
នរណាជាចៅហ្វាយ?
ដោយBill Crowder
February 7, 2017
ថ្ងៃមួយ ភរិយាខ្ញុំបានទៅមើលចៅប្រុសពីរនាក់ នៅផ្ទះរបស់ពួកគេ។ ចៅទាំងពីរក៏បានចាប់ផ្តើមឈ្លោះគ្នា ដណ្តើមគ្រឿងលេងមួយ។ ភ្លាមៗនោះ នេធិន(Nathan) ដែលជាកូនប្អូន មានអាយុ៣ឆ្នាំក៏បានបង្គាប់ខាំមេរ៉ុន(Cameron) ដែលជាបងប្រុស ឲ្យចូលទៅបន្ទប់របស់ខ្លួនទាំងបង្ខំ។ ខាំមេរ៉ុន ក៏ចាប់ផ្តើមដើរតម្រង់ទៅរកបន្ទប់របស់ខ្លួន ទាំងទឹកមុខស្រង៉ូតស្រង៉ាត់។ ពេលនោះ ភរិយារបស់ខ្ញុំក៏បានប្រាប់ខាំមេរ៉ុនថា “ខាំមេរ៉ុន ចៅមិនចាំបាច់ត្រូវចូលក្នុងបន្ទប់របស់ចៅទេ នេធិន(Nathan) មិនមែនជាចៅហ្វាយរបស់ចៅទេ!” ពេលខាំមេរ៉ុនដឹងថា នេធិនមិនមែនជាចៅហ្វាយរបស់ខ្លួនទេ គាត់ក៏ញញឹម រួចអង្គុយចុះ ហើយបន្តលេងទៀត។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំថា មនុស្សម្នាក់ៗមានភាពទន់ខ្សោយ ដែលងាយនឹងស្ថិតនៅក្រោម ការគ្រប់គ្រងរបស់អំពើបាប។ អំពើបាបតែងតែគំរាមកំហែងចង់គ្រប់គ្រងចិត្ត និងគំនិតយើង ហើយព្យាយាមធ្វើឲ្យយើងបាត់បង់ក្តីអំណរ ក្នុងការប្រកបជាមួយព្រះសង្រ្គោះរបស់យើង។ ប៉ុន្តែ តាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញ របស់ព្រះគ្រីស្ទ យើងអាចមានជ័យជម្នះលើអំពើបាប។ អំពើបាបគ្មានអំណាចមកលើយើងទៀតទេ។ ហេតុនេះហើយ បានជាសាវ័កប៉ុលបានមានប្រសាសន៍ថា “បាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ ដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យ គឺនៅក្រោមព្រះគុណវិញ”(រ៉ូម ៦:១៤)។ ទោះយើងមានភាពប្រេះបែកក៏ដោយ ក៏ព្រះគុណព្រះគ្រីស្ទនៅតែជួយឲ្យយើងរស់នៅ តាមរបៀបដែលគាប់ព្រះទ័យព្រះ ហើយបង្ហាញដល់លោកិយ ឲ្យស្គាល់អំណាចរបស់ទ្រង់ ដែលអាចធ្វើឲ្យមនុស្សមានជីវិតផ្លាស់ប្រែ។ អំពើបាបមិនមែនជាចៅហ្វារបស់យើងទៀតទេ។ សព្វថ្ងៃនេះ យើងកំពុងរស់នៅក្នុងគ្រាព្រះគុណ និងក្នុងព្រះវត្តមាននៃព្រះយេស៊ូវ។ កាលណាយើងទទួលជឿ ហើយឲ្យទ្រង់ដឹកនាំជីវិតយើង នោះទ្រង់ក៏រំដោះយើងចេញពីចំណងនៃអំពើបាប។-Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
បាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ ដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យ គឺនៅក្រោមព្រះគុណវិញ។-ខ.១៤