
សហព័ន្ធទៀងត្រង់
ដោយDave Branon
December 2, 2015
មានកីឡាករមួយក្រុម ត្រូវបានគេដាក់ឈ្មោះឲ្យក្រុមរបស់ខ្លួនថា សហព័ន្ធទៀងត្រង់ ប៉ុន្តែ តាមពិត កីឡាករមួយក្រុមនេះគ្រាន់តែជាបុរសមួយក្រុម ដែលមកជួបជុំគ្នា នៅពេលអាហារថ្ងៃត្រង់ ដើម្បីលេងបាល់បោះប៉ុណ្ណោះ។ ពេលកីឡាករប្រកួតម្តងៗ ពួកគេមិនខ្លាចការត្មេះតិះដៀល ទាំងព្យាយាមជៀសវាងកំហុសណាមួយ ដែលធ្វើឲ្យទស្សនិកជនផ្ទុះកំហឹង ហើយអ្វីដែលសំខាន់នោះ គឺពួកគេព្យាយាមប្រកួតដោយយុត្តិធម៌ និងបង្ករនូវភាពសប្បាយរីករាយ។ ពួកគេចូលចិត្តប្រកួតប្រជែង ហើយមិនចង់ចាញ់គេទេ ប៉ុន្តែ ពួកគេសុទ្ធតែទទួលស្គាល់ថា ភាពទៀងត្រង់ និងភាពស្មោះត្រង់ ជាចំណុចសំខាន់បំផុត ដែលគួរតែគ្របដណ្តប់បរិយ៉ាកាសនៃការប្រកួត។ យ៉ាងណាមិញ ព្រះគម្ពីរបានចែងយ៉ាងច្បាស់អំពីសារៈសំខាន់នៃភាពទៀងត្រង់។ ហើយកាលណាយើងមានភាពទៀងត្រង់ នោះមានន័យថា យើងកំពុងថ្វាយសិរីល្អដល់ព្រះហើយ។ ព្រះទ្រង់បានបង្ហាញអំពីមូលហេតុ ដែលយើងត្រូវ “ដើរ ដោយភាពទៀងត្រង់ ឬដោយចិត្តដែលគ្រប់លក្ខណ៍”(ទំនុកដំកើង ២៦:១១)។ អ្នកដែលប្រព្រឹត្តដោយទៀងត្រង់ នោះក៏ដើរដោយទុកចិត្ត ដោយសន្តិភាពនៅក្នុងចិត្ត ដែលគេមិនឃើញមាន ក្នុងជីវិតរបស់ “អ្នកណាដែលបង្ខូចផ្លូវខ្លួន”(សុភាសិត ១០:៩)។ អ្នកដើរតាមព្រះ ដែលរស់នៅដោយភាពទៀងត្រង់ បានទទួលការការពារពីព្រះ ដោយសារពួកគេមានការទុកចិត្តលើព្រះ ដ្បិតអ្នកនោះរង់ចាំជំនួយពីព្រះអង្គ ក្នុងការរស់នៅ ជាជាងធ្វើអ្វីតាមចិត្តខ្លួនឯង(ទំនុកដំកើង ២៥:២១)។ ហើយអ្នកដែលមានចិត្តទៀងត្រង់ នឹងបានទទួលការដឹកនាំ និងទិសដៅច្បាស់លាស់ពីព្រះ(សុភាសិត ១១:៣)។ ហេតុអ្វីបានជាយើងគួរតែ យកចិត្តទុកដាក់ចំពោះ “ភាពទៀងត្រង់” ក្នុងការរស់នៅ? ព្រោះការស្តាប់បង្គាប់ព្រះ ដោយភាពទៀងត្រង់ ជាការបញ្ញាក់ថា យើងទុកចិត្តព្រះអង្គ ដោយមិនស្តាយជីវិត ហើយបញ្ជាក់ថា យើងចង់បង្ហាញសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់ ដល់អ្នកដទៃ។—Dave Branon
បទគម្ពីរប្រចាំថ្ងៃ
អ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់ នោះក៏ដើរដោយទុកចិត្ត តែអ្នកណាដែលបង្ខូចផ្លូវខ្លួន នោះមនុស្សទាំងឡាយនឹងស្គាល់គេច្បាស់ដែរ។—សុភាសិត ១០:៩