រះអម្ចាស់ កាលគាត់កំពុងរស់នៅក្នុងសម័យ ដែលរាស្រ្តរបស់ព្រះមិនទាន់បានទទួលការស្អាងឡើងវិញនៅឡើយ ។ ពួកបណ្តាជនបានវិលត្រឡប់មកទីក្រុងយេរូសាឡិម បន្ទាប់ពីត្រូវគេនិរទេស ដោយសារអំពើបាបដែលពួកគេបន្តប្រព្រឹត្ត ហើយពួកគេក៏បានជួសជុលកំផែងទីក្រុង និងព្រះវិហារ នៅក្នុងទីក្រុងនោះ ។ ប៉ុន្តែ ការរស់នៅរបស់ពួកគេ ហាក់ដូចជាមិនមានអំណរ រីករាយ ឬគ្មានទុក្ខព្រួយ ដូចដែលហោរាអេសាយបានថ្លែងទំនាយនោះឡើយ (អេសាយ ៥១:១១) ។ តើព្រះអម្ចាស់មិនបានធ្វើតាមព្រះបន្ទូលសន្យាទេឬ ? តើហោរាអេសាយបានថ្លែងទំនាយច្រឡំឬ ? ហោរាសាការីបានឆ្លើយថា ទេ រឿងនេះមិនបានកើតឡើងដូចនេះទេ! ហោរាសាការីបានបង្ហាញថា ការស្អាងព្រះវិហារទីក្រុងយេរូសាឡិមឡើងវិញ គឺជាជ័យជម្នះតូចមួយដែលកំពុងចង្អុលបង្ហាញគេ ឲ្យងាកទៅរកការគ្រងរាជរបស់ព្រះយេស៊ូវគ្រីស្ទ ជាអ្នកដែលព្រះអម្ចាស់បានចាក់ប្រេងតាំង នៅលើពិភពលោកទាំងមូល ។ រាស្រ្តរបស់ព្រះមិនរង់ចាំជារៀងរហូតទេ ។
ព្រះអង្គបានយាងមកហើយ ។ យើងមិនគ្រាន់តែបានធ្វើជាស្មរបន្ទាល់ តែក៏បានចូលរួមនៅក្នុងការសាងសង់ព្រះវិហារពិតប្រាកដរបស់ព្រះអង្គ ជារូបកាយ និងជាពួកជំនុំរបស់ព្រះអង្គ ។ មនុស្សកាន់តែច្រើនបានងាកទៅរកព្រះអង្គ នៅទូទាំងពិភពលោកជារៀងរាល់ថ្ងៃ តែយើងនៅតែរង់ចាំថ្ងៃ ដែលជង្គង់ទាំងអស់នឹងលុតចុះ ហើយ «គ្រប់ទាំងអណ្ដាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់» (ភីលីព ២:១០-១១) ។ ប៉ុន្តែ ខណៈពេលដែលយើងកំពុងរង់ចាំ យើងអាចក្រឡេកមកក្រោយវិញ មើលតាមព្រះគម្ពីរប៊ីប ឃើញព្រះអម្ចាស់តែងតែមានសេចក្តីស្មោះត្រង់ចំពោះយើងប៉ុណ្ណា ។ យើងអាចមើលព្រះអង្គ «កាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ នឹងរបស់នៅផែនដីផង» (អេភេសូរ ១:១០) ។
យើងអាចបន្តដំណើរទៅមុខដោយក្តីសង្ឃឹម ខណៈពេលដែលការពិពណ៌នាអំពីសាច់រឿងធំនេះ បន្តបើកបង្ហាញ ហើយខណៈពេលដែលជីវិតយើងម្នាក់ៗ បានរួមចំណែកមួយផ្នែកតូចក្នុងរឿងនេះ ។ បើអ្នកមានអារម្មណ៍ថា ជីវិតអ្នកមិនមានអំណរ មិនសប្បាយ ឬមានទុក្ខព្រួយ ដូចដែលព្រះគម្ពីរបានសន្យា ចូរចាំថា ការសន្យានេះមិនទាន់បានសម្រេចក្នុងពេលបច្ចុប្បន្នទេ ។ ពេលដែលល្អប្រសើរជាងនឹងមកដល់ក្នុងពេលឆាប់ៗ ដោយ «ព្រះអម្ចាស់នឹងគ្រងរាជនៅផែនដីទាំងមូល» ។ សម្រាប់ពេលសព្វថ្ងៃ យើងត្រូវតែរង់ចាំ និងបម្រើ ហើយសង្ឃឹម ព្រោះយើងនឹងមិនរង់ចាំជារៀងរហូតទេ ។
ខគម្ពីរជញ្ជឹងគិត៖ ទំនុកដំកើង ១៣០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១ពង្សាវតាក្សត្រ ១៩-២០ និង ម៉ាថាយ ១០:២៤-៤២